2024-03-15 09:03
86

ទីក្រុងប៊្រុចសែល៖ បណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉បុ បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយ ចូលរួមផ្ដល់ជំនួយយោធាបន្ថែមទៀត មានទំហំទឹកប្រាក់ រហូតដល់៥,៥ពាន់លានដុល្លារអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន ហើយសកម្មភាពបែបនេះ ត្រូវបានរដ្ឋាភិបាលក្រុងកៀវ ចាត់ទុកជាការបង្ហាញនូវសាមគ្គីភាពដ៏ខ្លាំងក្លារបស់អឺរ៉ុប។ នេះបើតាមបណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធ (ទី១៣ ខែមីនា) បានឯកភាពគ្នា ផ្ដល់ជំនួយយោធាបន្ថែមថ្មី ចំនួន៥ពាន់លានអឺរ៉ូ ឬស្មើនឹង៥,៥ពាន់លានដុល្លារអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន ខណៈកំពុងតែតស៊ូទប់ទល់នឹងសង្គ្រាមលុកលុយរបស់រុស្ស៊ី។

    ប្រទេសប៊ែលហ្ស៊ិក កាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា ឯកអគ្គរដ្ឋទូត មកពីប្រទេសចំនួន២៧របស់ប្លុកសេរីមួយនេះ បានយល់ព្រមជាគោលការណ៍ លើផែនការគាំទ្រដល់ការផ្គត់ផ្គង់គ្រឿងសព្វាវុធ ជួយដល់រដ្ឋាភិបាលក្រុងកៀវ (Kyiv) នៅក្នុងឆ្នាំ២០២៤។ វិភាគទាន មានទំហំទឹកប្រាក់៥ពាន់លានអឺរ៉ូនេះ នឹងទៅលើមូលនិធិ ដែលគ្រប់គ្រងដោយសហភាពអឺរ៉ុប បានហៅថា ជាមូលនិធិសន្តិភាពអឺរ៉ុប។ មូលនិធិនេះ នឹងដំណើរការជាគម្រោងសងប្រាក់វិញដ៏ធំមួយ ដោយផ្តល់ឱ្យសមាជិកសហភាពអឺរ៉ុប សងប្រាក់វិញ សម្រាប់ការបញ្ជូនគ្រាប់រំសេវទៅប្រទេសផ្សេងៗទៀត។ លោក ឌីមីត្រូវ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានហៅ សកម្មភាពនវ ថា នេះជាការបង្ហាញអំពីសាមគ្គីភាពរបស់អឺរ៉ុបដ៏ខ្លាំងក្លា និងទាន់ពេលវេលា។ កាលពីខែកុម្ភៈ រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកញ្ចប់ជំនួយមិនមែនយោធា មានទំហំទឹកប្រាក់ ចំនួន៥០ពាន់លានអឺរ៉ូ ឬស្មើនឹង៥៤ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែន រហូតដល់ឆ្នាំ២០២៧។ មូលនិធិនេះ មានជំនួយឥតសំណង និង ប្រាក់កម្ចី ដែលផ្តល់ហិរញ្ញប្បទានពីថវិការបស់សហភាពអឺរ៉ុប។ ការបង្កើនមូលនិធិយោធារបស់អឺរ៉ុប បានកើតឡើង ព្រោះតែជំនួយយោធារបស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ ត្រូវជាប់គាំង នៅក្នុងសភាអាមេរិក។ ស្របគ្នានេះដែរ នាយករដ្ឋមន្រ្ដីប៉ូឡូញ ក៏បានព្រមានដល់ប្រធានសភាអាមេរិក អំពីអាយុជីវិតមនុស្សរាប់លាននាក់ នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែស្ថិតក្រោមការសម្រេចចិត្តរបស់អ្នក៕