2024-05-07 02:05
229

រដ្ឋធានីវ៉ាស៊ីតោន៖ ស្របពេលរុស្ស៊ី តែងតែប្រើប្រាស់សង្គ្រាមវោហារសាស្រ្ដ អំពីការធ្វើសមយុទ្ធកងអាវុធនុយក្លេអ៊ែរ ត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងរបស់លោកខាងលិចនោះ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ អំពីសកម្មភាពអាវុធមហាប្រល័យលោករបស់រដ្ឋាភិបាលក្រុងមូស្គូ។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ថា មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) ថា គិតត្រឹមវេលានេះ សហរដ្ឋអាមេរិក មើលមិនឃើញ មានការប្រែប្រួល ឬ ភាពមិនប្រក្រតីណាមួយ សម្រាប់គោលជំហរ នៃកងកម្លាំងយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅឡើយ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានហៅសង្គ្រាមវោហារសាស្រ្ដនុយក្លេអ៊ែររបស់រុស្ស៊ី ជាការគ្មានការទទួលខុសត្រូវ។ ការរិះគន់របស់សហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលរដ្ឋាភិបាលក្រុងមូស្គូ បានប្រកាស អំពីការធ្វើសមយុទ្ធបាញ់អាវុធនុយក្លេអ៊ែរតាក់ទិក។

ក្រុមមន្រ្ដីជាន់ខ្ពស់របស់ក្រុងមូស្គូ កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) បានប្រកាស ថា កងទ័ពរុស្ស៊ី នឹងធ្វើសមយុទ្ធយោធាមួយ ក្រោមការបញ្ជារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ដើម្បីត្រៀមខ្លួនទប់ទល់នឹងការឈ្លានពានរបស់លោកខាងលិច។ សមយុទ្ធយោធានេះ មានការរាប់បញ្ចូល ទាំងការហាត់សម ដាក់ពង្រាយ និង ប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក ក្រោយពេលវិមានក្រឹមឡាំង បានព្រមានអំពីការគំរាមកំហែង បង្កឡើងដោយបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

លោក ផាទ្រីក រ៉ៃដឺរ (Patrick Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា គិតត្រឹមវេលានេះ មន្ទីរបញ្ចកោណ មើលមិនឃើញមានការផ្លាស់ប្ដូរណាមួយ សម្រាប់គោលជំហរ នៃកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់រុស្ស៉ី។ បើទោះជាយ៉ាងនេះក្ដី ក៏មន្ទីរបញ្ចកោណ នឹងនៅតែបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត។ 

ដោយឡែក ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ ថា សមយុទ្ធយោធារបស់រុស្ស៊ី មានគោលបំណង ធានា និង ការពារនូវបូរណភាពទឹកដី និង អធិបតេយ្យរបស់ប្រទេសរុស្ស៉ី។ រីឯសមយុទ្ធនេះក៏ជាការឆ្លើយតបទៅនឹងបណ្ដាមេដឹកនាំលោកខាងលិចមួយចំនួន តាមអ្វីដែលក្រុមមន្រ្ដីក្រុងមូស្គូ បានចោទប្រកាន់ ថា ពួកគេ កំពុងតែជំរុញឱ្យមានការប្រឈមមុខខាងយោធា ដោយផ្ទាល់ រវាងរុស្ស៉ី និង សម្ពន្ធមិត្ដរបស់អង្គការណាតូ។

រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី  និង សហរដ្ឋអាមេរិក បានកាន់កាប់ឃ្លាំងអាវុធនុយក្លេអ៊ែរប្រហែល៩០ភាគរយ នៃអាវុធមហាប្រល័យលោករបស់ពិភពលោក ហើយប្រទេសមហាអំណាចទាំង២នេះ មានក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ជាង ១០ ៦០០គ្រាប់ នៅក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោក សរុប ១២ ១០០គ្រាប់។ ដោយឡែក ប្រទេសរុស្ស៉ី ត្រូវបានគេរាយការណ៍ ថា មានក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិក ចំនួន១ ៥៦០គ្រាប់៕