2024-06-20 04:06
145

រដ្ឋធានីហាណូយ៖ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃទី១៨-ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នោះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការការពារគ្នាទៅវិញទៅមក ប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយគាត់បានបើករថយន្ដស៊េរីទំនើប ផលិតដោយរុស្ស៊ី ដែលគាត់បានផ្ដល់ឲ្យមេដឹកនាំកូរ៉េខាងជើង និង បើកករថយន្ដនោះ ដឹកលោក គីម ជុងអ៊ុន ដើរកម្សាន្ដ នៅក្នុងរដ្ឋធានីរបស់ប្រទេសផ្ដាច់ការឯកោមួយនេះ ហើយឥឡូវ គាត់បានបន្ដដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

បណ្ដាញផ្សព្វផ្សាយ Kurd TV បានផ្សាយ កាលពីថ្ងៃទី១៩ ខែមិថុនា ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីអំឡុងខែកុម្ភៈ កន្លងទៅនេះ បានប្រគល់រថយន្ដស៊េរីទំនើប Aurora (អូរ៉ូរ៉ា) ផលិត ដោយប្រទេសរុស្ស៊ី ជូនដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un)។ ប៉ុន្ដែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំវិមានក្រឹមឡាំង មកកាន់រដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃទី១៨ ខែមិថុនា នោះ លោក ពូទីន បានបើករថយន្ដស៊េរីទំនើបនោះ ដឹកលោក គីម ដើរកម្សាន្ដ នៅក្នុងរដ្ឋធានីរបស់ប្រទេសផ្ដាច់ការមួយនេះ។

លោកប្រធានាធិបតី ពូទីន កាលពីថ្ងៃអង្គារ (ទី១៨ ខែមិថុនា) បានប្តេជ្ញានឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និង សន្តិសុខកាន់តែស៊ីជម្រៅ ជាមួយនឹងកូរ៉េខាងជើង ហើយគាត់បានគាំទ្រដល់ប្រទេសឯកោមួយនេះ ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ពូទីន បានធ្វើឡើង ចំពេលមានការចោទប្រកាន់របស់សហរដ្ឋអាមេរិក ថា កូរ៉េខាងជើង បានផ្គត់ផ្គង់មីស៊ីលផ្លោង និង គ្រាប់មីនជាង ១១ 000 កុងតឺន័រ ជួយដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ប្រទេសកូរ៉េខាងជើង កំពុងតែធ្វើឲ្យលោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) ប្រធានអង្គការណាតូ និង សម្ពន្ធមិត្ត កាលពីថ្ងៃអង្គារ (ទី១៨ ខែមិថុនា) បានបង្ហាញនូវការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការគាំទ្ររបស់រុស្ស៊ី អាចនឹងផ្ដល់បច្ចេកវិទ្យា ជួយដល់កម្មវិធីមីស៊ីល និង អាវុធនុយក្លែររបស់ក្រុងព្យុងយ៉ាង។
សារព័ត៌មាន CNA បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ថា ក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងជើង រួចមក លោកប្រធានាធិបតី ពូទីន បានបន្ដដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ចន្លោះពីថ្ងៃទី១៩-២០ ខែមិថុនា នៅក្នុងប្រទេសវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊ូ ទ្រុង (Nguyen Phu Trong) ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំវិមានក្រឹមឡាំង នៅក្រៅប្រទេស ខណៈគាត់កំពុងតែឯកោពីអន្ដរជាតិនោះ ហើយបាននាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ក្រុមអ្នកតាមដានគោលនយោបាយការបរទេសរបស់វៀតណាម។ បញ្ហានេះ បានកើតមានជាសំណួរលើកឡើង ថា តើរដ្ឋាភិបាលក្រុងហាណូយ ទទួលបានអ្វីខ្លះ អំពីការស្វាគមន៍ដល់លោកប្រធានាធិបតី ពូទីន ខណៈឥឡូវនេះ គាត់កំពុងតែស្ថិតក្រោមដីកាចាប់ខ្លួន ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រោមការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន?

លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានស្ថិតនៅភាពឯកោ និង រងនូវការថ្កោលទោសយ៉ាងខ្លាំង ពីអន្តរជាតិ ជុំវិញសកម្មភាពរបស់គាត់ បានបញ្ជាដល់កម្លាំងទាហានរុស្ស៊ី ចូលលុកលុយ នៅលើទឹកដីរបស់អ៊ុយក្រែន។ បច្ចុប្បន្ន មេដឹកនាំវិមានក្រឹមឡាំង រូបនេះ កំពុងស្វែងរកនូវការបន្ធូរបន្ថយ និង ការគាំទ្រ នៅក្នុងសម្ព័ន្ធមិត្ត ដែលនៅសេសសល់របស់រុស្ស៊ី មានដូចជា៖ ប្រទេសចិន កូរ៉េខាងជើង អ៊ីរ៉ង់ និង មីយ៉ាន់ម៉ា…ជាដើម។  ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់រដ្ឋធានីហាណូយ ប្រទេសវៀតណាម ចង់បង្ហាញ ថា រុស្ស៊ី នៅតែជាមហាអំណាច ដែលទទួលបាននូវការស្វាគមន៍ ពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ឬអាស៊ាន។

ស្របគ្នានឹងវត្ដមាននៅក្រៅប្រទេសរបស់លោក ពូទីន មកកាន់ប្រទេសកូរ៉េខាងជើង និង វៀតណាម នាពេលនេះ ក្រុមអ្នកឃោសនារបស់រុស្ស៊ី ទំនងជាចាត់ទុកដំណើរទស្សនកិច្ចរបស់មេដឹកនាំវិមានក្រឹមឡាំង រូបនេះ ថា ជាជ័យជម្នះខាងការទូត ប្រឆាំងនឹងសហរដ្ឋអាមេរិក និង បង្ហាញសញ្ញា ថា វៀតណាម នៅតែមិនចូលខាងភាគីរបស់ក្រុងវ៉ាស៊ីនតោន ទាំងស្រុងនោះឡើយ។ ក្រុងវ៉ាស៊ីនតោន ចាត់ទុកក្រុងហាណូយ ជាដៃគូអាស៊ាន ប្រកបដោយអាទិភាពមួយ នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ហើយបានជំរុញនូវទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង វៀតណាម ដែលកំពុងតែកើនឡើង រហូតដល់កម្រិតខ្ពស់មួយ មិនធ្លាប់មានពីមុនមក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។

លោក ង្វៀន ហ៊ូទ្រុង មេដឹកនាំដ៏មានអំណាចបំផុត នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំ២០២៣ បានធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីទទួល ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping)។ វៀតណាម ពិតជាមានការស្ទាក់ស្ទើរ ក្លាយជារដ្ឋមួយ ត្រូវប្រឈមមុខនឹងជម្លោះ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកព្រោះវៀតណាម នៅចង់រក្សាអាកប្បកិរិយាល្អ ទាំងជាមួយចិន និង សហរដ្ឋអាមេរិក។ ប៉ុន្ដែឥឡូវ លោក ង្វៀន ហ៊ូទ្រុង មេដឹកនាំកំពូលរបស់វៀតណាម ប្រហែលជាចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ពូទីន ជាមេដឹកនាំមួយទៀត នៅក្នុងមួកការទូតរបស់គាត់ ដូច្នេះហើយទើបគាត់បានអញ្ជើញមេដឹកនាំរុស្ស៊ី មកកាន់ប្រទេសរបស់គាត់។

វត្តមានរបស់លោក ពូទីន នៅទីក្រុងហាណូយ ក៏អាចទទួលបាននូវការអបអរសាទរ ពីបក្សកុម្មុយនិស្ដវៀតណាម ដែលនៅតែស្រលាញ់រុស្ស៊ី យ៉ាងជ្រាលជ្រៅ។ រីឯមនុស្សជាច្រើន នៅតែមានអារម្មណ៍អាឡោះអាល័យ ចំពោះសហភាពសូវៀត និង ដឹងគុណ ចំពោះការគាំទ្ររបស់សូវៀត មកលើវៀតណាម នៅក្នុងអំឡុងសង្គ្រាម ប្រឆាំងនឹងបារាំង និង សហរដ្ឋអាមេរិក៕