2024-05-27 09:05
275

រាជធានីម៉ាឌ្រីដ៖ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក បណ្ដាប្រទេសលោកខាងលិច ក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏ច្រើនបំផុត សម្រាប់កងទ័ពអ៊ុយក្រែន ហើយឥឡូវនេះ ប្រទេសអេស្ប៉ាញ បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ រហូតដល់ ១,២៣ពាន់លានដុល្លារ ដោយក្នុងនោះមានទាំងប្រព័ន្ធការពារដែនអាកាសផេទ្រីយ៉ូត និង រថក្រោះ ផលិតដោយអាល្លឺម៉ង់ ផងដែរ។
   ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស៉្បាញ El Pais បានរាយការណ៍ កាលពីព្រឹក ថ្ងៃចន្ទ ថា រដ្ឋាភិបាលក្រុងម៉ាឌ្រីដ គ្រោងនឹងបញ្ជូនមីស៊ីល សម្រាប់ប្រព័ន្ធ Patriot និង រថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែន  ក្រោមកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់១,២៣ពាន់លានដុល្លារអាមេរិក ដែ បានប្រកាស កាលពីខែមេសា។ 
   អេស៉្បាញ នឹងប្រគល់មីស៊ីល សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ចំនួនជាង១០គ្រាប់ ឱ្យទៅអ៊ុយក្រែន ព្រមទាំងរថក្រោះ Leopard 2A4 មួយទឹក ផលិតដោយអាល្លឺម៉ង់ ចំនួន១៩គ្រឿង រួមទាំងគ្រឿងសព្វាវុធផ្សេងៗទៀត ផលិតដោយប្រទេសអេស៉្បាញ  មានដូចជា ឧបករណ៍ប្រឆាំងនឹងដ្រូន និង គ្រាប់រំសេវ។ ជំនួយយោធាទាំងនេះ ស្ថិតក្នុងកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ១,២៣ពាន់ដុល្លារ ដែលរដ្ឋាភិបាលអេស៉្បាញ បានប្រកាស កាលពីខែមេសា។
   ការប្តេជ្ញាផ្តល់សព្វាវុធថ្មីទាំងនេះ  នឹងត្រូវប្រកាសជាផ្លូវការ នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី មកកាន់ទីក្រុងម៉ាឌ្រីដ នាថ្ងៃចន្ទ ទី២៧ ខែឧសភា។ មេដឹកនាំអ៊ុយក្រែន រូបនេះ ក៏នឹងជួបនាយករដ្ឋមន្រ្តី លោក ផេដ្រូ សានឆេស (Pedro Sanchez) និងព្រះមហាក្សត្រអេស្ប៉ាញ  ហ្វេលីប ទី៦ (Felipe VI) ផងដែរ៕