2024-02-22 11:02
97

រដ្ឋធានីវ៉ាស៊ីនតោន៖ សង្គ្រាមដេញតាមកម្ទេចក្រុមហាម៉ាស់ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ នៅតំបន់ហ្កាហ្សា ហើយវាបានឆក់យកអាយុជីវិតជនស៊ីវិល យ៉ាងតិច ជាង ២៩ ៣០០នាក់ ដោយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន៧០ភាគរយ ជាស្រ្ដី និង កុមារ ហើយសកម្មភាពបែបនេះ បាននាំឲ្យមានការថ្លោលទោសយ៉ាងខ្លាំង ពីបណ្ដាមេដឹកនាំពិភពលោក ខណៈប្រទេសជាង៥០ កំពុងតែផ្ដល់ទឡ្ហីករណ៍ដល់តុលាការយុត្ដិធម៌អន្ដរជាតិ ប៉ុន្ដែសហរដ្ឋអាមេរិក បានប្រាប់ដល់តុលាការកំពូលរបស់ពិភពលោកមួយនេះ មិនគួរចេញបទបញ្ជាណាមួយដល់អ៊ីស្រាអែល ឲ្យដកកងទ័ពរបស់ពួកគេ ដោយមិនមានលក្ខខណ្ឌសន្ដិសុខ ចេញពីដែនដីរបស់ប៉ាឡេស្ទីន នោះឡើយ។
   គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សហរដ្ឋអាមេរិក បានប្រាប់ដល់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ថា  តុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ មិនគួរចេញបទបញ្ជាដល់ប្រទេសអ៊ីស្រាអែល ឲ្យដកកងទ័ពរបស់ពួកគេ ចេញពីទឹកដីរបស់ប៉ាឡេស្ទីន ដោយមានលក្ខខណ្ឌ និង មិនមានការធានាដល់សន្ដិសុខនោះឡើយ។

   តុលាការយុត្ដិធម៌អន្ដរជាតិ ដែលគេស្គាល់ ជាតុលាការកំពូលរបស់ពិភពលោក កំពុងតែបើកសវនាការ ពីប្រទេសជាង៥០ អស់រយៈពេលមួយសប្ដាហ៍មកហើយ ដើម្បីបង្ហាញអំពីទឡ្ហីករណ៍របស់ពួកគេ លើបញ្ហា នៃមតិដែលមិនជាប់ពាក់ព័ន្ធលើផលវិបាកតាមផ្លូវច្បាប់ ចំពោះការកាន់កាប់របស់អ៊ីស្រាអែល នៅលើទឹកដីរបស់ប៉ាឡេស្ទីន។
   ក្រុមតំណាងជាច្រើនមុនដំបូង មកពីប្រទេសអាហ្វ្រិកខាងត្បូង និង អារ៉ាប៊ីសាអូឌីត (Saudi Arabia) បានទាមទារ ដែលអ៊ីស្រាអែល បញ្ចប់នូវការកាន់កាប់របស់ខ្លួន នៅលើទឹកដីរបស់ប៉ាឡេស្ទីន ដែលបានកើតឡើង ក្រោយជ័យជម្នះរបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាម រយៈពេល៦ថ្ងៃ រវាងអារ៉ាប់ និង អ៊ីស្រាអែល នៅក្នុងឆ្នាំ១៩៦៧។ ប៉ុន្ដែលោក រីឆាដ វីសេក (Richard Visek) ទីប្រឹក្សាច្បាប់ស្តីទី នៃក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី២០ ខែកុម្ភៈ) បានប្រើប្រាស់វិធីសាស្រ្ដផ្សេងទៅវិញ។
   លោក រីឆាដ វីសេក បានបញ្ជាក់ ថា «តុលាការយុត្ដិធម៌អន្ដរជាតិ មិនគួរយល់ឃើញ ថា អ៊ីស្រាអែល មានកាតព្វកិច្ចស្របច្បាប់ នៅក្នុងការដកកងទ័ពរបស់ខ្លួន ចេញភ្លាមៗ ដោយគ្មានលក្ខខណ្ឌ ពីទឹកដីរបស់ប៉ាឡេស្ទីន ដែលអ៊ីស្រាអែល បានកាន់កាប់នោះឡើយ។ រាល់សកម្មភាពណាមួយ ឆ្ពោះទៅរកការដកកងទ័ពរបស់អ៊ីស្រាអែល ចេញពីតំបន់វេស្ដបែងខ៍ ( West Bank) និង តំបន់ហ្កាហ្សា (Gaza) ទាមទារឱ្យមានការពិចារណា លើតម្រូវការសន្តិសុខយ៉ាងពិតប្រាកដ សម្រាប់ប្រទេសអ៊ីស្រាអែល»។
   លោក រីឆាដ វីសេក ទីប្រឹក្សាច្បាប់ស្តីទី នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «យើងទាំងអស់គ្នា គួរតែរម្លឹកឡើងវិញ អំពីតម្រូវការសន្តិសុខទាំងនោះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយពួកគេនៅតែបន្ត។ អ្វីដែលគួរឱ្យសោកស្ដាយ តម្រូវការទាំងនោះ មិនត្រូវបានអើពើ ដោយអ្នកចូលរួមជាច្រើន»។
   អ្វីដែលលោកទីប្រឹក្សារូបនេះ បានលើកឡើង ក៏ចង់និយាយសម្ដៅទៅលើកងជីវពលរបស់ក្រុមប្រដាប់អាវុធហាម៉ាស់របស់ប៉ាឡេស្ទីន បានឆ្មក់វាយប្រហារទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន ១ ១៣៩នាក់ ហើយភាគច្រើនបំផុត ជាជនស៊ីវិល និង បានចាប់មនុស្ស ប្រហែល២៥០នាក់ផ្សេងទៀត ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមតួលេខរបស់ Al Jazeera បានផ្អែកទៅលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។
   ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានប្រកាសធ្វើសង្គ្រាមសងសឹក ដេញតាមកម្ទេចក្រុមហាម៉ាស់ រហូតមក ដោយបានឆក់យកអាយុជីវិតរបស់អ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងតិច ២៩ ៣០០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានប្រហែល៧០ភាគរយ ជាស្រ្ដី និង កុមារ ខណៈមនុស្សជាង ៦៩ ៣០០នាក់ផ្សេងទៀត រងរបួស។ នេះបើតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរប៉ាឡេស្ទីន៕