2024-05-10 04:05
196

រាជធានីបាងកក៖ ប៉ូលិស បានបង្ក្រាប និង ឃាត់ខ្លួនក្រុមឈ្មួញរត់ពន្ធគ្រឿងញៀន ចំនួន៤នាក់ ដែលបានបានរត់ពន្ធឆ្លងកាត់ដងទន្លេមេគង្គ និង បានរឹបគ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ីន ១,៤តោន ពីផ្ទះមួយខ្នង និង ចម្ការកៅស៊ូ ស្ថិតក្នុងស្រុកសង្គម ខេត្តណងខៃ (Nong Khai) នាភាគឦសានរបស់ប្រទេសថៃ។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។

មន្ត្រីមូលដ្ឋាន មកពីប៉ុស្តិ៍នគរបាល Na Ngiew (ណាងៀវ) និង ប៉ូលិសល្បាតព្រំដែន ត្រូវបានបញ្ជូនទៅកាន់ភូមិភូខាវថុង (Phukhao Thong) ឃុំតាមប៉ុន បានមួង (Tambon Ban Muang) កាលពីយប់ ថ្ងៃពុធ បន្ទាប់ពីការស៊ើបអង្កេត បានបង្ហាញ ថា ថ្នាំញៀនមួយចំនួនធំ កំពុងតែរក្សាទុក នៅផ្ទះមួយខ្នង ស្ថិតក្នុងស្រុកសង្គម នៃខេត្តភាគឦសានរបស់ប្រទេសថៃ ជាប់នឹងព្រំដែនជាមួយនឹងប្រទេសឡាវ។ នៅក្នុងប្រតិបត្ដិការនេះ ប៉ូលិស បានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៤នាក់ កាន់ប្រអប់ក្រដាសកាតុង ដើរចូលទៅក្នុងផ្ទះមួយខ្នង។ 

ជនសង័្សយ បានឆ្លើយសារភាព ថា ពួកគេបានលាក់ទុកហេរ៉ូអ៊ីន នៅក្នុងចម្ការកៅស៊ូមួយកន្លែង នៅក្បែរនោះ។ បន្ទាប់មក ប៉ូលិស បានឆែកឆេរកន្លែងស្នាក់នៅបណ្ដោះអាសន្ន ដោយរកឃើញប្រអប់ក្រដាសកាតុង ចំនួន៩ទៀត។

ជនសង័្សយ បានបន្ដ ថា ជនជាតិឡាវមួយចំនួន បានជិះម៉ូតូដឹកហេរ៉ូអ៊ីនទៅច្រាំងទន្លេមេគង្គ នៅភូមិ Phukhao Thong ហើយបន្ទាប់មក បុរសថៃទាំងនោះ បានយកថ្នាំញៀនទៅផ្ទះ ដើម្បីរង់ចាំដឹកជញ្ជូន។

លោកស្នងការប៉ូលិសខេត្ត បានបញ្ជាក់ ថា ក្រោយការបង្ក្រាបរួចមក ប៉ូលិសបានរកឃើញថ្នាំញៀន សរុបចំនួន២០៨កញ្ចប់ ដែលមានផ្ទុកហេរ៉ូអ៊ីន ទម្ងន់ ១ ៤០៤ គីឡូក្រាម ដោយបានបានរឹបអូសពីប្រអប់កាតុង ចំនួន២៩ប្រអប់។ រីឯជនសង័្សយទាំងអស់ ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ប្រភេទទី១ (ហេរ៉ូអ៊ីន) ចូលមកក្នុងប្រទេសប្រទេសថៃ និង កាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន ។ ពួកគេត្រូវបានប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ Na Ngiew ចាត់ការតាមផ្លូវច្បាប់៕