2024-01-27 11:01
108

យោងតាមការផ្សាយ CNN កាលពីថ្ងៃសុក្រទី២៦ ខែមករា ឆ្នាំ២០២៤ នេះ បានឲ្យដឹងថា៖ ចៅក្រមបានតម្រូវឲ្យ លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ផ្តល់សំណង ចំនួន ៨៣.៣លានដុល្លារ ដល់ស្ត្រីអ្នកកាសែត និងជាអ្នកនិពន្ធម្នាក់ មានឈ្មោះ E. Jean Carroll ពីបទៈ «បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងកេរ្តិ៍ឈ្មោះលោកស្រី» ។ 

 គណៈវិនិច្ឆ័យ បាននិយាយថា៖ គណៈវិនិច្ឆ័យបាននិយាយថា លោក ដូណាល់ ត្រាំ គួរតែបង់ថ្លៃខូចខាតចំនួន ៨៣,៣លានដុល្លារ ព្រោញបានបង្ហាញពីភាពយឺតយ៉ាវផ្លូវច្បាប់បំផុតសម្រាប់អតីតប្រធានាធិបតីរូបនេះ ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាច្រើន ខណៈពេលដែលគាត់ធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោត ។ 

 លោកស្រី Carroll ដែលជាអ្នកកាសែត និងជាអ្នកនិពន្ធម្នាក់ បានអះអាងថា៖ លោក ត្រាំ បានបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងឆ្នាំ២០១៩ នៅពេលបេក្ខជនឈានមុខគណបក្សសាធារណរដ្ឋ និងនិយាយជាសាធារណៈថា៖ «លោកស្រី Carroll កុហកជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ» ។ 

 ពាក់ព័ន្ធរឿងក្តីនេះ គណៈវិនិច្ឆ័យបានសម្រេចថា លោក ត្រាំ ត្រូវបង់ប្រាក់ ចំនួន ១៨.៣លានដុល្លារសម្រាប់សំណងការខូចខាត និង ៦៥លានដុល្លារសម្រាប់ការខូចខាតជាទណ្ឌកម្ម ព្រោះសេចក្តីថ្លែងការណ៍របស់លោក ត្រាំ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងកេរ្តិ៍ឈ្មោះលោកស្រី Carroll ជាខ្លាំង ។

 សូមបញ្ជាក់ លោកស្រី Carroll បានប្តឹងចោទប្រកាន់លោក ត្រាំ ពីបទៈ រំលោភផ្លូវភេទនាងក្នុងហាងលក់ទំនិញប្រណីតនៅទីក្រុងញូវយ៉ក អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលកាលនោះលោកស្រីជាអ្នកសរសេរអត្ថបទសម្រាប់ទស្សនាវដ្តី Elle ប៉ុន្តែលោក ត្រាំ បានបដិសេធចំពោះការចោទប្រកាន់ និងផ្តល់សក្ខីកម្មនៅក្នុងតុលាការថា «លោកមិនដែលធ្លាប់ជួប Carroll ទេ»។ 

 កាលពីខែឧសភាឆ្នាំ២០២៣ គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កក៏តម្រូវឲ្យលោក ដូណាល់ ត្រាំ ផ្តល់សំណងដល់ លោកស្រី Carroll ជាទឹកប្រាក់ចំនួន ២លានដុល្លារសម្រាប់ការបំពានផ្លូវភេទ និងប្រហែល ៣លានដុល្លារសម្រាប់ការបរិហារកេរ្តិ៍ដែរ យ៉ាងណា លោក ត្រាំ បានប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​នេះ ៕