2024-04-10 10:04
39

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រទេសអ៊ីរ៉ង់ បានបញ្ជូនអាវុធរាប់សែនដើម និង គ្រាប់រំសេវយ៉ាងច្រើន ទៅឲ្យក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែន ហើយគ្រឿងសព្វាវុធ និង គ្រាប់រំសេវទាំងនោះ ត្រូវបានកងកម្លាំងសហរដ្ឋអាមេរិក រឹបអូសបាន ហើយបន្ដបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដែលកំពុងតែធ្វើសង្គ្រាម ទប់ទល់ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ថា  ក្រុមមន្រ្ដីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា) ថា សហរដ្ឋអាមេរិក បានបញ្ជូនកាំភ្លើង រាប់ពាន់ដើម និង គ្រាប់រំសេវជាង ៥០០ ០០០គ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពេលគ្រឿងសព្វាវុធទាំងនេះ ត្រូវបានរឹបអូសពីអ៊ីរ៉ង់  កាលពីឆ្នាំ២០២៣ ខណៈមានគោលដៅបញ្ជូនទៅឱ្យក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែន ។

ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹង ថា សហរដ្ឋអាមេរិក បានផ្ទេរគ្រឿងសព្វាវុធទាំងនេះ ទៅឱ្យរដ្ឋាភិបាលក្រុងកៀវ កាលពីថ្ងៃទី៤ ខែមេសា រួមមាន កាំភ្លើង AK-47 ជាង ៥ ០០០ដើម, កាំភ្លើងយន្ត, កាំភ្លើងបាញ់ស៊ីប និង គ្រាប់រំសេវជាង ៥០០ ០០០គ្រាប់។ អាវុធទាំងអស់នេះ អាចគ្រប់គ្រាន់ សម្រាប់ការបំពាក់ដល់កងពលតូចអ៊ុយក្រែន។ គ្រឿងសព្វាវុធទាំងនេះ ត្រូវបានកងទ័ពជើងទឹកសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត រឹបអូសបានពីនាវាចំនួន៤គ្រឿង ចន្លោះពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ អាវុធទាំងនេះ ត្រូវបានកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជូនទៅឱ្យក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែន។

ការផ្ទេរគ្រឿងសព្វាវុធទាំងនេះ បានកើតឡើង ចំពេលជំនួយសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់៦០ពាន់លានដុល្លាររបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបានលោក  ម៉ៃ ចនសុន (Mike Johnson) ប្រធានសភាតំណាងរាស្រ្ត មកពីគណបក្សសាធារណរដ្ឋ រារាំង ខណៈកងទ័ពអ៊ុយក្រែន កំពុងតែត្អូញត្អែរ ពីការជិតអស់គ្រាប់៕