2024-03-18 04:03
91

រាជធានីបាងកក៖ អគ្គស្នងការប៉ូលិសជាតិថៃ លោកឧត្តមសេនីយ៍ទោ ទ័រសាក់ ស៊ូវីមល់ (Torsak Suvimol) បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ថា លោកឧត្ដមសេនីយ៍ ស៊ូរ៉ាអាឆាត ហាក់ផាន (Suraachate Hakparn) អគ្គស្នងការរងរបស់ អាចនឹងត្រូវបានព្យួរតំណែង ដោយសារតែការស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីចោទប្រកាន់ ថា គាត់ជាប់ពាក់ព័ន្ធនឹងបណ្តាញល្បែងអនឡាញ។ ករណីនេះ នឹងត្រូវបញ្ចប់ នៅមុនពេលគាត់ចូលនិវត្តន៍ នៅខែកញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Bangkok Post ។ 

លោកឧត្ដមសេនីយ៍ អគ្គស្នងការប៉ូលិសថៃ បានបន្ដ ថា លោកឧត្តមសេនីយ៍ទោ ស៊ូ រ៉ា           ឆាត  ត្រូវបានកោះហៅឱ្យចូលខ្លួន នៅប៉ុស្តិ៍ប៉ូលិសតៅភូន (Tao Poon) នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើបណ្តាញធំវេបសាយល្បែងស៊ីសង BNK ។ 

លោកអគ្គស្នងការប៉ូលិសជាតិថៃ បានទទួលស្គាល់ទឡ្ហីករណ៍របស់លោកឧត្ដមសេនីយ៍ ស៊ូរ៉ាឆាត ថា គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ បានលើកយកករណីបណ្តាញល្បែងស៊ីសងតាមអ៊ិនធើរណេត Minnie ដែលលោក ស៊ូរ៉ាឆាត ជាជនសង្ស័យ។

បើទោះជាយ៉ាងណា លោកអគ្គស្នងការប៉ូលិសជាតិថៃ  បានបន្ថែម ថា ប៉ូលិស បានកោះហៅលោកឧត្ដមសេនីយ៍ ស៊ូរ៉ាឆាត ពាក់ព័ន្ធនឹងករណីមួយទៀត ពាក់ព័ន្ធនឹងបណ្តាញល្បែងស៊ីសងតាមអនឡាញ BNK Master ។ បន្ថែមពីលើនេះ លោកឧត្ដមសេនីយ៍ ស៊ូរ៉ាឆាត ក៏ត្រូវស្ថិតក្នុងការសង័្សយពីការលាងលុយផងដែរ៕