2024-03-04 08:03
91

រាជធានីបាងកក៖ ក្រោយពេលអតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីពេលថ្មីនេះ ឥឡូវ ប្អូនស្រីរបស់គាត់ ដែលត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច នៅក្នុងអំឡុងពេលកាន់អំណាចផ្សេងគ្នានោះ ក៏បានរួចផុតពីការចោទប្រកាន់ផងដែរ។
  សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីរសៀល ថ្ងៃចន្ទ ទី៤ ខែ មីនាថាតុលាការកំពូលរបស់ប្រទេសថៃ កាលពីថ្ងៃចន្ទ បានកាត់ទោសអតីតនាយករដ្ឋ            មន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដែលកំពុងតែរត់គេចខ្លួន និង មនុស្សចំនួន៥នាក់ផ្សេងទៀត ពីបទក្លែងបន្លំ និងការឃុបឃិតនៅក្នុងការ                   ផ្តល់រង្វាន់ដល់យុទ្ធនាការ ចំនួន២៤០លានដុល្លារ ដើម្បីលើកកម្ពស់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ២ពាន់ពាន់លានបាត នៅក្នុងរដ្ឋាភិបាលរបស់លោកស្រី។ ប៉ុន្ដែចៅក្រមកាន់ សំណុំរឿងព្រហ្មទណ្ឌរបស់តុលាការកំពូល បានបោះឆ្នោតជាឯកច្ឆន្ទ ៩ទល់នឹង០ ដោយបានសម្រេចឲ្យលោកស្រី រួចផុតពីទោសទណ្ឌ។ ការសម្រេចរបស់តុលាការ បានអះអាង អំពីការរកមិនឃើញ ថា រដ្ឋាភិបាលរបស់លោកស្រី មានចេតនាអនុគ្រោះដល់ភាគីណាមួយ នៅក្នុងការអនុវត្តគម្រោងទំនាក់ទំនងសាធារណៈនេះឡើយ។
  លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ ជាប្អូនស្រីបង្កើតរបស់លោក  ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ។ បច្ចុប្បន្ន លោកស្រី កំពុងតែរស់ ដោយការនិរទេសខ្លួន ដោយខ្លួនឯង នៅឯក្រៅប្រទេស អស់រយៈពេល៦ឆ្នាំមកនេះ ដើម្បីគេចវេះ អំពីការផ្ទន្ទាទោសដាក់ពន្ធនាគារ ក្រោយពេលរដ្ឋាភិបាលលោកស្រី ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ កាលពីអំឡុងឆ្នាំ២០១៤ ក្រោយពេលរដ្ឋាភិបាលបងប្រុសបង្កើតរបស់លោកស្រី ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ នៅក្នុងអំឡុងឆ្នាំ២០០៦។
   លោក ថាក់ស៊ីន  ទើបត្រូវបានដោះលែង កាលពីពេលថ្មីៗនេះ ក្រោយពេលគាត់បានជាប់ពន្ធនាគារ រយៈពេល៦ខែ ចាប់តាំងពីគាត់បានត្រឡប់ចូលប្រទេសថៃ វិញ បន្ទាប់ពីការរស់នៅ ដោយនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
   បើតាមការកត់សម្គាល់ទៅលើសំណុំរឿងរបស់លោកស្រី យីងឡាក់  គឺផ្តើមចេញមកពីពាក្យបណ្តឹងមួយ កាលពីឆ្នាំ២០២២ ហើយត្រូវបានធ្វើឡើង ដោយគណៈកម្មការជាតិបង្ក្រាប អំពើពុករលួយថៃ។ គណៈកម្មការនេះ បានប្រឆាំងនឹងលោកស្រី និង បុគ្គលចំនួន៤នាក់ទៀត ក្រោមការចោទប្រកាន់ ថា អ្នកទាំង៥នេះ បានធ្វើឱ្យប្រទេសជាតិ រងនូវការខាតបង់ តាមរយៈការមិនអនុវត្តតាមដំណើរការដេញថ្លៃ នៅក្នុងការផ្តល់កិច្ចសន្យាមួយរបស់រដ្ឋាភិបាល មានតម្លៃ២៥០លានបាត ឬស្មើនឹង៦,៧១លានដុល្លារ។ 
   ស្របគ្នានេះដែរ មេធាវីរបស់លោកស្រី យីងឡាក់ ក៏បានអះអាង ថា តុលាការកំពូលថៃ បានសម្រេចទម្លាក់ចោលសំណុំរឿងចោទប្រកាន់មកលើលោកស្រី ក្រោយការរកឃើញ ថា ឥស្សរជនថៃ ទាំង៥នាក់នេះ បានបំពេញភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ ដោយមិនបានទទួលអត្ថប្រយោជន៍អ្វី អំពីគម្រោងរបស់រដ្ឋាភិបាលនោះឡើយ។
   សូមរម្លឹកឡើងវិញ ថា តុលាការថៃ កាលពីអំឡុងឆ្នាំ២០១៧ បានផ្ដន្ទាទោសកំបាំងមុខ ប្រឆាំងនឹងលោកស្រី យីងឡាក់ ក្រោមការចោទប្រកាន់ពីបទធ្វេសប្រហែស នៅក្នុងការបំពេញតួនាទី ហើយបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធគម្រោងរបស់រដ្ឋាភិបាលលោកស្រី  ជុំវិញការជួយទិញស្រូវអង្ករប្រជាពលរដ្ឋ ដោយបានធ្វើឱ្យរដ្ឋ ខាតបង់ប្រាក់សរុប រាប់ពាន់លានដុល្លារ ។