2024-05-10 01:05
230

រដ្ឋធានីម៉ានីល៖ ស្របពេលភាពតានតឹងកំពុងតែកើនឡើង រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងម៉ានីល នៅក្នុងមួយរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់ខ្លួន ប្រភេទ B-52 ចំនួន២គ្រឿង មកចូលរួមធ្វើសមយុទ្ធយោធា រយៈពេលវែង ជាមួយនឹងកងទ័ពអាកាសរបស់ហ្វីលីពីន។
សារព័ត៌មាន Air & Space Air Force បានចេញផ្សាយ នៅដើមខែឧសភា ឆ្នាំ២០២៤ ថា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា យន្ដហោះទម្លាក់គ្រាប់បែករបស់កងទ័ពសហរដ្ឋអាមេរិក B-52 (បេ៥២) ចំនួន២គ្រឿង កំពុងតែចូលរួម នៅក្នុងការដាក់ពង្រាយរបស់ក្រុមយន្ដហោះទម្លាក់គ្រាប់បែក ចេញពីមូលដ្ឋានទ័ពអាកាសអាដឺរសេន (Andersen) កោះហ្គាំ (Guam) ស្ថិតនៅភាគខាងលិច តំបន់ប៉ាស៊ីហ្វិក សម្រាប់រយៈពេលមិនជាក់លាក់មួយ បន្ទាប់ពីបានចូលរួម នៅក្នុងការធ្វើសមយុទ្ធពហុជាតិសាសន៍ ឈ្មោះ Balikatan 2024  (បាលីកាតាន់ ២០២៤) មានមូលដ្ឋាននៅប្រទេសហ្វីលីពីន។ យន្ដហោះទម្លាក់គ្រាប់បែក B-52 BTF ទីបួន ត្រូវបានបញ្ជូនមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អស់យរយៈពេលជាច្រើនខែមកហើយ ដោយក្នុងនោះ មានយន្ដហោះទម្លាក់គ្រាប់បែក B-52 BTFs ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិ នៅលើកោះ Guam កាលពីខែកុម្ភៈ និង មីនា និង យន្ដហោះទម្លាក់គ្រាប់បែក B-52 BTF ផ្សេងទៀត ត្រូវបញ្ជូនទៅកាន់មូលដ្ឋានកងទ័ពនៅ Diego Garcia (ឌៀហ្គោ ហ្កាសៀ) ស្ថិតក្នុងមហាសមុទ្រឥណ្ឌា។

យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះហើរចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក B-52 ជាច្រើនគ្រឿង បានចាប់ផ្ដើមប្រតិបត្ដិការរបស់ខ្លួន ចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយចេញពីមូលដ្ឋានកងទ័ពអាកាស Barksdale (បាកស្ដាល) ស្ថិតក្នុងរដ្ឋ Louisiana (លូសៀនណា) នាភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក។ យន្ដហោះទម្លាក់គ្រាប់បែកទាំងនេះ ទំនងជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសមយុទ្ធ ពាក់ព័ន្ធនឹងការប្រឆាំងនឹងការដឹកជញ្ជូន ឬ ការទម្លាក់គ្រាប់មីន ប៉ុន្តែទាំងបញ្ជាការការវាយប្រហារសកល និង កងកម្លាំងអាកាសប៉ាស៊ីហ្វិក នឹងមិនធ្វើអត្ថាធិប្បាយ លើសកម្មភាពជាក់លាក់របស់យន្ដហោះដ៏ខ្លាំងក្លាទាំងនេះឡើយ។ រីឯការធ្វើសមយុទ្ធ រយៈពេល១៦ថ្ងៃនេះ នឹងនៅតែបន្ដ ហើយមានការបាញ់គ្រាប់ពិត ដូចជា យន្ដហោះរបស់កងទ័ពអាកាស ប្រភេទ AC-130 បានបាញ់បន្លិចនាវានេសាទតូចៗជាដើម។

បើតាមបញ្ជាការដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានឲ្យដឹង ថា គោលបំណង នៃល្បែងសង្គ្រាម គឺដើម្បីអនុវត្តប្រតិបត្តិការ នៅក្នុងតំបន់ដ៏ស្មុគស្មាញ និង ឆ្នេរសមុទ្ររបស់ប្រទេសហ្វីលីពីន ដើម្បីធានា និង ការពារទឹកដីដែនសមុទ្រ ដែនទឹក និង ផលប្រយោជន៍នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនេះ។

ក្រុមមន្ត្រីកងទ័ពអាកាសអាមេរិក បានបញ្ជាក់ ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52 បានហោះទៅកាន់តំបន់ជុំវិញ នៃប្រទេសហ្វីលីពីន ដោយចេញពី Barksdale បន្ទាប់មកយន្ដហោះទាំងនោះ នឹងវិលត្រឡប់ទៅកាន់មូលដ្ឋានកងទ័ពអាកាស Andersen នៅលើកោះហ្គាំ ស្ថិតក្នុងសមុទ្រប៉ាស៊ីហ្វិកវិញ៕