2024-05-29 04:05
185

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាការកាន់កាប់ផ្កាយរណបស៊ើបការណ៍នៅលើមេឃ គឺមានសារៈសំខាន់ជាទីបំផុតសម្រាប់ការការពារប្រទេសជាតិ ប្រឆាំងនឹងការគំរាមកំហែងពីសត្រូវ ដូច្នេះកូរ៉េខាងជើងនឹងមិនបោះបង់ចោលគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤។

លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់បែបនេះក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់បណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ ទទួលបរាជ័យ ក្រោយគ្រាប់រ៉ុក្កែតពាំផ្កាយរណបនេះបានផ្ទុះនៅលើអាកាស។

តាមរយៈការស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែឧសភា លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ដូច្នេះថា «ការបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍ក្នុងពេលនេះ មិនអាចសម្រេចបានតាមគោលដៅទេ ប៉ុន្តែ យើងមិនត្រូវបាក់ទឹកចិត្ត ឬបោះបង់ចោលដោយសារតែការបរាជ័យនេះទេ ផ្ទុយទៅវិញយើង ត្រូវបង្កើនការប្រឹងប្រែងទ្វេដងថែមទៀត។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីខែវិច្ឆិកា ឆ្នាំមុន បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុត យកទៅដាក់នៅគន្លងផែនដីដោយជោគជ័យ ក្រោយបរាជ័យ២លើក ក្នុងការបាញ់បង្ហោះកាលពីដើមឆ្នាំដដែលនោះ៕