2024-07-02 10:07
126

រដ្ឋធានីម៉ានីល៖ ស្របពេលមានការប្រកួតប្រជែងខាងភូមិសាស្ដ្រនយោបាយកាន់តែខ្លាំងឡើង រវាងប្រទេសមហាអំណាចលោកខាងលិច និង មហាយក្សចិន ហើយជម្លោះ រវាងរដ្ឋាភិបាលក្រុងម៉ានីល និង ក្រុងប៉េកាំង កំពុងតែឡើងកម្ដៅខ្លាំងនោះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានបញ្ចេញនូវការព្រមាន អំពីហានិភ័យ កំពុងតែកើតឡើង នៅក្នុងសមុទ្រហ្វីលីពីនខាងលិច។

សារព័ត៌មានប្រចាំថ្ងៃរបស់ហ្វីលីពីន Inquirer (អ៊ិនខ្វាយរើ) បានចេញផ្សាយ កាលពីព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ ថា បើតាមលោក ដេវ ហ្ល័រ៉ែនស៍ អនដា (Deo Florence Onda) អ្នកស្រាវជ្រាវផ្នែកសមុទ្រ ជនជាតិហ្វីលីពីន បានឲ្យដឹង ថា បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្ដ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបន្ដរេចរឹលដល់បរិស្ថាន នៅសមុទ្រហ្វីលីពីនខាងលិច (WPS) ចំពោះពេលមានជម្លោះកាន់តែខ្លាំងឡើង ជុំវិញព្រំដែនសមុទ្រ រវាងប្រទេសហ្វីលីពីន និង ចិន។

ការបំពុលបរិស្ថានដោយប្លាស្ទិក ការប្រែពណ៌ផ្កាថ្មដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ និង ការនេសាទហួសប្រមាណ កំពុងតែក្លាយជាបញ្ហាចម្បង។ បញ្ហាប្រឈម នាពេលឥឡូវនេះ កំពុងតែរុញច្រានដែនទឹកហ្វីលីពីន និង សមុទ្រចិនខាងត្បូង ដែលនៅសេសសល់ ក្លាយជាចំណុចដ៏សំខាន់បំផុតមួយ។

អ្នកជំនាញជនជាតិហ្វីលីពីន រូបនេះ កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ជាក់ នៅក្នុងកិច្ចសន្ទនា ដែលបានរៀបចំឡើង ដោយនាយកដ្ឋានកិច្ចការបរទេស នៃវិទ្យាស្ថានសេវាកម្មបរទេស បានឲ្យដឹង ថា ក្រុមអ្នកវិទ្យាសាស្ត្រ មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះយើងនិយាយ អំពីទឹកដី។ ប៉ុន្តែការរេចរឹលកំពុងតែកើតឡើងជាបន្តបន្ទាប់។ អ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះ ប្រហែលជាពេលយើងឈានដល់ចំណុចមួយដែលយើងបានដោះស្រាយជម្លោះរបស់យើងរួចហើយ ព្រោះវាគ្មានអ្វីត្រូវការពារទៀតទេនោះដែរ។ កិច្ចខិតខំប្រឹងប្រែង កំពុងតែបន្ត ដើម្បីលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀត វិលមករកតុចរចា និង ដោះស្រាយបញ្ហាបរិស្ថាន នៅក្នុងសមុទ្រចិនខាងត្បូង។

សមុទ្រចិនខាងត្បូង មានទំហំ៣,៥គីឡូម៉ែត្រការ៉េ ហើយមានពាណិជ្ជកម្មប្រចាំឆ្នាំ ឆ្លងកាត់ដែនសមុទ្រមួយនេះ ទៅកាន់ទីផ្សាររបស់ពិភពលោក មានទំហំទឹកប្រាក់ រហូតដល់៣ពាន់ពាន់លានដុល្លារអាមេរិក។ ក្រុងប៉េកាំង តែងតែទាមទារសមុទ្រចិនខាងត្បូង ស្ទើរតែទាំងស្រុង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ចិន ទើបបង្កឲ្យមានជម្លោះ ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន រួមមាន៖ វៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី។

ស្របគ្នានេះដែរ មហាអំណាចលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក តែងតែបញ្ជូនយន្ដហោះចម្បាំង នាវាចម្បាំង និង នាវាផ្ទុកយន្ដហោះ ចូលមកល្បាតជាញឹកញាប់ នៅក្នុងសមុទ្រចិនខាងត្បូង ក្រោមហេតុផល ថា ពួកគេត្រូវតែអនុវត្ដតាមច្បាប់អន្ដរជាតិ និង សេរីភាពបើកចំហ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕