2024-05-28 04:05
181

រដ្ឋធានីសេអ៊ូល៖ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅច្រកសមុទ្រតៃវ៉ាន់ ចំពេលប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ចូលកាន់តំណែង គ្រប់គ្រងនៅលើដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យនោះ មេដឹកនាំមកពីប្រទេសកូរ៉េខាងត្បូង ចិន និង ជប៉ុន កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ បានអះអាងជាថ្មី ក្នុងអំឡុងកិច្ចប្រជុំកំពូលដ៏កម្រមួយ ថា គោលបំណងដ៏សំខាន់របស់ប្រទេសទាំង៣នេះ គឺលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េខាងជើង ហើយបង្កើននូវកិច្ចសហប្រតិបត្ដិការឲ្យកាន់តែស៊ីជម្រៅ លើទំនាក់ទំនងពាណិជ្ជកម្ម។ នេះបើតាមបណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា។

កិច្ចប្រជុំកំពូលដ៏កម្រ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចចរចាត្រី ភាគីរបស់ប្រទេសទាំងនេះ មានការការចូលរួម ពីលោក យូន ស៊ុកយូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង, លោក លី គាង (Li Qiang) នាយករដ្ឋមន្រ្ដីចិន និង លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន។

ស្របពេលកូរ៉េខាងជើង មិនទាន់មានរបៀបវារៈជាផ្លូវការ កាលពីប៉ុន្មានម៉ោង នៅមុនពេលមេដឹកនាំទាំង៣ប្រទេសជួបនោះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្រកាស ថា កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបចារកម្មមួយទៀត ចូលទៅក្នុងគន្លងតារាវិថី។ សកម្មភាពរបស់កូរ៉េខាងជើង ជាទង្វើមួយដែលបំពារបំពានទៅលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានរារាំងដល់រដ្ឋាភិបាលក្រុងព្យុងយ់ាង ពីការសាកល្បងបច្ចេកវិទ្យាបាញ់ផ្លោង។

លោកប្រធានាធិបតី យូន និង លោកនាយករដ្ឋមន្រ្ដី គីស៊ីដា បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដោយបានជំរុញឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង បញ្ឈប់នូវការបាញ់បង្ហោះមីស៊ីលផ្លោងបែបនេះ ព្រោះមេដឹកនាំកូរ៉េខាងត្បូង បានអះអាង ថា សកម្មភាពបែបនេះ នឹងបំផ្លាញដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ លោក យូន ស៊ុកយូល ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានអំពាវនាវឱ្យមានការឆ្លើយតបជាអន្តរជាតិ លើការសម្រេចចិត្តបែបនេះ ប្រសិនបើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅតែបន្តការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទី៤របស់គាត់។ សកម្មភាពទាំងនេះ ត្រូវបានក្រុងសេអ៊ូល អះអាង ថា វាជាជំនួយបច្ចេកទេសរបស់រុស្ស៊ី ជាថ្នូរនឹងការបញ្ជូនគ្រឿងសព្វាវុធ ទៅជួយដល់រដ្ឋាភិបាលក្រុងម៉ូស្គូ សម្រាប់ការប្រើប្រាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន នៅលើទីដីរបស់អ៊ុយក្រែន។

បើទោះជាយ៉ាងណា ប្រទេសចិន ជាសម្ពន្ធមិត្តដ៏សំខាន់បំផុត និង ជាអ្នកផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់ប្រទេសកូរ៉េខាងជើង នៅតែបន្ដរក្សានូវភាពស្ងៀមស្ងាត់គួរឱ្យកត់សម្គាល់ លើបញ្ហានេះ។ ទន្ទឹមគ្នានេះដែរលោក លី គាង នាយករដ្ឋមន្ត្រីចិន ក៏មិនបានលើកឡើង អំពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង នៅក្នុងអំឡុងពេលសន្និសីទដ៏ខ្លីនោះឡើយ។

សេចក្តីថ្លែងការណ៍រួម ត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចចរចានោះ ប្រទេសកូរ៉េខាងត្បូង-ចិន-ជប៉ុន បានប្រើប្រាស់ភាសាមួយ ដោយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំង៣ ចំពោះ«ការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ» ដោយបញ្ជាក់ ថា សន្តិភាព«បម្រើដល់ផលប្រយោជន៍រួមរបស់យើង និង ជាការទទួលខុសត្រូវរួមរបស់យើង»

ដោយឡែក កូរ៉េខាងជើង បានវាយបកតបតវិញភ្លាមៗ ដោយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយអ្នកនាំពាក្យ ក្រសួងការបរទេស ថា «ដើម្បីពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ នៅថ្ងៃនេះ គឺជាការបង្ករឿងខាងនយោបាយយ៉ាងធ្ងន់ធ្ងរបំផុត»។ រីឯការចរណាមួយ ស្ដីអំពីការរំសាយអាវុធនុយក្លេអ៊ែរ នឹងរំលោភទៅលើគោលជំហរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង ព្រោះជារដ្ឋនុយក្លេអ៊ែរ។

បើទោះជាយ៉ាងនេះក្តី បើនិយាយាពីការពិតត្រង់ ថា រដ្ឋាភិបាលក្រុងសេអ៊ូល, ក្រុងតូក្យូ និង ក្រុងប៉េកាំង កំពុងស្វែងរកនូវការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី ហើយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ដែលជាសញ្ញាដ៏ល្អសម្រាប់កិច្ចព្រមព្រៀង នាពេលអនាគត លើប្រធានបទដ៏លំបាក ដូចជា អាវុធនុយក្លេអ៊ែររបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

កូរ៉េខាងត្បូង មិនមានអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្ដែប្រទេសអាស៊ីបូព៌ាមួយនេះ ត្រូវបានការពារ ក្រោមឆត្រអាវុធមហាប្រល័យលោករបស់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្នុងការបង្ហាញកម្លាំង ប្រឆាំងនឹងកូរ៉េខាងជើង៕