2024-06-27 02:06
136

រដ្ឋធានីមូស្គូ៖ ស្របពេលស្ថានការណ៍របស់ពិភពលោក នាពេលបច្ចុប្បន្នកំពុងតែតានតឹងយ៉ាងខ្លាំង ទាំងការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ ក៏ដូចជា សង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន និង ជម្លោះនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល-ហាម៉ាស់ កំពុងតែផ្ទុះយ៉ាងសន្ធោសន្ធៅនោះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាដល់កងកម្លាំងនុយក្លេអ៊ែររបស់គាត់ ឲ្យបញ្ចេញមីស៊ីលអន្ដរទ្វីបយុទ្ធសាស្រ្ដ ធ្វើសមយុទ្ធនុយក្លេអ៊ែរចុងក្រោយបំផុត។

សារព័ត៌មានរបស់អង់គ្លេស Daily Mail បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា កងកម្លាំងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងតែធ្វើសមយុទ្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ចំពេលកម្មវិធីសមយុទ្ធយោធាជាយុទ្ធសាស្ត្រ កំពុងតែបន្ដ តាមរយៈបញ្ចេញនូវមីស៊ីលផ្លោងអន្តរទ្វីបដ៏គួរឱ្យភ័យខ្លាច នៅក្នុងវីដេអូថ្មី ត្រូវបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមិថុនា) នេះ។

បើតាមវីដេអូ មិនបានបញ្ជាក់ពីពេលថ្ងៃខែនោះ បង្ហាញអំពីការចល័តមីស៊ីលបាល្លិស្ទីកអន្ដរទ្វីបយ៉ាស (Yars intercontinental ballistic missiles) ហៅកាត់ ICBM ជាច្រើនគ្រាប់ កំពុងតែបញ្ចេញពីខ្លាំង ធ្វើដំណើរចូលទៅក្នុងទីតាំងមានព្រៃ នៅទីក្រុងអ៊ែរគូតស្ក៍ (Irkutsk) ជាទីក្រុងដាច់ស្រយ៉ាល នៃតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់វាយប្រហារដ៏ខ្លាំងក្លា។ មីស៊ីលទាំងនោះ អាចហោះចូលទៅក្នុងលំហអាកាស នៅក្នុងល្បឿន រហូតដល់ជិត ៣១ ០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាអាចវាយប្រហារទៅដល់គោលដៅ នៅក្នុងចម្ងាយជាង ១២ ០០០គីឡូម៉ែត្រ ដោយមានលទ្ធភាពវាយប្រហារទៅលើតំបន់អឺរ៉ុប និង សហរដ្ឋអាមេរិក។ មីស៊ីលអន្ដរទ្វីប Yars ក្លាយជាអាវុធវាយប្រហារដ៏សំខាន់នៅលើដី សម្រាប់កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្រ្ដរបស់រុស្ស៊ី។

ការធ្វើសមយុទ្ធនុយក្លេអ៊ែរចុងក្រោយរបស់រុស្ស៊ី បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរុស្ស៊ី និង បណ្ដាប្រទេសជាសមាជិកអង្គការណាតូ ជុំវិញសង្រ្គាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន។ ជម្លោះ រវាងក្រុងមូស្គូ និង ក្រុងកៀវ បាន និង កំពុងតែជំរុញឲ្យទំនាក់ទំនងការទូតរបស់លោកខាងកើត-លោកខាងលិច ធ្លាក់ដល់ចំណុចទាបបំផុត ចាប់តាំងពីវិបត្តិមីស៊ីល នៅក្នុងប្រទេសគុយបា កាលពីអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០មក៕