2024-05-29 04:05
184

រដ្ឋធានីវ៉ាស៊ីនតោន៖ សង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង ចិន បានបន្ដរហូតមកដល់សព្វថ្ងៃ ចាប់តាំងពីរដ្ឋការរបស់លោក ដូណាល់ ត្រាំ (Donald Trump) ប៉ុន្ដែឥឡូវលោក ប្រធានាធិបតី ចូ បៃដិន (Joe Biden) ក៏បានដំឡើងពន្ធលើទំនិញយុទ្ធសាស្រ្ដរបស់ចិន រហូតដល់១០០ភាគរយ ហើយបញ្ហានេះ បានធ្វើឲ្យមានសំណួរជាច្រើន លើកឡើង ថា តើរដ្ឋាភិបាលក្រុងប៉េកាំង ចង់ធ្វើការជាមួយនឹងប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក ជាលោក ចូ បៃដិន ឬ លោក ដូណាល់ ត្រាំ ខណៈឥស្សរជនកំពូលទាំង២នាក់នេះ វិលត្រឡប់មករកសង្វៀនប្រកួតប្រជែងជាថ្មី ដើម្បីដណ្ដើមធ្វើម្ចាស់សេតវិមាន នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។

គេហទំព័របស់បណ្ដាញទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ថា រដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន  បានប្រកាស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ថា សហរដ្ឋអាមេរិក នឹងដំឡើងពន្ធបួនដងលើការនាំចូលរថយន្តអគ្គិសនី មកពីប្រទេសចិន ដោយកើនឡើង រហូតដល់១០០ភាគរយ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្ហាញអំពីគោលជំហរដ៏ជាប់លាប់របស់សហរដ្ឋអាមេរិក រឹតត្បិតទៅលើប្រទេសចិន ដោយមិនគិត ពីថាតើគណបក្សប្រជាធិបតេយ្យ ឬគណបក្សសាធារណរដ្ឋ ចូលមកាន់អំណាចនោះឡើយ។

ការបោះឆ្នោតប្រធានាធិបតីជាថ្មីរបស់សហរដ្ឋអាមេរិក នឹងធ្វើឡើង នៅក្នុងវិច្ឆិកា ខាងនេះ ហើយក្រុមអ្នកបោះឆ្នោតអាមេរិក នឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតជាថ្មី រវាងលោកប្រធានាធិបតី ចូ បៃដិន  និង អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ អតីតប្រធានាធិបតី និង ប្រធានាធិបតី ដែលកំពុងតែកាន់តំណែង ជាគូប្រជែងដ៏ស្វិតស្វាញបំផុត កាលពីអំឡុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាឆ្នាំ២០២០។ ប៉ុន្ដែឥឡូវ គូប្រជែងទាំង២នេះ បានវិលត្រឡប់មកប្រកួតប្រជែងសាជាថ្មី នៅក្នុងខែវិច្ឆិកា សម្រាប់ការដណ្ដើមកាន់កាប់សេតវិមាន។ ប៉ុន្ដែបើតាមការស្ទង់មតិ កាលពីពេលថ្មីៗកន្លងមកនេះ បង្ហាញ ថា លោក ចូ បៃដិន និង លោក ដូណាល់ ត្រាំ កំពុងតែមានប្រជាប្រិយភាព ប្រកិតប្រកើយនឹងគ្នា ហើយក៏កំពុងតែធ្វើឲ្យពិភពលោក ភាគច្រើន កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេស ប្រទេសចិន។

ក្រោយពេលលោកប្រធានាធិបតី ចូ បៃដិន បានប្រកាស អំពីការដំឡើងពន្ធទៅលើទំនិញយុទ្ធសាស្រ្ដរបស់ប្រទេសចិន មិនទាន់បានប៉ុន្មានផង លោក ដូណាល់ ត្រាំ ក៏បានប្រញាប់ប្រញាល់ ចេញមុខមកវាយប្រហារបន្ថែមទៀត ដោយលើកឡើង ថា «ប្រទេសចិន កំពុងតែស្រូបទាញយកសេដ្ឋកិច្ចរបស់យើង»។ ដូច្នេះ សហរដ្ឋអាមេរិក គួរណាស់តែដំឡើងពន្ធច្រើនជាងនេះបន្ថែមទៀត លើរថយន្តអគ្គិសនី នាំចូលមកពីប្រទេសចិន។ ស្របគ្នានេះដែរ លោកប្រធានាធិបតី ចូ បៃដិន ក៏បានបន្ទរឡើង ថា យើងចិញ្ចឹមគេយូរហើយ។

ការត្រឡប់ឆ្ពោះទៅមុខបែបនេះ បង្ហាញ ថា ប្រទេសចិន នឹងត្រូវតែប្រើប្រាស់សង្វៀននយោបាយជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលខាងមុខនេះ។ ដូច្នេះមិនថា លោកប្រធានាធិបតី ចូ បៃដិន ឬ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី ជាអ្នកណាឈ្នះនោះទេ ព្រោះគោលជំហររបស់សហរដ្ឋអាមេរិក នៅតែតឹងតែង មកលើប្រទេសចិន ហើយក៏ទំនងជាគោលនយោបាយនេះ នឹងមិនផ្លាស់ប្តូរខ្លាំងនោះដែរ។

ដោយឡែក បញ្ហាក្នុងតំបន់សំខាន់ៗជាច្រើន ដូចជា ទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ ភាពជាអ្នកដឹកនាំរបស់ពិភពលោក លោក ដូណាល់ ត្រាំ ប្រហែលជាផ្ដល់អំណោយផលតិចតួច សម្រាប់ប្រទេសចិន និង លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)។

ជាមួយគ្នានេះដែរ យុទ្ធសាស្រ្តរបស់លោកប្រធានាធិបតី បៃដិន មានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ នៅក្នុងពហុភាគីនិយម និង សម្ពន្ធភាពអន្តរជាតិ ខណៈមានការបើកចំហរបស់អ្នកកាន់តំណែងមុន សម្រាប់ការចរចា ភាពឯកោពីអន្តរជាតិ និង វោហារសាស្ត្រក្នុងស្រុក ទើបផ្តល់ឱកាសបន្ថែមទៀតដល់ប្រទេសចិន សម្រាប់ពង្រីកឥទ្ធិពលរបស់ខ្លួន នៅលើពិភពលោក និង ពង្រឹងស្ថិរភាពក្នុងប្រទេស៕