2024-02-21 07:02
108

រដ្ឋធានីហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី បានប្រកាសអំពីការលើកទឹកចិត្តថ្មី ដើម្បីជំរុញដល់ការលក់រថយន្តអគ្គិសនី ផលិតក្នុងស្រុក និង រថយន្ដអគ្គិសនីនាំចូល នៅក្នុងការលើកទឹកចិត្តចុងក្រោយរបស់ក្រុងហ្សាការតា ដើម្បីបង្កើននូវការទទួលយករថយន្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន ក៏ដូចជា ទាក់ទាញនូវការវិនិយោគដល់ឧស្សាហកម្មរថយន្ដអគ្គិសនី (EV) នៅក្នុងប្រទេស។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
   ការជំរុញទឹកចិត្តនេះ បានកើតឡើង ក្រោយផែនការលើកទឹកចិត្តកាត់បន្ថយពន្ធ ដែលបានប្រកាស កាលពីខែធ្នូ ឆ្នាំ២០២៣ សម្រាប់រថយន្ដអគ្គិសនីនាំចូលរបស់ក្រុមហ៊ុននានា ដែលប្រកួតប្រជែងចំនួននាំចូល ជាមួយនឹងរថយន្ដអគ្គិសនីផលិតក្នុងស្រុក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ក្រោមច្បាប់ថ្មី ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីល្ងាច ថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) ប្រទេសឥណ្ឌូនេស៊ី នឹងដកពន្ធយ៉ាងពិសេស ចេញពីរថយន្តអគ្គិសនី សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ និង ពន្ធនាំចូល រហូតដល់ចុងឆ្នាំ២០២៥។ ច្បាប់ថ្មីនេះ នឹងកាត់បន្ថយពន្ធលើតម្លៃបន្ថែម ពី១១ភាគរយ មកនៅត្រឹម១ភាគរយ សម្រាប់អ្នកទិញរថយន្ដអគ្គិសនី នៅឆ្នាំ២០២៤ ដោយពង្រីកនូវការកាត់បន្ថយពន្ធ ដែលបានផុតកំណត់ នៅចុងឆ្នាំ២០២៣។
   រដ្ឋាភិបាលក្រុងហ្សាការតា បានបញ្ជាក់ ថា ការលើកទឹកចិត្តបែបនេះ មានគោលបំណងជំរុញតម្រូវការក្នុងស្រុក សម្រាប់រថយន្តអគ្គិសនី ខណៈមានការទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនផលិតរថយន្ត។

   លោក រ៉ាចម៉ាត កៃមូដឌីន (Rachmat Kaimuddin) អនុរដ្ឋមន្ត្រីសម្របសម្រួល ដែលត្រួតពិនិត្យការអភិវឌ្ឍន៍វិស័យរថយន្ដអគ្គិសនី បានបញ្ជាក់ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន បានបង្ហាញពីផែនការ នៅក្នុងការដាក់លក់រថយន្តរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីរដ្ឋាភិបាល បានប្រកាស អំពីចេតនារបស់ខ្លួន នៅក្នុងការណែនាំលើកទឹកចិត្ត ដល់ការលក់រថយន្ដប្រភេទនេះ។
   ស្របគ្នាននេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់ចិន BYD ដែលជាក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោក កាលពីខែមុន បានបង្ហាញរថយន្ត EV ចំនួន៣ម៉ូដែល ដែលក្រុមហ៊ុននេះ គ្រោងនឹងលក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
   លោក រ៉ាចម៉ាត បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន នៅឯសន្និសីទសង្ខេបដាច់ដោយឡែកមួយ ថា គាត់សង្ឃឹម ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ អាចទទួលបានលទ្ធផលកាន់តែច្រើន និង ធ្វើឱ្យផលិតផលទាំងនោះ កាន់តែមានតម្លៃសមរម្យ។រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគោលបំណងចង់មានការផលិតរថយន្ដអគ្គិសនី នៅក្នុងប្រទេស រហូតដល់ ៦00 000គ្រឿង នៅត្រឹមឆ្នាំ២០៣០។ ចំនួននេះ នឹងច្រើនជាង១00ដង នៃចំនួនដែលបានលក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ៕