2024-03-14 11:03
84

រដ្ឋធានីមូស្គូ៖ ក្រោយពេលប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានព្រមានដល់មេដឹកនាំលោកខាងលិច ជាពិសេស បណ្ដាប្រទេសនៅតំបន់អឺរ៉ុប អំពីការវាយប្រហារ មកលើបណ្ដាប្រទេសជាសមាជិកអង្គការណាតូ កាលពីចុងខែកុម្ភៈ ឆ្នាំឈ២០២៤នោះមក ប៉ុន្ដែឥឡូវ មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានព្រមានជាថ្មី អំពីការត្រៀមខ្លួនរួចរាល់របស់រុស្ស៊ី សម្រាប់ការប្រើប្រាស់អាវុធមហាប្រល័យលោក។

ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃពុធ (ទី១៣ ខែមីនា) បានបញ្ជាក់ ថា រុស្ស៊ី បានត្រៀមខ្លួនរួចរាល់ នៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែង មកលើអធិបតេយ្យភាព និង ឯករាជភាពរបស់ខ្លួន។ មេដឹកនាំវិមានក្រឹមឡាំង បានចេញការព្រមានដល់លោកខាងលិចបែបនេះ បានកើតឡើង នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនការបោះឆ្នោត នៅប្រទេសរុស្ស៊ី ខណៈមានការរំពឹងទុកជាមុន ថា លោក ពូទីន នឹងជាប់ឆ្នោតកាន់កាប់អំណាចមួយអាណត្ដិ រយៈពេល៦ឆ្នាំបន្ដទៀត។

ការព្រមានពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់មេដឹកនាំរុស្ស៊ី តែងតែកើតឡើងជាញឹកញាប់ ចាប់តាំងពីក្រុងមូស្គូ បានចូលលុកលុយទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ។ ការគំរាមពីការប្រើប្រាស់អាវុធមហាប្រល័យលោកបែបនេះ បានកើតឡើង នៅក្នុងសុន្ទរកថារបស់គាត់ ថ្លែងទៅកាន់ប្រជាជាតិរុស្ស៊ី។ លោកប្រធានាធិបតី ពូទីន បានព្រមាន ថា លោកខាងលិច ដែលកំពុងតែចូលពាក់ព័ន្ធយ៉ាងជ្រៅ នៅក្នុងជម្លោះ នៅអ៊ុយក្រែន នឹងនាំឲ្យមានសង្គ្រាមនុយក្លេអ៊ែរ។

លោកប្រធានាធិបតី ពូទីន បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ហើយបានចាក់ផ្សាយតាមបណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីព្រឹក ថ្ងៃពុធ (ទី១៣ ខែមីនា) ដោយគាត់បានសង្កត់ធ្ងន់ ថា គាត់មិនចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន នោះឡើយ ហើយគាត់ក៏មិនគិត ថា ពិភពលោកនឹងធ្វើដំណើរឆ្ពោះទៅរកសង្គ្រាមនុយក្លេអ៊ែរ នោះដែរ។ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានពិពណ៌នា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ជាអ្នកនយោបាយជើងចាស់មួយរូប បានយល់ច្បាស់ អំពីគ្រោះថ្នាក់ សម្រាប់ការបង្កើនជម្លោះ។

នៅពេលមានការសាកសួរពីប្រតិកម្មរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក  អង់តូនីញ៉ូ ហ្គូទេរ៉ែស (Antonio Guterres) ចំពោះការលើកឡើងរបស់ពូទីន នោះ អ្នកនាំពាក្យ លោក ស្ដេហ្វាន់ ឌូចារីក (Stéphane Dujarric) បានអះអាង ថា «សង្គ្រាមវោហារសាស្ត្រទាំងអស់ អាចនាំឱ្យមានការគណនាខុស ឬ ការកើនឡើងជាមួយនឹងផលវិបាក នៃគ្រោះមហន្តរាយជាក់ស្តែង សម្រាប់ពិភពលោក ហើយបញ្ហានេះ ត្រូវតែចៀសវាង។

ការអត្ថាធិប្បាយរបស់លោក ពូទីន ហាក់ដូចជាសារមួយ ផ្ញើទៅកាន់លោកខាងលិច ថា គាត់បានត្រៀមខ្លួន សម្រាប់ការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារផលប្រយោជន៍របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់គាត់ ស្របតាមគោលលទ្ធិសន្តិសុខរបស់ប្រទេសរុស្ស៊ី ហើយក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីមានការគំរាមកំហែងដល់អត្ថិភាព នៃរដ្ឋរុស្ស៊ី អធិបតេយ្យភាព និងឯករាជភាពរបស់រុស្ស៊ី។

ដោយឡែក លោក ហ្កាប្រ៊ីលីស ឡែនស្បឺហ្គីស (Gabrielius Landsbergis) រដ្ឋមន្រ្ដីការបរទេសលីទុយអានី កាលពីពេលថ្មីៗនេះ បានលើកឡើងជាញឹកញាប់ ថា លោកខាងលិច ដាក់កម្រិតខ្លួនឯងជាមួយនឹងបន្ទាត់ក្រហម ដែលដាក់ដោយខ្លួនឯងទាក់ទងនឹងប្រទេសរុស្ស៊ី។ ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានស្វាគមន៍ចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង  លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) អំពីថាលទ្ធភាព នៃការបញ្ជូនទាហានរបស់លោកខាងលិច ទៅកាន់អ៊ុយក្រែន ដោយមិនអាចបដិសេធបាន។ ប៉ុន្ដែសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស បានច្រានចោល ចំពោះការបញ្ជូនទ័ពទៅកាន់អ៊ុយក្រែន៕