2024-02-02 11:02
123

រដ្ឋធានីវ៉ាស៊ីនតោន៖ ការវាយប្រហារទៅមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅតំបន់ដាច់ស្រយាល ស្ថិតក្នុងប្រទេសហ្ស៊កដានី ជិតព្រំដែនជាប់ជាមួយនឹងប្រទេសស៊ីរី បានបណ្ដាលឲ្យទាហាន ចំនួន៣នាក់ បាត់បង់ជីវិត និង ជាង៤០នាក់ផ្សេងទៀត រងរបួស ហើយសកម្មភាពបែបនេះ ធ្វើឲ្យលោកប្រធានាធិបតី ចូ បៃដិន ខឹងសម្បាយ៉ាងខ្លាំង                   ខណៈប្រទេសមហាអំណាចកំពូលលើលោកមួយនេះ បានដឹងដ្រូននោះផលិតដោយប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បើតាមបណ្ដាញទូរទស្សន៍ CBS News បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) ដោយបានដកស្រង់សម្ដីរបស់ក្រុមមន្រ្ដីសហរដ្ឋអាមេរិក អះអាង ថា គោលដៅនានា ដែលមានផែនការ សម្រាប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយដ្រូន ដែលបានសម្លាប់ទាហានរបស់ខ្លួនចំនួន៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី ដោយរាប់បញ្ចូលទាំងបុគ្គលិក និង សម្ភារសឹករបស់អ៊ីរ៉ង់ ផងដែរ។ ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក កំពុងតែវាយតម្លៃ អំពី   ដ្រូន ដែលបានបង្កឲ្យទាហានជាង៤០នាក់រងរបួស ហើយដ្រូននោះ ផលិតដោយអ៊ីរ៉ង់។ 

បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CBS News បានរាយការណ៍ ក្រោយការសន្និដ្ឋានជាច្រើនថ្ងៃ អំពីយុទ្ធសាស្រ្ដ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងសងសឹក បន្ទាប់ពីទាហានអាមេរិកាំង ចំនួន៣នាក់ បានស្លាប់ កាលពីថ្ងៃសៅរ៍ (ទី២៧ ខែមករា) និង ជាង៤០នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហារដោយដ្រូនមួយគ្រឿង មកលើមូលដ្ឋានកងទ័ពរបស់ខ្លួន។ ការស្លាប់របស់ទាហានអាមេរិក ជាលើកដំបូង បានកើតឡើង ស្របពេលស្ថានការណ៍ នៅតំបន់មជ្ឈិមបូព៌ា កំពុងតែតានតឹងខ្លាំងឡើង ចាប់តាំងពី      សង្គ្រាមរបស់អ៊ីស្រាអែល បានផ្ទុះឡើង នៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ រហូតមក។

បើទោះជាមានការប្រយុទ្ធគ្នា កាន់តែខ្លាំង នៅក្នុងសប្តាហ៍នេះ យ៉ាងណាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីសម្រេចបាននូវបទឈប់បាញ់គ្នា នៅក្នុងតំបន់របស់ប៉ាឡេស្ទីន ក៏កំពុងតែពន្លឿន។ រីឯក្រុមអ្នកសម្របសម្រួល មកពីប្រទេសកាតារ និង អេហ្ស៊ីប បានបង្ហាញដល់ក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធ គ្រប់គ្រង នៅតំបន់ហ្កាហ្សា ជាមួយនឹងសំណើជាក់ស្តែង ជាដំបូង សម្រាប់ការបញ្ឈប់នូវការប្រយុទ្ធគ្នា ត្រូវបានយល់ព្រមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សា នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីសប្តាហ៍មុន។

មន្រ្ដីប៉ាឡេស្ទីនម្នាក់ ពាក់ព័ន្ធនឹងការចរចានោះ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា អត្ថបទនេះ រំពឹង ថា នឹងមានដំណាក់កាលដំបូង រយៈពេល៤០ថ្ងៃ នៅក្នុងអំឡុងពេលដែលការប្រយុទ្ធនឹងឈប់ ខណៈក្រុមហាម៉ាស់ បានដោះលែងជនស៊ីវិល ដែលនៅសេសសល់ នៅក្នុងចំណោមចំណាប់ខ្មាំង ជាង១០០នាក់ កំពុងតែស្ថិតក្រោមកាន់កាប់របស់ពួកគេ។ រីឯ ដំណាក់កាលបន្ថែមទៀត នឹងឃើញនូវការប្រគល់ទាហានអ៊ីស្រាអែល និង សាកសពរបស់ចំណាប់ខ្មាំង។

របាយការណ៍របស់ CBS បានដកស្រង់សម្តីមន្ត្រីអាមេរិក អះអាង ថា អាកាសធាតុ នឹងក្លាយជាកត្តាមួយ នៅក្នុងការកំណត់ពេលវេលា សម្រាប់ការវាយប្រហារសងសឹករបស់អាមេរិក ខណៈក្រុងវ៉ាស៊ីនតោន ពេញចិត្តនឹងភាពមើលឃើញល្អ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជនស៊ីវិល សម្រាប់ការវាយលុករបស់ខ្លួន៕