2023-06-02 06:06
526


នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ផ្ទុះការចែករំលែកពេញប្រព័ន្ធអ៊ីនធឺណេត ក្រោយនិស្សិតប្រុសជនជាតិម៉ាឡេស៊ី អាយុ ២០ ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួននៅទីក្រុង Selangor ពីបទឃាតកម្មលើមិត្តស្រីមានផ្ទៃពោះ ដោយវះពោះយកកូនចេញ ហើយដុតរាងកាយ កាលពីសប្ដាហ៍មុននេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ជនរងគ្រោះមានអាយុ ២១ ឆ្នាំ ត្រូវជាមិត្តស្រីរបស់និស្សិតរូបនេះ ដោយអ្នកទាំងពីរបានទាក់ទងស្នេហាគ្នា ហើយក៏ថ្លោះធ្លោយមានផ្ទៃពោះមុនពេលរៀបអាពាហ៍ពិពាហ៍។


ពេលដឹងមិត្តស្រីមានផ្ទៃពោះ ជនដៃដល់ក៏បានណាត់ជួបមិត្តស្រី ដោយនាំនាងជិះឡានទៅកន្លែងមួយ ហើយក៏កើតមានការឈ្លោះប្រកែកគ្នា ដោយខាងប្រុសបានណែនាំឱ្យមិត្តស្រីខ្លួនទម្លាក់កូនចោល ព្រោះតែខ្លួនមិនទាន់ចង់បានកូន តែនារីជាគូស្នេហ៍មិនយល់ព្រម។ ជនដៃដល់បានវាយក្បាលនាង ហើយក៏យកកាំបិតចុងស្រួចចាក់សម្លាប់ និង វះពោះជនរងគ្រោះដើម្បីយកកូនចេញ។
ក្រោយមកជនដៃដល់ បានយកសពជនរងគ្រោះទៅទម្លាក់នៅចម្ការដូងប្រេងតំបន់ Jalan Sungai Limau ក្រុង Sungai Besar ជាមួយនឹងធុងសាំង។ ជនដៃដល់រូបនេះ បានព្យាយាមបំផ្លាញភស្តុតាង ដោយការដុតសពជនគ្រោះ។យោងតាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា តាមការពិនិត្យសពជនរងគ្រោះ គឺគេជឿថាសពត្រូវបានដុតចំនួន ២ ដង ដោយអាចនៅថ្ងៃទី ២២ ឧសភា ម៉ោង ១០ យប់ និង នៅថ្ងៃទី ២៤ ឧសភា ម៉ោងប្រហែល ៧ ព្រឹក មុនពេលមានសាធារណជនប្រទះឃើញ។ សាកសពជនរងគ្រោះត្រូវបានភ្លើងឆេះអស់ ៦០ ភាគរយ ហើយគេសន្និដ្ឋានថានាងមានផ្ទៃពោះប្រហែល ៤ ខែ។ ចំណែកជនជាប់ចោទមិនមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋពីមុននោះឡើយ។ រឿងក្ដីនេះ តុលាការបានសម្រេចដាក់ការកាត់ក្ដីនៅថ្ងៃទី ៣ ខែសីហា ខាងមុខនេះ៕