2024-04-10 03:04
37

រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ ប្រាក់ដុល្លារអាមេរិក កំពុងតែមានឥទ្ធិពលយ៉ាងខ្លាំង នៅលើពិភពលោក ហើយមានប្រតិបត្ដិការជាសកលប្រហែល៩០ភាគរយ និង ការធ្វើពាណិជ្ជកម្មសកល ប្រហែល៥០ភាគរយ ពាក់ព័ន្ធនឹងប្រាក់ដុល្លារអាមេរិក ប៉ុន្ដែឥឡូវ មានប្រទេសចំនួន៥ រួមមាន ប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) ចិន (China) និង អាហ្វ្រិកខាងត្បូង (South Africa) ដោយបានយកអក្សរខាងដើម នៃឈ្មោះប្រទេសរបស់ពួកគេ មកបង្កើតជាប្លុកថ្មីមួយ ឈ្មោះ BRICS កំពុងតែព្យាយាមលុបបំបាត់ឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិក ប៉ុន្ដែសកម្មភាពរបស់ប្លុកមួយនេះ អាចនឹងទទួលបានជោគជ័យតិចតួចណាស់។

សារព័ត៌មានអេឡិកត្រូនិក FX Street បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ថា ប្លុកប្រ៊ីកស៍ (BRICS) មានគោលបំណងចង់ដកហូតប្រាក់ដុល្លារអាមេរិក ចេញពីសេដ្ឋកិច្ចរបស់ពិភពលោក ដើម្បីទប់ស្កាត់អំណាច និង ឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ប៉ុន្ដែឱកាសនៃជោគជ័យ នៅក្នុងការជំនួសប្រាក់ដុល្លារអាមេរិក នៅមានកម្រិតទាបនៅឡើយ។ រីឯប្រាក់ដុល្លាររបស់អាមេរិក នឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ប្រសិនបើ BRICS ទទួលបានជោគជ័យ។

គោលដៅដ៏សំខាន់មួយរបស់បណ្តាប្រទេសជាសមាជិក BRICS គឺការដកហូតប្រាក់ដុល្លារ ចេញពីសេដ្ឋកិច្ចរបស់ពិភពលោក ព្រោះប្លុកនេះ ចង់ផ្តួលរំលំភាពផ្តាច់មុខរបស់ប្រាក់ដុល្លារអាមេរិក (USD) លើពាណិជ្ជកម្មរបស់ពិភពលោក។ បច្ចុប្បន្ន ឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិក ពិតជាអស្ចារ្យណាស់ ហើយប្រហែល៩០ នៃប្រតិបត្តិការជាសកល ពិតជានៅពាក់ព័ន្ធនឹងប្រាក់ដុល្លារអាមេរិក ហើយប្រហែល៥០ភាគរយ នៃពាណិជ្ជកម្មសកលទាំងអស់ តែងតែគិតជាប្រាក់ដុល្លារ។ នេះបើយោងតាមទិន្នន័យពីធនាគារ នៃការទូទាត់អន្តរជាតិ៕