2024-03-20 09:03
77

រដ្ឋធានីប៊ូចារ៉ែស្ដ (Bucharest)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) បានចាប់ផ្ដើមបង្កើតមូលដ្ឋានកងទ័ពដ៏ធំបំផុត នៅអឺរ៉ុបខាងកើត ស្របពេលមានសង្គ្រាមវោហារសាស្រ្ដ អំពីជម្លោះ រវាងអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់លោកខាងលិចមួយនេះ និង រុស្ស៊ី អាចឈានដល់សង្គ្រាមលោកលើកទី៣។ 

សារព័ត៌មាន Romania Isider បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ថា ដំណើរការសាងសង់ កំពុងតែចាប់ផ្ដើមដំណើរការ តាមអ្វីដែលជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់អង្គការណាតូ នៅទ្វីបអឺរ៉ុប ដើម្បីធ្វើទៅតាមកាលកំណត់ នៅតំបន់កន់ស្ដាន់តា (Constata) នាភាគខាងត្បូងរបស់ប្រទេសរ៉ូម៉ានី ដែលកំពុងតែពង្រីកមូលដ្ឋានយោធាមីហាល់កូហ្កាល់នីស៊ីនូ (Mihail Kogalniceanu)។

មូលដ្ឋានយោធារបស់អង្គការណាតូ ដែលពង្រីកនេះ នឹងគ្របដណ្តប់លើផ្ទៃដី ប្រហែល ២ ៨០០ហិកតា ហើយវានឹងអាចផ្ទុកទាហានរបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ រហូតដល់ចំនួន ១០ ០០០នាក់ ស្នាក់នៅជាអចិន្ត្រៃយ៍ ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ គម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ រហូតដល់២,៥ពាន់លានអឺរ៉ូ(លុយអឺរ៉ុប) ឬស្មើនឹងប្រហែល ២,៧១ពាន់លានដុល្លារអាមេរិក ដោយរាប់បញ្ចូលទាំងផ្លូវរត់របស់យន្ដហោះ ឃ្លាំងសម្រាប់ស្ដុកគញរឿងសព្វាវុធ ឃ្លាំងសម្រាប់ផ្ទុកយន្តហោះយោធា ព្រមទាំងសាលារៀនជាច្រើន ថ្នាក់មត្តេយ្យ ហាងលក់ទំនិញផ្សេងៗ និង មន្ទីរពេទ្យ ផងដែរ។

ដំណាក់កាលដំបូង នៃការសាងសង់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺផ្លូវចូលទៅដល់ និង បណ្តាញអគ្គិសនី ព្រមទាំងផ្លូវរត់ថ្មីរបស់យន្ដហោះ។ ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានដែលមានស្រាប់ ក៏នឹងត្រូវបានធ្វើឱ្យពេញលេញ ជាមួយនឹងកន្លែងថ្មី សម្រាប់យន្តហោះផងដែរ។

បើតាមសារព័ត៌មាន Euronews Romania បានដកស្រង់សម្ដីរបស់លោក នីកូឡេ ក្រេទូ (Nicolae Crețu) មេបញ្ជាការមូលដ្ឋានកងទ័ពអាកាសមីហាល់ កូហ្កាល់នីសេនូទី៥៧ បានបញ្ជាក់ ថា «ឃ្លាំងសម្រាប់ថែទាំ ឃ្លាំងផ្ទុកប្រេងឥន្ធនៈ គ្រាប់រំសេវ សម្ភារបរិក្ខារ សម្ភារបច្ចេកទេសកងទ័ពអាកាសចរណ៍ ម៉ាស៊ីន កន្លែងផ្តល់អាហារ កន្លែងស្នាក់នៅ អ្វីគ្រប់យ៉ាងដែលចាំបាច់ សម្រាប់គាំទ្រដល់ដំណើរការ និង បេសកកម្ម សម្រាប់មូលដ្ឋានកងទ័ពមួយនេះ»។

លោក បេន ហត់ហ្គេស (Ben Hodges) អតីតមន្រ្ដីយោធាចូលនិវត្ដន៍របស់សហរដ្ឋអាមេរិក ក៏បានចេញរំលែងព័ត៌មាននេះ នៅតាមបណ្ដាញសង្គម X ដោយនិយាយ ថា ការពង្រីកមូលដ្ឋានកងទ័ពដ៏ធំបំផុត នៅក្នុងប្រទេសរ៉ូម៉ានី គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អនុវត្ដយុទ្ធសាស្រ្ដ នៅតំបន់សមុទ្រខ្មៅ។

ដោយឡែក លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ បានព្រមានដល់បណ្ដាប្រទេសលោកខាងលិច អំពីជម្លោះរវាងអង្គការណាតូ និង រុស្ស៊ី នឹងនាំឲ្យសង្គ្រាមលោកលើកទី៣ កាន់តែខិតមកជិត បើទោះជាស្ទើរតែគ្មានអ្នកណាម្នាក់ នឹងគិតដល់សង្គ្រាមនុយក្លេអ៊ែរយ៉ាងណាក៏ដោយ៕