2024-02-14 04:02
97

(កៀវ)៖ យោធាអ៊ុយក្រែនបានអះអាងថា នៅថ្ងៃពុធនេះ កងកម្លាំងអ៊ុយក្រែន បានបាញ់កម្ទេចនាវាយោធារុស្ស៉ីឈ្មោះ Tsezar Kunikov នៅក្បែរឧបទ្វីបគ្រីមៀ ក្នុងតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

យោធាអ៊ុយក្រែនបាននិយាយដូច្នេះថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមគ្នាជាមួយកងអង្គភាពចារកម្មរបស់ ក្រសួងការពារជាតិអ៊ុយក្រែន បានកម្ទេចនាវាយោធា Tsezar Kunikov ដែលមានវត្តមានក្នុងដែនទឹករបស់អ៊ុយក្រែន ក្បែរទីក្រុង Alupka។ ទីក្រុងនេះស្ថិតនៅគ្រីមៀ ដែលជាឧបទ្វីបត្រូវរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ ភ្លាមៗបែបនេះ មិនទាន់ឃើញមានការចេញមុខអត្ថាធិប្បាយណាមួយ ពីសំណាក់រុស្ស៉ីនៅឡើយទេ ប៉ុន្តែក្នុងថ្ងៃពុធនេះ រុស្ស៉ីបានឱ្យដឹងថា កងកម្លាំងខ្លួនបានកម្ទេចដ្រូន៦គ្រឿង នៅតំបន់សមុទ្រខ្មៅ។ យោងតាមយោធាអ៊ុយក្រែន នាវា Tsezar Kunikov បានរងការវាយប្រហារពីទូកដ្រូនបំពាក់គ្រឿងផ្ទុះ ដែលបញ្ជូនទៅតាមផ្ទៃទឹក។

គួរបញ្ជាក់ថា អំលុងសង្រ្គាមជាមួយរុស្ស៉ី អ៊ុយក្រែនធ្លាប់បានអះអាងអំពី ការវាយប្រហារកម្ទេចនាវាចម្បាំងរុស្ស៉ី នៅសមុទ្រខ្មៅជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំង ការពន្លិចនាវាឈ្មោះ Ivanovets កាលពីដើមខែកុម្ភៈនេះ និងនាវារុស្ស៉ីមួយទៀតកាលពីខែធ្នូ ចុងឆ្នាំមុន។ ចំណែកឯ កាលពីខែមេសា ឆ្នាំ២០២២ ពោលគឺត្រឹមប៉ុន្មានខែក្រោយសង្រ្គាមផ្ទុះឡើង អ៊ុយក្រែនបានអះអាងអំពីការបាញ់ពន្លិចនាវាចម្បាំង Moskva ដែលជានាវាចម្បាំងតំណាងកងនាវាយោធារុស្ស៉ីប្រចាំសមុទ្រខ្មៅ៕