2024-02-26 06:02
99

(មូស្គូ)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៤មក បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ថាលោកនឹងចូលរួមឈរឈ្មោះជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីបេឡារុស នៅឆ្នាំ២០២៥ ដែលអាចនឹងពន្យារអំណាចដឹកនាំរបស់លោកដល់៣៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
   ការកត់សម្គាល់ខាងលើរបស់លោក Lukashenko ធ្វើឡើងក្នុងថ្ងៃតែមួយដែលបេឡារុសរៀបចំការបោះឆ្នោតសភាដែលត្រូវបានគណបក្សប្រឆាំង និងលោកខាងលិច ហៅថាជាការបោះឆ្នោតដ៏អាម៉ាស។ នៅលើបណ្ដាញទំនាក់ទំនងសង្គមមួយគ្រប់គ្រងដោយក្រុមការងាររបស់លោក លោក Lukashenko បានបញ្ជាក់យ៉ាងខ្លីថា « ប្រាប់ពួកគេថាខ្ញុំនឹងឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៥»។
  ការបោះឆ្នោតសភារបស់បេឡារុសកាលពីថ្ងៃអាទិត្យ គឺជាការបោះឆ្នោតថ្នាក់ជាតិដំបូងបំផុត ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលបាន នាំទៅរកបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយប្រឆាំងនឹងលោក Lukashenko។ ប៉ុន្តែ បុរសខ្លាំងរូបនេះបានប្រើប្រាស់កណ្ដាប់ដៃដែកដើម្បីបង្រ្កាប និងចាប់ខ្លួន ក្រុមអ្នកប្រឆាំងនឹងរូបលោករាប់រយនាក់ដាក់ពន្ធនាគារ និងខ្លះទៀតត្រូវរត់ភៀសខ្លួនចេញពីបេឡារុស។
  លោកស្រី Svetlana Tikhanovskaya ជាមេដឹកនាំគណបក្សប្រឆាំងរបស់បេឡារុសដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះវីដេមួយនៅលើ បណ្ដាញទំនាក់ទំនងដោយបានប្រកាសទាត់ចោលការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈសហរដ្ឋអាមេរិកក៏បានរិះគន់ការបោះឆ្នោតនេះដែរថាជាការបោះឆ្នោតសភា ដ៏អាម៉ាស៕