2024-03-25 01:03
68

រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្ដេជ្ញាផ្ដន្ទាទោស ចំពោះអ្នកនៅពីក្រោយការវាយប្រហារ នៅក្នុងសាលប្រគំតន្រ្ដី នៅទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្ស ចំនួន១៣៣នាក់ ហើយអាជ្ញាធរ បានអះអាង អំពីជនសង័្សយដ៏សំខាន់ចំនួន៤នាក់ ត្រូវបានចាប់ខ្លួន នៅជិតព្រំដែនជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។ នេះបើតាមបណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤។

 ការវាយប្រហារកាលពីថ្ងៃសុក្រ ទី២២ ខែមីនា សប្ដាហ៍មុន ទៅលើសាលទីក្រុង Crocus (ក្រូកាស់) ជាការវាយប្រហារភេរវកម្មដ៏សាហាវបំផុត នៅក្នុងរដ្ឋធានីមូស្គូរបស់ប្រទេសរុស្ស៊ី នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ រីឯការវាយប្រហារនេះ បានកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រធានាធិបិតី លោក ពូទីន បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី បន្ដគ្រប់គ្រងអាណត្ដិថ្មីរយៈពេល៦ឆ្នាំបន្ថែមទៀត។

 ដោយឡែក មន្រ្ដីអាមេរិកមួយរូប បានបញ្ជាក់ ថា ក្រុមភេរវករ ISIS បានអះអាង អំពីការទទួលខុសត្រូវ អំពីឧបទ្ទវហេតុយ៉ាងរង្គាល។ រីឯរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនមានហេតុផលណាមួយ គួរឲ្យសង័្សយ អំពីការអះអាងរបស់ ISIS

 ស្របគ្នានេះ ការវិវឌ្ឍបានជំរុញឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្ដិការជាសកល ប្រឆាំងនឹង ISIS

 បើទោះជាយ៉ាងណា អ៊ុយក្រែន បានបដិសេធ ចំពោះការជាប់ពាក់ព័ន្ធណាមួយជាមួយនឹងការវាយប្រហារនេះ ហើយបានព្រមាន ថា រុស្ស៊ី អាចប្រើប្រាស់ការវាយប្រហារបែបនេះ ជាការអនុវត្ដនូវការបន្ដឈ្លានពានរបស់ខ្លួន មកលើទឹកដីរបស់អ៊ុយក្រែន។

 គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានបញ្ជាក់ ថា ចំនួនអ្នកបាតបង់ជីវិត បានកើតឡើង រហូតដល់១៣៣នាក់។ រីឯកិច្ចការស្រាវជ្រាវ កំពុងតែបន្ដ៕