2024-01-29 01:01
116

  រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្ដេជ្ញាឆ្លើយតប ចំពោះការវាយប្រហារមកលើមូលដ្ឋានកងទ័ពរបស់ខ្លួន នៅជិតព្រំដែន រវាងប្រទេសហ្សកដានី និង ស៊ីរី ដោយបានឆក់យកទាហានអាមេរិក ចំនួន៣នាក់ និង ជាង២០នាក់ផ្សេងទៀត រងរបួស។

 បើតាមគេហទំព័ររបស់បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃច័ន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ថា កងទ័ពសហរដ្ឋអាមេរិក បានអះអះអាង ថា ទាហានរបស់ខ្លួន ចំនួន៣នាក់ បានបាត់បង់ជីវិត និង មនុស្សយ៉ាងតិច ចំនួន២៥នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារ មកលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក ស្ថិតនៅតំបន់ភាគឦសាន នៃប្រទេសហ្សកដានី ជិតព្រំដែនជាប់ជាមួយនឹងប្រទេសស៊ីរី។

 លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (២៧ ខែមករា) ថា «ស្របពេលយើងនៅតែប្រមូលភស្ដុតាង នៃការវាយប្រហារនេះ យើងដឹង ថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់ គាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់។ សហរដ្ឋអាមេរិក នឹងចាត់ទុកអ្នកដែលទទួលខុសត្រូវទាំងអស់ នៅក្នុងពេលណាមួយនិងតាមរបៀបដែលយើងជ្រើសរើស»

 ដោយឡែកក្រុមចលនាតស៊ូ នៅក្នុងប្រទេសអ៊ីរ៉ាក់ ជ្រកក្រោមឆត្រនៃក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់ បានអះអាង អំពីការវាយប្រហារ សំដៅទៅលើមូលដ្ឋានកងទ័ពបរទេស ចំនួន៣កន្លែង រួមទាំងមួយកន្លែង នៅតាមព្រំដែន រវាងប្រទេសហ្ស៊កដានី និង ស៊ីរី ផង ដែរ។ប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យ (ទី២៧ ខែមករា) បានថ្កោលទោស ចំពោះ«ការវាយប្រហារភេរវកម្ម» លើប៉ុស្តិ៍យោធាមួយកន្លែង នៅខាងក្នុងព្រំដែនរបស់ខ្លួន ជាប់ជាមួយនឹងប្រទេសស៊ីរី។ ប្រទេសហ្សកដានី អះអាង ថា ខ្លួនកំពុងតែសហការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធានាសុវត្ថិភាពដល់ព្រំដែនរបស់ខ្លួន។

 នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ជាលើកដំបូងស្តីអំពីការវាយប្រហារនេះ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និង ហ្សកដានី បានអះអាង ថាខ្លួនកំពុងតែធ្វើការជាមួយរដ្ឋាភិ        បាលក្រុងវ៉ាស៊ីនតោន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នៅមុននេះដែរ បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋហ្សកដានី បានដកស្រង់សម្តីរបស់អ្នកនាំពាក្យ នៃរដ្ឋាភិ        បាលហ្សកដានី លោក មូហាន់ណាដ មូបេឌីន (Muhannad Mubaidin) អះអាង ថា ការវាយប្រហារនេះ បានកើតឡើង នៅខាងក្រៅព្រះរាជាណាចក្រ ឆ្លងកាត់ព្រំដែន នៅក្នុងប្រទេសស៊ីរី។

 ការវាយប្រហានេះ បានកើតឡើងស្របពេលមានភាពតានតឹងយ៉ាងខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីស្រាអែល កំពុងតែបន្ដធ្វើសង្គ្រាម ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា។  នេះជាការវាយប្រហារលើកដំបូង បានបណ្ដាលឲ្យទាហានអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ស្លាប់ ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅលើប្រទេសរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និង មនុស្ស ចំនួន២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ 

 បើតាមមន្រ្ដីសុខាភិបាលហ្កាហ្សា បានអះអាង ថាសង្គ្រាមសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ បានឆក់យកជីវិតរបស់អ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងតិចជាង ២៦ ៤០០នាក់ និង ជាង ៦៥ ០០០នាក់ផ្សេងទៀត រងរបួស ចំណែកអ្នកបាត់បង់ជីវិតទាំងនោះ ប្រហែល ៧០ភាគរយ ជាស្រ្ដី និង កុមារ៕