2024-02-26 11:02
93

រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ឈានចូលដល់ឆ្នាំទី៣នោះ លោកប្រធានាធិបតី ហ្សេឡែនស្គី បានព្រមាន អំពីការវាយប្រហារជាថ្មីរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ខណៈទាហានរបស់ប្រទេសនេះ ចំនួន ប្រហែល ៣១ ០០០នាក់ បានបាត់បង់ នៅក្នុងជម្លោះនេះ។

 ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (ទី២៥ ខែកុម្ភៈ) ថា កម្លាំងទាហាន កំពុងតែព្យាយាម វាយប្រហារជាថ្មី ប្រឆាំងនឹងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នៅចុងខែឧសភា ឬ រដូវក្ដៅ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងកៀវ មានផែនការច្បាស់លាស់ សម្រាប់សមរភូមិផ្ទាល់ខ្លួន។

 មេដឹកនាំអ៊ុយក្រែន រូបនេះ បានថ្លែងរយៈពេល២ម៉ោង នៅក្នុងរយៈពេល២ម៉ោង ព្រោះជាការចាំបាច់ សម្រាប់រដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្តលោកខាងលិច ដើម្បីរក្សានូវការរួបរួមគ្នា ដោយបានព្យាករអំពីការលំបាកខាងមុខ រយៈពេលពីរខែ នៅក្នុងការវាយលុកថ្មីរបស់រុស្ស៊ី។

 លោកប្រធានាធិបតី ហ្សេឡែនស្គី បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងរដ្ឋធានីកៀវ ថា «រុស្ស៊ី នឹងរៀបចំវាយប្រហារជាថ្មី នៅដើមរដូវក្ដៅ ឬចុងខែ។ យើងនឹងរៀបចំ សម្រាប់ការវាយប្រហារទៅលើសត្រូវ។ ការវាយបករបស់អ៊ុយក្រែន បានចាប់ផ្តើម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មិនទទួលបានលទ្ធផលល្អនោះឡើយ។ ខ្ញុំជឿ ថា កងទ័ពរបស់យើង នឹងរៀបចំផែនការវាយប្រហាររបស់យើង ហើយធ្វើតាមផែនការ»

 លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៤ អ៊ុយក្រែន បានបាត់បង់កងទ័ព ចំនួន ៣១ ០០០នាក់។ នេះជាការផ្ដល់តួលេខលើកដំបូង នៃការបាត់បង់ជីវិតរបស់ទាហានអ៊ុយក្រែន សម្រាប់សង្គ្រាម រយៈពេល២ឆ្នាំមកនេះ។

 ស្របគ្នានេះ មេដឹកនាំអ៊ុយក្រែន បានបន្ថែម ថា គាត់មានជំនឿ ថា សភាសហរដ្ឋអាមេរិក គួរតែអនុម័តនូវកញ្ចប់ជំនួយយោធា និង ជំនួយហិរញ្ញវត្ថុថ្មី ជួយដល់រដ្ឋាភិបាលក្រុងកៀវ ព្រោះអ៊ុយក្រែន ចង់បានឲ្យមានសេចក្ដីសម្រេច នៅក្នុងរយៈពេលមួយខែនេះ។ កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន បានពឹងផ្អែកយ៉ាងខ្លាំងទៅលើកិច្ចគាំទ្ររបស់លោកខាងលិច ហើយសហភាពអឺរ៉ុប តែមួយបានផ្គត់ផ្គង់គ្រាប់កាំភ្លើងប្រហែល៣០ភាគរយ នៅក្នុងចំណោមគ្រាប់រំសេវ ចំនួន១លានគ្រាប់ ដែលបានសន្យា។

 លោកប្រធានាធិបតី ហ្សេឡែនស្គី បានបន្ដ ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែនិយាយកុហក ថា កងទ័ពអ៊ុយក្រែន បានបាត់បង់ជីវិត រាប់សែននាក់។ ប៉ុន្ដែបើនិយាយការពិត គឺទាហានអ៊ុយក្រែន បានស្លាប់នៅក្នុងសង្គ្រាម ចំនួន ៣១ ០០០នាក់ មិនមែនស្លាប់៣០០ ០០០នាក់ ឬក៏ ១៥០ ០០០នាក់ ដូចអ្វីដែលមេដឹកនាំរុស្ស៊ីនិយាយនោះឡើយ៕