2024-02-26 06:02
103

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កងកម្លាំងរបស់សហរដ្ឋអាមេរិក រួមជាមួយចក្រភពអង់គ្លេស បានបន្តបើកការវាយប្រហារទៅលើ គោលដៅក្រុមហ៊ូទីនៅឯប្រទេសយេម៉ែន ខណៈវាគឺជាសកម្មភាពយោធាថ្មីចុងក្រោយបំផុត ប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់មួយនេះ ដែលនៅតែបន្តការវាយប្រហាររបស់ខ្លួន លើកប៉ាល់ដឹកជញ្ជូនទំនិញនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
   សហរដ្ឋអាមេរិក បានធ្វើសកម្មភាពវាយប្រហារយោធាសឹងតែរាល់ថ្ងៃ ប្រឆាំងក្រុមហ៊ូទីដែលគ្រប់គ្រងទឹកដីភាគច្រើននៅប្រទេសយេម៉ែន និងដែលបានអះអាងថា សកម្មភាពវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកជញ្ជូន មានគោលដៅចូលរួមបង្ហាញសាមគ្គីភាព ដល់ជនជាតិប៉ាឡេស្ទីន ដែលរងគ្រោះក្នុងសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ យោធាអាមេរិក ក៏បានបាញ់ទម្លាក់យន្តហោះដ្រូន៣គ្រឿង និងកម្ទេចមីស៉ីលគ្រូសប្រឆាំងនាវា៧គ្រាប់ របស់ពួកយេម៉ែន ផងដែរ។
   រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ការវាយប្រហារយោធាទាំងនេះ គឺដើម្បីបន្តរារាំងក៏ដូចជាកាត់បន្ថយបន្ថែមទៀត នូវសមត្ថភាពរបស់ក្រុមឧទ្ទាមហ៊ូទី ហើយលោកបានព្រមានថា អាមេរិកនឹងបន្តបង្ហាញឱ្យ ពួកហ៊ូទីមើលឃើញយ៉ាងច្បាស់ថា ពួកគេនឹងទទួលរងផលវិបាកធ្ងន់ធ្ងរ បើមិនបញ្ឈប់សកម្មភាពវាយប្រហារខុសច្បាប់របស់ខ្លួនទេនោះ។ យ៉ាងណាក្តី មកទល់នឹងពេលនេះ ការវាយប្រហារយោធារបស់អាមេរិក បានបរាជ័យក្នុងការបញ្ឈប់ សកម្មភាពវាយប្រហាររបស់ក្រុមហ៊ូទី ដែលបានជះផលប៉ះពាល់ដល់ ការធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូនរបស់ពិភពលោក។
   គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ពួកហ៊ូទីបានអះអាងពីការវាយប្រហារលើកប៉ាល់ដឹកទំនិញ១គ្រឿង ជាកម្មសិទិ្ធរបស់ចក្រភពអង់គ្លេស និងការប៉ុនប៉ងវាយប្រហារដោយយន្តហោះដ្រូន ទៅលើនាវាចម្បាំងអាមេរិក១គ្រឿង ហើយពួកគេក៏បានកំណត់គោលដៅវាយប្រហារលើទីក្រុងកំពង់ផែ Eilat របស់អ៉ីស្រាអែល ដោយប្រើប្រាស់មីស៉ីលបាលិស្ទីគ និងយន្តហោះដ្រូន ផងដែរ៕