2024-02-07 03:02
101

បុរីញូវយ៉ក៖ ស្របពេលស្ថានការណ៍ នៅលើពិភពលោក កំពុងតែតានតឹងយ៉ាងខ្លាំង ពាក់ព័ន្ធនឹងសង្គ្រាមរបស់ក្រុងមូស្គូ នៅអ៊ុយក្រែន និង សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីន នោះ សហរដ្ឋអាមេរិក និង រុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ថាសហរដ្ឋអាមេរិក បានចោទប្រកាន់រុស្សី អំពីការប្រើប្រាស់                 មីស៊ីល ត្រូវបានផ្គត់ផ្គង់ ដោយកូរ៉េខាងជើង យ៉ាងតិចចំនួន៩គ្រាប់ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ស្របគ្នានោះ រុស្ស៊ី ក៏បានវាយបកទៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន វិញ ជា«អ្នកសមគំនិតដោយផ្ទាល់» នៅក្នុងការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធា            រុស្ស៉ី កាលពីខែមករា ឆ្នាំ២០២៤។

លោក វ៉ាសស៊ីលី ណេបែនស៊ីយ៉ា (Vassily Nebenzia) ឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំនៅអង្គការសហប្រជាជាតិ និង លោក រ៉ូប៊ឺត វូដ (Robert Wood) ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានចោទប្រកាន់គ្នាទៅវិញទៅមក នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីអំពីអ៊ុយក្រែន តាមស្នើរបស់ក្រុងមូស្គូ កាលពីថ្ងៃអង្គារ ៦ ខែកុម្ភៈ។

លោកឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សមាជិកទាំង១៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ថា «រហូតមកដល់ពេលនេះ រុស្ស៉ី កំពុងតែប្រើប្រាស់មីស៊ីលផ្លោង ត្រូវបានផ្គត់ផ្គង់ ដោយកូរ៉េខាងជើង ប្រឆាំងនឹងអ៊ុយក្រែន យ៉ាងតិចចំនួន៩លើក។ រុស្ស៊ី និង កូរ៉េខាងជើង ត្រូវតែទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ពួកគេ ធ្វើឲ្យខូចខាតដល់កាតព្វកិច្ច ក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ»។

ដោយឡែក លោកឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ថា «យើងមានភស្តុតាង មិនអាចប្រកែកបាន អំពីប្រព័ន្ធមីស៊ីល ប៉ាទ្រីយ៉ូត (Patriot )ត្រូវបានប្រើប្រាស់ សម្រាប់ធ្វើឲ្យយន្តហោះធ្លាក់។ ករណីនេះ យើងសង័្សយ ថា រដ្ឋាភិបាលវ៉ាស៊ីនតោន ជាអ្នកសមគំនិត ដោយផ្ទាល់ នៅក្នុងការធ្វើសកម្មភាពបែបនេះ»។

សូមជម្រាប ថា យន្តហោះ ធូ-76 របស់កងទ័ពអាកាសរុស្ស៊ី បានដឹកមនុស្ស៧៤នាក់ ហើយក្នុងនោះ មានទាហានអ៊ុយក្រែន ចំនួន៦៥នាក់ នៅក្នុងដំណើរឆ្ពោះទៅរកការដោះដូរឈ្លើយសឹករុស្ស៉ី។ ប៉ុន្ដែយន្ដហោះនេះ បានធ្លាក់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

បើទោះជាយ៉ាងណា រុស្ស៉ី និង កូរ៉េខាងជើង តែងតែបដិសេធរាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការផ្គត់ផ្គង់គ្រឿងសព្វាវុធនេះ។ ប៉ុន្ដែមន្រ្តីការទូតជាន់ខ្ពស់របស់អ៊ុយក្រែន បានចោទប្រកាន់រុស្ស៉ី អំពីការប្រើប្រាស់កិច្ចប្រជុំរបស់ក្រុមប្រឹក្សា     សន្តិសុខ ដើម្បីបំភ្លៃព័ត៌មាន អំពីការធ្លាក់យន្តហោះ ធូ-76នេះ៕