2024-04-30 08:04
35

រដ្ឋធានីវ៉ាស៊ីនតោន៖ មេដឹកនាំអ៊ីរ៉ង់ កំពុងតែប្រមូលសារពីសាធារណជនរបស់ខ្លួន ដល់សកម្មភាពតវ៉ាគាំទ្រដល់ជនជាតិប៉ាឡេស្ទីន នៅពាសពេញសហរដ្ឋអាមេរិក ប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ហើយសកម្មភាពបែបនេះ បានធ្វើឲ្យលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) មានការព្រួយបារម្ភយ៉ាងខ្លាំង  ចំពោះសកម្មភាពនយោបាយ នៅក្នុងរដ្ឋជ័រជៀ (Georgia) ជាទីដែលគាត់បានឈ្នះនូវការបោះឆ្នោតប្រធានាធិបតី ចូលមកគ្រប់គ្រងសេតវិមាន រយៈពេល៤ឆ្នាំមកនេះ។
ទស្សនាវដ្ដីរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពតវ៉ាគាំទ្រដល់ជនជាតិប៉ាឡេស្ទីន ទាក់ទិននឹងនយោបាយ ហើយអាចនឹងស្ថិតក្នុងរដ្ឋជ័រជៀ ដែលជារដ្ឋមួយជួយឲ្យគាត់ឈ្នះ នៅក្នុងការគ្រប់គ្រងសេតវិមាន កាលពី៤ឆ្នាំមុន។
បច្ចុប្បន្ន លោកប្រធានាធិបតី បៃដិន កំពុងតែប្រឈមនឹងការប្រតិកម្មយ៉ាងខ្លាំង មកពីអ្នកបោះឆ្នោតក្មេងៗ ប្រឆាំងនឹងការដោះស្រាយសង្រ្គាម រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់។ ចលនាគាំទ្រដល់ជនជាតិប៉ាឡេស្ទីន បានរាលដាល នៅតាមមហាវិទ្យាល័យនានារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រហូតមក ហើយកាលពីសប្តាហ៍មុននេះ ក៏មានបាតុកម្មមួយ ដឹកនាំដោយក្រុមនិស្សិត បានក្លាយជាបញ្ហាចាប់អារម្មណ៍ថ្នាក់ជាតិ បន្ទាប់ពីការបោសសម្អាតជំរំសាមគ្គីភាព នៅតំបន់ហ្កាហ្សា (Gaza) ហើយសកម្មភាពបែបនេះ បានបញ្ឆេះនូវការតវ៉ាសាមគ្គី នៅទូទាំងសហរដ្ឋអាមេរិក។
ការខឹងសម្បា ចំពោះការឆ្លើយតបរបស់លោកប្រធានាធិបតី បៃដិន ជុំវិញវិបត្តិនៅតំបន់មជ្ឈិមបូព៌ា បានគំរាមកំហែងដល់ការគាំទ្ររបស់អ្នកបោះឆ្នោតក្មេងៗ មកលើគាត់ ដែលជាក្រុមបោះឆ្នោតដ៏សំខាន់ សម្រាប់គណបក្សប្រជាធិបតេយ្យ។ រីឯក្រុមអ្នកបោះឆ្នោតក្មេងៗ មានអាយុ ចន្លោះពី១៨ឆ្នាំដល់២៩ឆ្នាំ ស្ទើរតែ៦០ភាគរយ បានបោះឆ្នោតជូនលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ ខណៈនិស្សិតទើបបញ្ចប់ការសិក្សា នៅតាមមហាវិទ្យាល័យនានា មានចំនួន៦១ភាគរយ បានគាំទ្រគាត់។ នេះបើតាមការវិភាគរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research (ព្យូ រីស៊ើត) មានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានរកឃើញ។
ក្រោយការទទួលបានជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០នោះ រដ្ឋជ័រជៀ នឹងនៅតែជារដ្ឋដ៏សំខាន់មួយ ដែលត្រូវគេមើលឃើញ សម្រាប់ការបោះឆ្នោតប្រធានាធិបតីជាថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុនេះ។ ប៉ុន្ដែបើទោះជារដ្ឋកាន់តែមានពណ៌ខៀវច្រើន កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះយ៉ាងណាក៏ដោយ   ទិន្នន័យចុះឈ្មោះបោះឆ្នោត ពីការិយាល័យបោះឆ្នោត បង្ហាញ ថា អ្នកមានសិទ្ធិបោះឆ្នោត អាចនឹងបង្កបញ្ហា សម្រាប់ លោកប្រធានាធិបតី បៃដិន នៅក្នុងរដ្ឋនេះ។
ស្របគ្នានេះដែរ មេដឹកនាំអ៊ីរ៉ង់ បានប្រមូលសារមកពីសាធារណជនរបស់ខ្លួន បង្កើននូវសកម្មភាពតវ៉ាគាំទ្រ ដល់ជនជាតិប៉ាឡេស្ទីន នៅតាមមហាវិទ្យាល័យនានា នៅទូទាំងសហរដ្ឋអាមេរិក ដោយចង់បង្ហាញ អំពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាមនុស្សលាក់ពុតត្បុត នៅក្នុងការដោះស្រាយបាតុកម្មរបស់ខ្លួន ទាំងក្នុងប្រទេស និង ក្រៅប្រទេស ចំពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ កាន់តែធ្ងន់ធ្ងរ ជុំវិញសង្រ្គាម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ( Gaza Strip)៕