2024-05-07 03:05
213

រាជធានីបាងកក៖ សហភាពអន្ដរជាតិផ្ដោតលើឧស្សាហកម្មផ្លូវភេទ (IUSW) បានធ្វើបច្ចុប្បន្នភាព នៅលើរបាយការណ៍របស់ខ្លួន សម្រាប់ឆ្នាំ២០២៤ បានរកឃើញអ្នករកស៊ីផ្លូវភេទ នៅលើពិភពលោក មានប្រហែលជាង៥០លាននាក់ ហើយក្នុងនោះមានស្រ្ដី ប្រហែលចំនួន៤១,៦លាននាក់ និង មានបុរស ចំនួន១០,៤លាននាក់ ខណៈប្រទេសថៃ នៅតែស្ថិតក្នុងចំណោមប្រទេសចំនួន៩ ដែលមានអ្នករកស៊ីផ្លូវភេទច្រើនជាងគេ នៅលើភពផែនដីនេះ។

សារព័ត៌មានរបស់ថៃ The Thaiger បានចេញផ្សាយ នៅដើមខែឧសភា ថា សហភាពអន្ដរជាតិផ្ដោតលើឧស្សាហកម្មផ្លូវភេទ (IUSW) មានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានរាយការណ៍ ថា ថៃ នៅតែជាប្រទេសមួយ នៅក្នុងចំណោមប្រទេសទាំង៩របស់ពិភពលោក ដែលមានអ្នករកស៊ីផ្លូវភេទច្រើនជាងគេ។ ប្រទេសថៃ មានអ្នករកស៊ីផ្លូវភេទ ចំនួន២៥០ ០០០នាក់ ហើយអ្នកប្រកបរបរផ្លូវភេទ នៅក្នុងប្រទេសនេះ នៅតែត្រូវបានគេចាត់ទុក ជាអំពើខុសច្បាប់ ខណៈពួកគេកំពុងតែបន្ដការតស៊ូ ដើម្បីសិទ្ធិការងារជាមូលដ្ឋានរបស់ពួកគេ។

អង្គការ IUSW បានចេញស្ថិតិឧស្សាហកម្មផ្លូវភេទរបស់ពិភពលោក ដោយបានធ្វើបច្ចុប្បន្នភាព នៅក្នុងឆ្នាំ២០២៤ ជាមួយនឹងការប៉ាន់ប្រមាណ អំពីអ្នករកស៊ីផ្លូវភេទ នៅទូទាំងពិភពលោក មានប្រហែលជាង៥០លាននាក់ ហើយក្នុងនោះមានស្រ្ដី ចំនួន៤១,៦លាននាក់ និង មានបុរសចំនួន១០,៤លាននាក់។ ស្របគ្នានេះ IUSW បានព្យាករ ថា ចំនួនអ្នករកស៊ីផ្លូវភេទ ទំនងជាអាចនឹងកើនឡើង នាពេលអនាគត ដោយសារតែឱកាស និង បណ្តាញកើនឡើង នៅក្នុងការផ្តល់សេវាទាក់ទងនឹងផ្លូវភេទ។

សេចក្ដីរាយការណ៍របស់អង្គការមួយនេះ ក៏បានបញ្ជាក់ អំពីប្រទេសចំនួន៩ ដែលមានអ្នករកស៊ីផ្លូវភេទច្រើនជាងគេ រួមមាន៖ ១-ប្រទេសឥណ្ឌា មានអ្នករកស៊ីផ្លូវភេទ ប្រហែល ៣លាននាក់, ២-សហរដ្ឋអាមេរិក មានអ្នករកស៊ីផ្លូវភេទ ប្រហែល១លាននាក់, ៣-ហ្វីលីពីន មានអ្នករកស៊ីផ្លូវភេទ ប្រហែល ៨០០ ០០០នាក់, ៤-ម៉ិកស៊ិក មានអ្នករកស៊ីផ្លូវភេទប្រហែល ៥០០ ០០០នាក់, ៥-អាល្លឺម៉ង់ មានអ្នករកស៊ីផ្លូវភេទ ប្រហែល ៤០០ ០០០នាក់, ៦-ប្រេស៊ីល មានអ្នករកស៊ីផ្លូវភេទ ប្រហែល ២៥០ ០០០នាក់, ៧-ថៃ មានអ្នករកស៊ីផ្លូវភេទ ប្រហែល ២៥០ ០០០នាក់, ៨-បង់ក្លាដែស មានអ្នករកស៊ីផ្លូវភេទ ប្រហែល ២០០ ០០០នាក់ និង ៩-កូរ៉េខាងត្បូង មានអ្នករកស៊ីផ្លូវភេទ ប្រហែល ១៤៧ ០០០នាក់។

បើទោះជាប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៩ ដែលមានអ្នករកស៊ីផ្លូវភេទច្រើនជាងគេ នៅលើពិភពលោកយ៉ាងណាក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាលក្រុងបាងកក នៅតែបន្តមិនអើពើនឹងអត្ថិភាពរបស់ពួកគេ ហើយប្រឆាំងនឹងសកម្មភាពផ្លូវភេទរបស់ពួកគេថែមទៀតផង។ ការប្រកបរបបរកស៊ីផ្លូវភេទ នៅក្នុងប្រទេសថៃ ត្រូវបានគេចាត់ទុក ថា ខុសច្បាប់ ក្រោមច្បាប់ការពារ និង បង្ក្រាបអំពើពេស្យាចារ បើទោះជាប្រទេសថៃ មានការទទួលស្គាល់យ៉ាងទូលំទូលាយ ពីឧស្សាហកម្មមួយនេះយ៉ាងណាក៏ដោយ។

ដោយឡែក ក្រុមសកម្មជននយោបាយ មកពីគណបក្សផ្សេងៗ និង ក្រុមអ្នករកស៊ីផ្លូវភេទខ្លួនឯង កំពុងតែតស៊ូមតិ សម្រាប់ភាពស្របច្បាប់ នៃការងារផ្លូវភេទ នៅក្នុងគោលបំណងផ្តល់សិទ្ធិឱ្យស្ត្រីរកស៊ីផ្លូវភេទទទួលបានសិទ្ធិការងារ ដែលធៀបទៅនឹងវិជ្ជាជីវៈផ្សេងៗទៀត៕