2024-07-03 05:07
148

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យទាហានទាំងសងខាង បាត់បង់ជីវិតរាប់សែននាក់ ហើយភាគីជម្លោះទាំង២ សុទ្ធតែក្រាញននៀលមិនព្រមចុះចេញ និង កំពុងតែស្វះស្វែងរកគ្រប់មធ្យោបាយរៀងៗខ្លួន ដើម្បីយកជ័យជម្នះលើគូសត្រូវ ខណៈឥឡូវ មានសេចក្ដីរាយការណ៍ អំពីរដ្ឋាភិបាលក្រុងកៀវ មានសមត្ថភាពកែច្នដ្រូនផ្ទាល់ខ្លួន ដោយមានតម្លៃមិនដល់៦០០ដុល្លារអាមេរិកផង អាចមានសមត្ថភាពបង្ក្រាបទៅលើរថក្រោះរបស់ទាហានរុស្ស៊ី មានតម្លៃរហូតដល់ជាង៥លានដុល្លារ។

សារព័ត៌មាន Technology បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ថា រថក្រោះប្រយុទ្ធដ៏ខ្លាំងក្លា ពិតជាមានតម្លៃ និង មានសារសំខាន់បំផុត នៅគ្រប់ស្ថានការណ៍លើសមរភូមិ។ បច្ចុប្បន្ន ទាហានរបស់រុស្ស៊ី មានរថក្រោះយ៉ាងច្រើនលើសលប់ជាងកងទ័ពអ៊ុយក្រែន។ ប៉ុន្តែកងទ័ពការពារទឹកដីរបស់រដ្ឋាភិបាលក្រុងកៀវ មានគំនិតប៉ិនប្រសប់បង្កើតវិធីច្នៃប្រឌិតដ្រូន មានតម្លៃថោកៗ សម្រាប់យកមកបំផ្លាញគ្រឿងចម្បាំងដ៏មានអានុភាពខ្លាំងក្លា និង មានតម្លៃថ្លៃរបស់ក្រុងមូស្គូ។
បើតាមសេចក្ដីរាយការណ៍ថ្មីមួយ បានអះអាង ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានបង្កើតដ្រូន FPV បំពាក់ដោយគ្រាប់បែក សម្រាប់ជាអាវុធដ៏សំខាន់ ដើម្បីកម្ទេចរថក្រោះរបស់រុស្ស៊ី។ ដ្រូនតូចៗប្រភេទនេះ អាចវាយប្រហារទៅលើទាហានម្នាក់ផងដែរ ខណៈចំនួនដ្រូនកាន់តែច្រើន ក៏អាចវាយប្រហារទៅលើកងរថចម្បាំងជាច្រើនទៀត។ រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានប្រើប្រាស់ដ្រូនតូចៗទាំងនោះ បំផ្លាញរថក្រោះរបស់ទាហានរុស្ស៊ី អស់រាប់ពាន់គ្រឿងរួចមកហើយ។

ប្រភពដដែល បានបន្ដ ថា រថក្រោះរបស់រុស្ស៊ី មានច្រើនប្រភេទ ហើយរថក្រោះទាំងនោះ មានតម្លៃថ្លៃៗ  ដោយមានតម្លៃចន្លោះពី៥សែនដុល្លារទៅ៥លានដុល្លារអាមេរិក ឬថ្លៃលើសពីនេះ នៅក្នុងមួយគ្រឿងៗ ព្រោះតម្លៃអាស្រ័យទៅតាមស៊េរីរបស់រថក្រោះទាំងនោះ។ បើទោះរថក្រោះទាំងនោះរបស់រុស្ស៊ី មានតម្លៃថ្លៃ និង មានអានុភាពដ៏ខ្លាំងក្លា នៅក្នុងការប្រយុទ្ធនៅលើសមរភូមិយ៉ាងណាក្ដី ប៉ុន្ដែកងទ័ពអ៊ុយក្រែន មានភាពប៉ិនប្រសប់ខ្ពស់ កែច្នៃដ្រូនមានតម្លៃថោកៗ មិនលើសពីចន្លោះ៥៥០ដុល្លារទៅ៦០០ដុល្លារអាមេរិក យកប្រើប្រាស់បំពាកគ្រាប់បែក សម្រាប់ហោះវាយប្រហារកម្ទេចរថក្រោះទាំងនោះ។ នេះជាការបង្ហាញនូវការប៉ិនប្រសប់របស់កងទ័ពអ៊ុយក្រែន ខណៈពួកគេកំពុងតែខ្វះខាតគ្រាប់រំសេវ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឲ្យដឹង ថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ទាហានរុស្ស៊ី បានស្លាប់នៅលើសមរភូមិ ស្ថិតក្នុងប្រទេសអ៊ុយក្រែន កើនឡើងដល់ ៥៤២ ៧០០នាក់។ បើទោះជាយ៉ាងណា អ៊ុយក្រែន មិនបានបញ្ជាក់ អំពីទាហានរបស់ខ្លួនរងនូវការខូចខាតនោះឡើយ៕