2024-06-20 04:06
132

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង បង្កើនសម្ពាធយ៉ាងខ្លាំងទាំងសេដ្ឋកិច្ច ការទូត នយោបាយ និង យោធា ដើម្បីចាប់បង្ខំឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ប៉ុន្ដែប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ បានដើរតាមលំនាំអ្នកកាន់តំណែងមុនរបស់គាត់ ប្ដេជ្ញាមិនឱនក្បាលទៅរកប្រទេសចិន បើទោះជាមានសម្ពាធយ៉ាងណាក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ថា លោក ឡៃ ឈីង-តេ (Lai Ching-te) ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី១៩ ខែមិថុនា) ថា ប្រទេសចិន កំពុងតែប៉ុនប៉ង ចាប់បង្ខំតៃវ៉ាន់ ឲ្យព្រមទទួលយកតាមសំណើរបស់ក្រុងប៉េកាំង។ ប៉ុន្ដែរដ្ឋាភិបាលរបស់ដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ នឹងមិនឱនក្បាលនោះឡើយ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ជាផ្នែកមួយ នៃដែនដីរបស់ចិន ហើយក៏មិនធ្លាប់បដិសេធ អំពីការប្រើប្រាស់កម្លាំងយោធាណាមួយ ដើម្បីរឹបអូសយកដែនកោះមួយនេះ មកដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង នោះដែរ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើនសម្ពាធខាងយោធា និង នយោបាយប្រឆាំងនឹងរដ្ឋាភិបាលក្រុងតៃប៉ិ ជាមួយនឹងការបង្ហាញកម្លាំងយោធាចុងក្រោយ រយៈពេល៣ថ្ងៃ ក្រោយពេលប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ បានឡើងកាន់តំណែង កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅនេះ។ កងទ័ពរំដោះប្រជាជនចិន បានអនុវត្ដល្បែងសង្គ្រាម នៅជុំវិញកោះតៃវ៉ាន់ ហើយសកម្មភាពបែបនេះ ត្រូវបានពិភពលោកយល់ឃើញ ថា ជាការចាប់បង្ខំ និង គំរាមកំហែងដល់កោះតៃវ៉ាន់។

លោក ឡៃ ឈីង-តេ (Lai Ching-te) ប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃពុធ (ខែមិថុនា) ថា «ការដាក់បញ្ចូលតៃវ៉ាន់ ក្លាយជាគោលនយោបាយជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន។ បន្ថែមពីលើការប្រើប្រាស់កម្លាំងយោធា នោះ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រើប្រាស់វិធីសាស្រ្ត បង្ខិតបង្ខំ ដែលមិនមែនជាប្រពៃណី សម្រាប់ព្យាយាមបង្ខំតៃវ៉ាន់ ឱ្យចុះចាញ់នោះឡើយ»។

លោកប្រធានាធិបតី ឡៃ បានបន្ថែម ថា «បើទោះជាយ៉ាងណាក៏ដោយ តៃវ៉ាន់ នឹងមិនឱនក្បាល ចំពោះសម្ពាធបែបនេះឡើយ។ ប្រជាជនតៃវ៉ាន់ នឹងការពារយ៉ាងម៉ឺងម៉ាត់នូវដែនអធិបតេយ្យភាពជាតិ និង រក្សារបៀបរស់នៅតាមបែបប្រជាធិបតេយ្យ និង រដ្ឋធម្មនុញ្ញ ប្រកបដោយសេរីភាព»។

សហរដ្ឋអាមេរិក ថ្វីបើបានបិទការទំនាក់ទំនងការទូតជាផ្លូវការ ចាកចេញពីក្រុងតៃប៉ិ ងាកទៅទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះយ៉ាងណាក្ដី ប៉ុន្ដែក្រុងវ៉ាស៊ីនតោន នៅតែចាត់ទុកតៃវ៉ាន់ ជាដៃគូដ៏សំខាន់មួយរបស់ខ្លួន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តៃវ៉ាន់ បានកាត់ផ្ដាច់ពីប្រទេសចិន ដោយច្រកសមុទ្រ ហើយដែនកោះមួយនេះ មានរដ្ឋាភិបាល ទាហាន និង រូបិយវត្ថុផ្ទាល់ខ្លួន។ ជាមួយនឹងសម្ពាធកាន់តែខ្លាំងឡើង មកពីប្រទេសចិន នោះ តៃវ៉ាន់ បាន និង កំពុងតែស្វែងរក ពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសជាមិត្ត ហើយបង្កើននូវការទិញគ្រឿងសឹកកាន់តែច្រើនឡើង មកពីសហរដ្ឋអាមេរិក ដែលជាដៃគូដ៏សំខាន់របស់ខ្លួន។

មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី១៨ ខែមិថុនា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានយល់ព្រមលក់គ្រឿងយុទ្ធោបករណ៍ ចំនួន២ប្រភេទ រួមមាន៖ ដ្រូនមានតម្លៃ៣០០លានដុល្លារ និង សម្ភារយោធា មានតម្លៃ៦០,២លានដុល្លារ ដោយរាប់បញ្ចូលទាំងមីស៊ីលនាំផ្លូវដ៏ជាក់លាក់ផងដែរ។

ក្រុមមន្រ្ដីជាន់ខ្ពស់យោធារបស់សហរដ្ឋអាមេរិក ធ្លាប់ព្យាករជាញឹកញាប់រួចមកហើយ ថា លោក ស៊ី ជិនពីង ប្រធានាធិបតី កំពុងតែបង្កើនសមត្ថភាពរបស់កងទ័ពរំដោះប្រជាជនចិន ព្រោះគាត់មានគម្រោងលើកទ័ព ចូលលុកលុយ ដណ្ដើមកាន់កាប់កោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧៕