2024-06-24 03:06
121

រដ្ឋធានីម៉ានីល៖ រហូតមកដល់ពេលនេះ ស្ថានការណ៍ នៅសមុទ្រចិនខាងត្បូង នៅតែបន្ដតានតឹងខាងភូមិសាស្រ្ដនយោបាយ ខណៈមានការប្រជែងគ្នា រវាងមហាអំណាចលោកខាងលិច និង មហាយក្សចិន ហើយឥឡូវ ប្រធានាធិបតី ម៉ាកូស បានអះអាង ថា ប្រទេស ហ្វីលីពីន នឹងមានភាពកក់ក្ដៅ ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រជាមួយនឹងក្រុងប៉េកាំង។

សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស  (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមិថុនា) ប្រទេសរបស់គាត់ មិនស្ថិតក្នុងទំនាញបង្កសង្គ្រាមនោះឡើយ ហើយជានិច្ចកាល រដ្ឋាភិបាលក្រុងម៉ានីល តែងតែមានគោលបំណងចង់ដោះស្រាយជម្លោះ ដោយសន្ដិវិធី ចំពេលការប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសចិន។

លោកប្រធានាធិបតី ម៉ាកូស បានថ្លែងសុន្ទរកថា ទៅកាន់កងទ័ពហ្វីលីពីន ដែលទទួលបន្ទុកត្រួតពិនិត្យសមុទ្រចិនខាងត្បូង ថា «ក្នុងការការពារជាតិ យើងត្រូវតែរក្សានូវភាពស្មោះត្រង់ ចំពោះធម្មជាតិហ្វីលីពីនរបស់យើង ថា យើងចង់ដោះស្រាយបញ្ហាទាំងអស់នេះ ដោយសន្តិវិធី»។

កងទ័ពហ្វីលីពីន បានអះអាង ថា កងទ័ពជើងទឹកហ្វីលីពីន និង កងឆ្មាំឆ្នេរសមុទ្រចិន កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានប៉ះទង្គិចគ្នាចុងក្រោយ នៅក្នុងផ្លូវទឹកដែលមានជម្លោះ ជាកន្លែងដែលយោធាហ្វីលីពីន បានអះអាង ថា នាវិកហ្វីលីពីនម្នាក់ បានរងរបួសធ្ងន់ ហើយនាវារបស់ពួកគេបានខូចខាត។

ស្របគ្នានេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង កាណាដា បានថ្កោលទោស ចំពោះសកម្មភាពរបស់កងឆ្មាំសមុទ្រចិន មកលើផ្លូវបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់កងទ័ពហ្វីលីពីន។
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង អំពីសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងស្រុង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសចិន។ ការអះអាងរបស់ប្រទេសចិន ទៅលើផ្លូវទឹកដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មឆ្លងកាត់ ទៅកាន់ពិភពលោក រហូតដល់ជាង៣ពាន់ពាន់លានដុល្លារបែបនេះ បាននាំឲ្យមានជម្លោះជាមួយនឹងប្រទេសនៅក្នុងតំបន់ រួមមាន៖ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង ប្រ៊ុយណេ។

តុលាការអាជ្ញាកណ្ដាល មានមូលដ្ឋាននៅទីក្រុងឡាអេ (Hague) ប្រទេសហូល្លង់ដ៍ កាលពីអំឡុងឆ្នាំ២០១៦ បានបញ្ជាក់ ថា ការទាមទាររបស់ចិន មិនបានផ្អែកលើមូលដ្ឋានច្បាប់។ ប៉ុន្ដែរដ្ឋាភិបាលក្រុងប៉េកាំង បានទាត់ចោល ចំពោះការសម្រេចរបស់តុលាការមួយនេះ។