2024-03-19 03:03
80

រដ្ឋធានីវ៉ាស៊ីនតោន៖     ក្រោយពេលលោកមហាសេដ្ឋី ជេហ្វ បេនហ្សូន (Jeff Bezos) បានក្លាយជាអ្នកមានទ្រព្យលេខ២របស់ពិភពលោក និង ជាអ្នកមានបំផុតលំដាប់លេខ១របស់អាមេរិក មិនទាន់បានប៉ុន្មានផង ឥឡូវមានសេចក្ដីរាយការណ៍ ថា លោក អេឡុន ម៉ាស់ខ៍ (Elon Musk) បានដណ្ដើមតំណែងនេះ យកមកគ្រប់គ្រងវិញ។បើតាមសន្ទស្សន៍មហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ថា លោកមហាសេដ្ឋី អេឡុន ម៉ាស់ខ៍ បានទទួលតំណែងជាអ្នកមានបំផុតលំដាប់លេខ២របស់ពិភពលោក ដោយបានយកឈ្នះលើលោក ជេហ្វ បេនហ្សូ (Jeff Bezos) ស្ថាបនិក និង ជាប្រធានក្រុមហ៊ុន Amazon។ 

លោក អេឡុន ម៉ាស់ខ៍ ជាស្ថាបនិក និង នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានកើនឡើងទ្រព្យសម្បត្ដិ ប្រហែល ៥,៥ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ។ ចំនួនលុយទាំងនេះ បានជួយគាត់កើនលើសលោក បេនហ្សូ ប្រហែល៤៥០លានដុល្លារ។

បើគិតត្រឹម ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ប៊ែរណាដ អាណល (Bernard Arnault) ជនជាតិបារាំង ជាម្ចាស់ក្រុមហ៊ុន LVMH ក្លាយជាអ្នកមានបំផុតលំដាប់លេខ១របស់ពិភពលោក ដោយមានទ្រព្យសម្បត្ដិតម្លៃ ២៣៤,៩ពាន់លានដុល្លារ ខណៈលោក អេឡុន ម៉ាស់ខ៍ ឈរលំដាប់លេខ២ ជាមួយនឹងទ្រព្យមានតម្លៃប្រហែល ១៩៤ ពាន់លានដុល្លារ និង លោក បេហ្សូស ឈរនៅលេខ៣ ជាមួយនឹងទ្រព្យសម្បត្ដិមានតម្លៃប្រហែល ១៩៣,២ពាន់លានដុល្លារ៕