2024-04-04 05:04
66

ទីក្រុងតៃប៉ិ៖ កោះតៃវ៉ាន់ បានជួយប្រទះនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា មានកម្រិត៧,២រ៉ិចទ័រ រហូតធ្វើឲ្យរញ្ជួយដល់ទីក្រុងធំរបស់ដែនកោះមួយនេះ កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ហើយគិតត្រឹមព្រឹក ថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានរកឃើញចំនួនអ្នករងរបួស កើនឡើង ជាង១០០០នាក់ ខណៈចំនួនអ្នកស្លាប់ មានត្រឹមតែ៩នាក់ ហើយបុគ្គលិកសណ្ឋាគារ ចំនួន៣៨នាក់ កំពុងតែបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ។

គ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត បានវាយប្រហារ ទៅលើតំបន់ហ៊ួលៀន កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ខណៈមនុស្សម្នា កំពុងតែត្រៀមខ្លួន ចេញទៅធ្វើការ និង ទៅសាលារៀន។ នេះជាគ្រោះធម្មជាតិដ៏កំណាចបំផុត បានវាយប្រហារមកលើដែនកោះគ្រប់គ្រងដោយខ្លួនឯង នៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ អគារជាច្រើន នៅក្នុងទីក្រុងតៃប៉ិ បានរញ្ជួយយ៉ាងខ្លាំង  ប៉ុន្តែការខូចខាត មានចំនួនតិច។

នាយកដ្ឋានពន្លត់អគ្គិភ័យរបស់កោះតៃវ៉ាន់ បានបញ្ជាក់ ថា ចំនួនអ្នករងរបួស បានរកឃើញកើនឡើង ដល់ ១ ០៥០នាក់ និង ចំនួនអ្នកបាត់ខ្លួន សរុប៥២នាក់។ រីឯបុគ្គលិកសណ្ឋាគាររាប់សិបនាក់ ដែលកំពុងតែធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយ នៅក្នុងឧទ្យានជាតិ Taroko ត្រូវបានគេរកឃើញ ខណៈចំនួន៣៨នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន។

បើតាមមជ្ឈមណ្ឌលទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់តៃវ៉ាន់ បានរាយការណ៍ ថា កោះតៃវ៉ាន់ ធ្លាប់កើតគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយ មានកម្រិត៧,៦រ៉ិចទ័រ នៅក្នុងអំឡុងឆ្នាំ១៩៩៩ ដោយបានសម្លាប់មនុស្ស ចំនួន ២ ៤០០នាក់ និង បានបំផ្លាញអគារ ចំនួន ៥០ ០០០កន្លែង។

ទីភ្នាក់ងារអាកាសធាតុជប៉ុន បានបញ្ជាក់ កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែមេសា ថា រលកស៊ូណាមិផ្សេងៗទៀត បានរញ្ជួយទៅលើផ្នែកជាច្រើន នៅភាគខាងត្បូង ខេត្តអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន ហើយក្រោយមកក៏បានដកនូវការព្រមាននេះចេញវិញ។ ប៉ុន្ដែជប៉ុន បានដាក់គ្រោះរញ្ជួយដីនេះ នៅក្នុងកម្រិត ៧,៧រ៉ិចទ័រ។

បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ ថា គ្រោះរញ្ជួយដីនេះ ក៏មានការរំញ័រទៅដល់ផ្នែកខ្លះ នៃខេត្តហ៊ូជៀន (Fujian) រួមមាន៖ ទីក្រុងហ៊្វូហ្ស៊ូ (Fuzhou), ទីក្រុងស៊ាមែន (Xiamen), ទីក្រុងហ្កានហ្ស៊ូ (uanzhou ) និង ទីក្រុងនីងដេ (Ningde)។ ស្របគ្នានេះដែរ ប្រទេសចិន ក៏មានការព្រួយបារម្ភ អំពីគ្រោះមហន្ដរាយ កើតមានដល់ដែនកោះមួយនេះ ហើយថែមទាំងបានត្រៀមខ្លួន សម្រាប់ការផ្ដល់ជំនួយផងដែរ។

ស្របគ្នានេះ លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបង្ហោះ នៅលើបណ្ដាញសង្គម X  ថា ជប៉ុន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការផ្ដល់ជំនួយដ៏ចាំបាច់ណាមួយ ជួយដល់កោះតៃវ៉ាន់ ក្រោយការកើតគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ៕

> MSJ TV Hok Chanlino: