2024-02-18 01:02
112

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal (WSJ) បានរាយការណ៍ថា រដ្ឋបាលលោកប្រធានាធិបតី លោក ចូ បៃដិន កំពុងត្រៀម បញ្ជូនគ្រាប់បែក និងអាវុធជាច្រើន ទៅឱ្យអ៉ីស្រាអែល បើទោះជាសហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានបទឈប់បាញ់ក្នុងសង្រ្គាមហ្កាហ្សា ក៏ដោយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។
   ដោយផ្អែកលើក្រុមមន្ត្រីអាមេរិក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Wall Street Journal បានឱ្យដឹងថាអាវុធដែលសហរដ្ឋអាមេរិកត្រៀមបញ្ជូនទៅឱ្យ អ៉ីស្រាអែល ក្នុងនោះរួមមានគ្រាប់បែក MK-82 និង KMU-572។ ប៉ុន្តែ ផែនការនេះកំពុងស្ថិតនៅក្រោមការពិចារណាផ្ទៃក្នុងដោយរដ្ឋបាលោក បៃដិន ហើយអាចនឹងមានការប្រែប្រួលខ្លះៗ មុនសេតវិមានជូនដំណឹងទៅកាន់ថ្នាក់ដឹកនាំគណៈកម្មាធិការសភាទាំង២របស់សហរដ្ឋអាមេរិក ដើម្បី ទទួលបានការអនុញាតក្នុងការផ្ទេរ។ ចំណែក ក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក រួមទាំងក្រសួងការពារជាតិអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ទៅនឹងសំណួររបស់ Reuters ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់ Wall Street Journal។
    គួរបញ្ជាក់ថា គិតត្រឹមកាលពីខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលលោក បៃដិន បានបញ្ជូនអាវុធទៅឱ្យអ៉ីស្រាអែល ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យពី សភាអាមេរិកចំនួន ២លើករួចមកហើយ ខណៈសហរដ្ឋអាមេរិកកំពុងទទួលរងការរិះគន់ សម្រាប់ការបន្តផ្គត់ផ្គង់អាវុធឱ្យអ៉ីស្រាអែល ស្របពេល មានការចោទប្រកាន់ថាអាវុធរបស់អាមេរិកកំពុងត្រូវបានប្រើក្នុងការវាយប្រហារដែលបានសម្លាប់ និងធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា  រងរបួសជាច្រើននាក់ ៕