2024-02-13 03:02
104

រដ្ឋធានីកៀវ៖ បើគិតត្រឹម ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៧២០ថ្ងៃកន្លងមកហើយ ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ ហើយនៅតែរកពន្លឺចរចាសន្ដិភាពមិនទាន់ឃើញ ប៉ុន្ដែឥឡូវ ក្រុមមន្រ្ដីចារកម្មយោធាអ៊ុយក្រែន បានអះអាង អំពីទាហានរុស្ស៊ី កំពុងតែទទួលបានផ្កាយរណបរបស់លោក អេឡុន ម៉ាស់ (Elon Musk) មហាសេដ្ឋីកំពូលពិភពលោករបស់សហរដ្ឋអាមេរិក តាមរយៈប្រទេសទី៣។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា អ្នកនាំពាក្យ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បានអះអាង កាលពីថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) ថា កងកម្លាំងរុស្ស៊ី កំពុងតែទទួលបានស្ថានីយផ្កាយរណប Starlink ដោយខុសច្បាប់ ពីប្រទេសទីបី ហើយបង្កើនការប្រើប្រាស់ នៅលើសមរភូមិនានា នៅក្នុងប្រទេសអ៊ុយក្រែន។

លោក អេនឌ្រីយ យូសូវ (Andriy Yusov) អ្នកនាំពាក្យ ទីភ្នាក់ងារចារកម្ម ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ការងារនេះ កំពុងតែដំណើរការ ដើម្បីការពារដល់កងកម្លាំងរុស្ស៊ី ដែលប្រើប្រាស់ស្ថានីយអ៊ិនធើរណេតផ្កាយរណបល្បឿនលឿន ផលិតដោយក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋីកំពូលពិភពលោក អេឡុន ម៉ាស់ (Elon Musk) ដើម្បីសម្របសម្រួល ដល់ការវាយប្រហាររបស់រុស្ស៊ី មកលើតំបន់ជាច្រើន នៅក្នុងប្រទេសអ៊ុយក្រែន។ កងកម្លាំងរុស្ស៊ី ទទួលបានឧបករណ៍ផ្កាយរណប មកពីប្រទេសទី៣។ ប៉ុន្ដែគាត់មិនបានបញ្ជាក់លម្អិតនោះឡើយ។

អ៊ុយក្រែន ដែលប្រើប្រាស់ Starlink សម្រាប់ទំនាក់ទំនងយោធា នៅក្នុងសង្គ្រាម ទប់ទល់ជាមួយនឹងទាហានរុស្ស៊ី បានអះអាង កាលពីថ្ងៃអាទិត្យ (ទី១១ ខែកុម្ភៈ) ថា ទាហានរុស្ស៊ី កំពុងតែប្រើប្រាស់ Starlink នៅក្នុងតំបន់កាន់កាប់ ខណៈសង្គ្រាមទ្រង់ទ្រាយធំជាមួយនឹងរុស្ស៊ី អស់រយពេលជិត២ឆ្នាំមកនេះ។

នៅពេលសួរថា តើអ៊ុយក្រែន កំពុងតែព្យាយាមបញ្ឈប់នូវការប្រើប្រាស់ស្ថានីយរបស់រុស្ស៊ីឬ អត់នោះ លោក យូសូវ បានអះអាងទៀត ថា ជាការពិតណាស់! ការងារនេះកំពុងធ្វើឡើង»។

ដោយឡែក វិមានក្រឹមឡាំង បានអះអាង កាលពីថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) ថា ស្ថានីយទាំងនោះមិនត្រូវបានបញ្ជាក់ សម្រាប់ប្រើប្រាស់ នៅក្នុង ឬផ្គត់ផ្គង់ជាផ្លូវការដល់ប្រទេសរុស្ស៊ី នោះឡើយ ដូច្នេះហើយមិនអាចប្រើប្រាស់បានទេ។

ស្របគ្នានេះ Starlink បានអះអាង ថា ខ្លួនមិនធ្វើជំនួញគ្រប់ប្រភេទ ជាមួយរដ្ឋាភិបាល ឬយោធារបស់រុស្ស៊ី នោះឡើយ។ ប៉ុន្ដែ Starlink បានអះអាង កាលពីថ្ងៃទី៨ ខែកុម្ភៈ ថា ស្ថានីយរបស់ខ្លួន មិនមានសកម្មភាព នៅក្នុងប្រទេសរុស្ស៊ី ហើយ SpaceX ក៏មិនដែលលក់ ឬ មានទីផ្សារសេវាកម្មបែបនេះ នៅក្នុងប្រទេសរុស្ស៊ី នោះដែរ ហើយក៏មិនបានដឹកជញ្ជូនឧបករណ៍ទៅកាន់ទីតាំងណាមួយ នៅក្នុងប្រទេសរុស្ស៊ី នោះទេ។

ស្ថានីយ Starlink ដែលផ្តល់ការតភ្ជាប់អ៊ិនធើរណេតល្បឿនលឿន ត្រូវបានប្រញាប់ប្រញាល់ចូលទៅជួយអ៊ុយក្រែន ក្រោយពេលរុស្ស៊ី បានលើកទ័ពចូលលុកលុយ នៅក្នុងប្រទេសមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយស្ថានីយនេះ មានសារៈសំខាន់ សម្រាប់ទំនាក់ទំនង នៅលើសមរភូមិប្រយុទ្ធរបស់រដ្ឋាភិបាលក្រុងកៀវ៕