2024-05-01 02:05
40

ទីក្រុងតៃប៉ិ៖ មន្រ្ដីសន្ដិសុខកំពូលរបស់តៃវ៉ាន់ បានបញ្ជាក់ កាលពីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយបានកត់សម្គាល់ ចំពោះរដ្ឋាភិបាលក្រុងប៉េកាំង ដែលនឹងធ្វើសមយុទ្ធយោធា ក្រោយការចូលកាន់តំណែងរបស់លោក ឡៃ ឈីងតេ (Lai Ching-te) ប្រធានាធិបតីជាប់ឆ្នោតរបស់ដែនកោះមួយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃដដែលនេះ។

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ចិន ហើយក៏មិនធ្លាប់បដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីរឹបអូសដែនកោះមួយនេះ យកមកគ្រប់គ្រង ដោយខ្លួនឯងវិញនោះដែរ។ ជាមួយគ្នានេះ មន្រ្ដីជាន់ខ្ពស់របស់ក្រុងប៉េកាំង តែងតែមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលោកប្រធានាធិបតីជាប់ឆ្នោតរបស់តៃវ៉ាន់ ហើយបានចាត់ទុកគាត់ ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសចិន។ លើសពីនេះទៅទៀត រដ្ឋាភិបាលក្រុងប៉េកាំង តែងតែច្រានចោលម្តងហើយម្តងទៀត ចំពោះសំណើរសុំចរចារបស់លោក ឡៃ ឈីងតេ រួមទាំងកិច្ចពិភាក្សាមួយ ដែលបានធ្វើឡើង កាលពីសប្តាហ៍មុន ផងដែរ។


លោក ឡៃ ឈីងតេ (Lai Ching-te) ប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ ក៏ដូចជា លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីបច្ចុប្បន្នរបស់តៃវ៉ាន់ ដែលនឹងជិតផុតអាណត្ដិ តែងតែច្រានចោលនូវការអះអាង អំពីដែនអធិបតេយ្យភាពរបស់ចិន នៅលើកោះតៃវ៉ាន់។ មេដឹកនាំកំពូលរបស់តៃវ៉ាន់ ទាំង២រូបនេះ បានបញ្ជាក់ជាដដែលៗ ថា មានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ ទើបអាចមានសិទ្ធិសម្រេច លើជោគវាសនារបស់ពួកគាត់បាន។ បច្ចុប្បន្ន លោក ឡៃ ជាអនុប្រធានាធិបតី ហើយនឹងចូលស្បថ ចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី២០ ខែឧសភា ក្រោយពេលគាត់បានឈ្នះឆ្នោត កាលពីខែមករា ឆ្នាំ២០២៤។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅឯរដ្ឋសភា នោះ លោក សៃ មីង-យេន (Tsai Ming-yen) អគ្គនាយកការិយាល័យសន្ដិសុខជាតិតៃវ៉ាន់ បានបញ្ជាក់ ថា ការថែរក្សាស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដើម្បីផលប្រយោជន៍ទាំងអស់គ្នា នៅក្នុងសហគមន៍អន្ដរជាតិ ដោយរាប់បញ្ចូលទាំងប្រទេសចិន ផងដែរ។ ប៉ុន្ដែអ្វីដែលត្រូវការនូវការយកចិត្តទុកដាក់ខ្លាំងបំផុតនោះ គឺក្រោយថ្ងៃទី២០ ខែឧសភា តទៅ ចាប់ខែមិថុនា រហូតដល់ខែវិច្ឆិកា ជាពេលវេលាដែលចិនកុម្មុយនិស្ត ធ្វើសមយុទ្ធយោធា ជាប្រចាំរបស់ពួកគេ។ ថាតើរដ្ឋាភិបាលចិន ប្រើរដូវក្តៅមួយនេះ ជាលេសសម្រាប់ធ្វើសមយុទ្ធយោធា ដើម្បីដាក់សម្ពាធបន្ថែមមកលើតៃវ៉ាន់ យ៉ាងណា។ បញ្ហានេះ ជាចំណុចសំខាន់ដែលការិយាល័យសន្តិសុខជាតិ កំពុងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។

បើទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបនឹងការស្នើសុំអត្ថាធិប្បាយណាមួយ កាលពីថ្ងៃពុធ ទី១ ខែឧសភា ជាទិវាពលកម្មអន្ដរជាតិ។
ដោយឡែក ប្រទេសចិន បានចាប់ផ្តើមធ្វើតេស្តសមត្ថភាពនាវាផ្ទុកយន្តហោះផ្ទុកយន្ដហចម្បាំង Fujian របស់ខ្លួន នៅលើផ្ទៃសមុទ្រ ហើយក៏ជានាវាផ្ទុកយន្តហោះចម្បាំងទី៣ និង ទំនើបបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំង ផងដែរ។ ការសាកល្បងនេះ បានធ្វើឡើង នៅរយៈពេលជិត២ឆ្នាំ ក្រោយពេលនាវាផ្ទុកយន្ដហោះ Fujian (ហ៊្វូជៀន) បានបង្ហាញខ្លួនជាលើកដំបូង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២។ 

នាវាផ្ទុកយន្តហោះចម្បាំងដ៏ទំនើបរបស់ក្រុងប៉េកាំង Fujian ត្រូវបានរចនា និង សាងសង់ឡើងទាំងស្រុក នៅក្នុងប្រទេសចិន ហើយវាមានទំហំធំ និង ទំនើបជាងនាវាផ្ទុកយន្តហោះចម្បាំងមុន ចំនួន២គ្រឿង រួមមាន នាវាផ្ទុកយន្ដហោះ Shandong (សានដុង) ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីចុងឆ្នាំ២០១៩ និង នាវាផ្ទុកយន្ដហោះ Liaoning  (លាវនីង) ដែលចិនបានទិញពីអ៊ុយក្រែន កាលពីឆ្នាំ១៩៩៨ នៅក្នុងតម្លៃជាដែកអេតចាយ។ បន្ទាប់មកចិនបានយកនាវាផ្ទុកយន្ដហោះចម្បាំងសម័យសូវៀត ដែលមិនទាន់សាងសង់រួច យកមកកែច្នៃ ក្លាយជានាវាផ្ទុកយន្ដហោះដំបូងបង្អស់របស់កងទ័ពចិន៕