2024-02-19 12:02
102

រាជធានីអូតតាវ៉ា(Ottawa)៖ ស្របពេលសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេមែន ដែលកំពុងតែគំរាមកំហែង និង បង្កគ្រោះថ្នាក់ដល់ផ្លូវដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក នៅក្នុងតំបន់មជ្ឈិមបូព៌ានោះ ប្រមុខការទូតកាណាដា បានជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំង គួរតែប្រើប្រាស់តួនាទីរបស់ចិន នៅក្នុងថែរក្សាសន្ដិភាព និង សុវត្ថិភាព នៅសមុទ្រក្រហម។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកស្រី មេឡានី ចូលី (Melanie Joly) រដ្ឋមន្រ្ដី ក្រសួងការបរទេសកាណាដា បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) ថា ប្រទេសចិន គួរតែដើរតួនាទី នៅក្នុងការថែរក្សាសុវត្ថិភាព នៅសមុទ្រក្រហម សម្រាប់ផ្លូវពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក ព្រោះកប៉ាល់របស់ចិន ក៏មានហានិភ័យ នៅទីនោះផងដែរ។ បន្ថែមពីលើនេះ ប្រមុខការទូតកាណាដា បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បញ្ឈប់ការជួយដល់រុស្សី ដើម្បីបញ្ចៀសពីការដាក់ទណ្ឌកម្មរបស់អន្តរជាតិ។

លោកស្រី ប្រមុខការទូតកាណាដា បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ថា លោកស្រី បានប្រាប់ដល់សមភាគីចិន លោក វ៉ាង យី (Wang Yi) នៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃសៅរ៍ (ទី១៧ ខែកុម្ភៈ) ថា ក្រុងប៉េកាំង ចាំបាច់ត្រូវតែជួយបង្កើនឥទ្ធិពល ទៅលើក្រុមឧទ្ទាមហ៊ូទី (Houthi) ដើម្បីធ្វើឲ្យសមុទ្រក្រហម មានសេរីភាព។ សមុទ្រក្រហមនេះ ក៏មានផលប្រយោជន៍ សម្រាប់ប្រទេសចិន ដែលជាអ្នកនាំចេញផងដែរ។

ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសប្រទេសយេមែន បានវាយប្រហារជាបន្តបន្ទាប់ ទៅលើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម រួមទាំង នាវាដឹកប្រេង M/T Pollux តាមអ្វីដែលក្រុមមន្ត្រីសហរដ្ឋអាមេរិក បានអះអាង ថា ត្រូវបានវាយប្រហារដោយមីស៊ីល កាលពីថ្ងៃសុក្រ (ទី១៦ ខែកុម្ភៈ)។

ដោយឡែក ក្រុមឧទ្ទាមហ៊ូទី បានអះអាង ថា ការវាយប្រហាររបស់ពួកគេ បានបង្ហាញ អំពីការគាំទ្រដល់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ សកម្មភាពរបស់ពួកគេ បានបង្កើនថ្លៃដឹកជញ្ជូន និង ការធានារ៉ាប់រង ដោយមានគោលបំណង បង្អាក់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ រវាងទ្វីបអាស៊ី និង អឺរ៉ុប ដែលប្រើប្រាស់យ៉ាងទូលំទូលាយ ដោយកប៉ាល់ មកពីប្រទេសចិន។ សហរដ្ឋអាមេរិក និងអង់គ្លេស បានជំរុញឱ្យចិន ធ្វើអន្តរាគមន៍ តាមរយៈប្រទេសអ៊ីរ៉ង់ ដើម្បីទប់ទល់នឹងការវាយប្រហារទាំងនេះ។

លោកស្រី ប្រមុខការទូតកាណាដា បានសង្កត់ធ្ងន់ ថា «លោកស្រី បានថ្លែងទៅកាន់សមភាគីចិន លោក វ៉ាង យី អំពីការធ្វើឲ្យប្រាកដ ថា ការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់រុស្ស៊ី បានធ្វើឡើង ដោយសារតែសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដអូសបន្លាយ។ យើងត្រូវតែដាក់សម្ពាធជាអតិបរមា ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ទណ្ឌកម្មរបស់យើង មានសភាពខ្លាំងក្លា ប៉ុន្តែចិន មិនអាចក្លាយជាចន្លោះប្រហោង នៅក្នុងប្រព័ន្ធទណ្ឌកម្មរបស់យើងបាននោះឡើយ»។

ប្រទេសរុស្ស៊ី បានវ៉ាដាច់អារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០២៣ ហើយក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅលំដាប់កំពូលរបស់ប្រទេសចិន ខណៈអ្នកនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក បានជំទាស់នឹងទណ្ឌកម្មរបស់លោកខាងលិច នៅក្នុងការទិញប្រេងបញ្ចុះតម្លៃយ៉ាងច្រើន សម្រាប់រោងចក្រកែច្នៃរបស់ពួកគេ។

ស្របគ្នានេះ បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងជាច្រើនរបស់ចិន ប្រើប្រាស់ឈ្មួញកណ្ដាល សម្រាប់ដោះស្រាយនូវការដឹកជញ្ជូន និង ការធានារ៉ាប់រងប្រេងឆៅរបស់រុស្ស៊ី ដើម្បីបញ្ចៀសនូវការបំពាននឹងទណ្ឌកម្មរបស់លោកខាងលិច។ ប៉ុន្ដែបន្ទាប់ពីកិច្ចប្រជុំ ជាមួយនឹងប្រមុខការទូតកាណា កាលពីថ្ងៃសៅរ៍ (ទី១៧ ខែកុម្ភៈ) នោះមក លោក វ៉ាង យី រដ្ឋមន្រ្ដី ក្រសួងការបរទេសចិន បានបញ្ជាក់ អំពីតម្រូវការ សម្រាប់«កសាងទំនុកចិត្តឡើងវិញ»ជាមួយនឹងកាណាដា បន្ទាប់ពីមានភាពតានតឹងខាងការទូត អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ទំនាក់ទំនងការទូត រវាងចិន-កាណាដា បានធ្លាក់ចុះខ្លាំង កាលពីនៅចុងឆ្នាំ២០១៨ ខណៈប៉ូលិសកាណាដា បានឃាត់ខ្លួននាយកប្រតិបត្តិទូរគមនាគមន៍ដ៏ធំបំផុតរបស់ចិន ហួវ៉ៃ។ ប៉ុន្ដែមិនយូរប៉ុន្មាន រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានចាប់ខ្លួនជនជាតិកាណាដា ចំនួន២នាក់ ក្រោមការចោទប្រកាន់ ពីបទចារកម្ម។ ទំនាក់ទំនង រវាងប្រទេសទាំង២នេះ នៅតែតានតឹង កាលពីឆ្នាំ២០២៣ ខណៈសភាកាណាដា បានស៊ើបអង្កេតលើការចោទប្រកាន់ដល់ប្រទេសចិន អំពីការជ្រៀតជ្រែក ចូលទៅក្នុងការបោះឆ្នោតរបស់កាណាដា។ ប៉ុន្ដែក្រុងប៉េកាំង បានបដិសេធម្តងហើយម្តងទៀត ជុំវិញការចោទប្រកាន់របស់រដ្ឋាភិបាលអូតតាវ៉ា៕