2023-10-10 10:10
283

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃច័ន្ទនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងកាំភ្លើងធំបានវាយប្រហារទៅលើគោលដៅសំខានៗជាង ៥០០កន្លែងដែលគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងជីហាតអ៊ីស្លាម នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបពេញមួយយប់។
    យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពេញមួយយប់ IDF (កងទ័ពអ៊ីស្រាអែល) យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ យន្តហោះ និងកាំភ្លើងធំបានវាយប្រហារទៅលើគោលដៅភេរវករ Hamas និង Jihad ជាង ៥០០កន្លែងនៅក្នុងតំបន់ Gaza Strip»។
   សារព័តមាន AFP បានរាយការណ៍ថា ផ្សែងហុយចេញពីតំបន់ប៉ាឡេស្ទីន ខណៈការវាយប្រហារនៅតែបន្តនៅព្រឹកព្រលឹម។ កងទ័ពបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានវាយប្រហារទៅលើអគារពហុជាន់ជាច្រើន រួមទាំងផ្ទះរបស់ Rawhi Mushtaha សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ផងដែរ។ លំនៅដ្ឋាននេះមាន «មជ្ឈមណ្ឌលបញ្ជាការភេរវកររបស់ហាម៉ាស ដែលគាត់បានជួយដឹកនាំការជ្រៀតចូលទៅក្នុងអ៊ីស្រាអែល»។ 
    កងទ័ពបាននិយាយថា «គោលដៅប្រតិបត្តិការពីរសំខាន់របស់ហាម៉ាសក៏ត្រូវបានវាយប្រហារ រួមទាំងទីតាំងមួយនៅក្នុងវិហារអ៊ីស្លាម ដោយបន្ថែមគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមជីហាតអ៊ីស្លាមក៏ត្រូវបានវាយប្រហារផងដែរ»។
  កាលពីថ្ងៃសៅរ៍ ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែល ដែលរហូតមកដល់ពេលនេះបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់។ មន្ត្រីនៅហ្គាហ្សាបានរាយការណ៍ថា មានអ្នកស្លាប់ប៉ាឡេស្ទីនយ៉ាងតិច៤១៣នាក់ជាការឆ្លើយតបរបស់អ៊ីស្រាអែល បាននឹងកំពុងធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប៕