2024-03-05 07:03
101

ទីក្រុងតៃប៉ិ៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង អំពីកោះតៃវ៉ាន់ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ហើយក៏មិនធ្លាប់បដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើមដែនកោះមួយនេះ យកមកគ្រប់គ្រងវិញនោះដែរ ប៉ុន្ដែស្របពេលមានការគំរាមកំហែង ពីចិន នោះ អាជ្ញាធរក្រុងតៃប៉ិ បានបង្កើនសកម្មភាពសមយុទ្ធបាញ់មីស៊ីល បន្ថែមទៀត។
   ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ ថា លោក ឈីវ គួ-ឆេង (Chiu Kuo-cheng) រដ្ឋមន្រ្ដីក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤  ថា តៃវ៉ាន់ នឹងបង្កើនសកម្មភាពសមយុទ្ធបាញ់មីស៊ីល នៅក្នុងឆ្នាំ២០២៤។ សកម្មភាពយោធារបស់ដែនកោះមួយនេះ បានកើនឡើង នៅចំពោះមុខ នៃការកើនឡើងសម្ពាធយោធា និង ការបង្កើនកញ្ចប់ថវិកាលើវិស័យយោធារបស់ចិន។
   រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់តៃវ៉ាន់ ជាខេត្តមួយរបស់ចិន។ ជាមួយនឹងការអះអាងបែបនេះ ចិន តែងតែបង្កើនសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានទាំងការបញ្ជូនយន្ដហោះចម្បាំង ហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់។
   លោករដ្ឋមន្រ្ដីក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា ក្រសួងការពារជាតិតៃវ៉ាន់ នឹងបង្កើនសកម្មភាពសមយុទ្ធបាញ់មីស៊ីល កាន់តែញឹកញាប់ឡើងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរណាមួយ នៅក្នុងទម្រង់គំរាមកំហែងរបស់សត្រូវ។ 
   សូមរម្លឹក ថា កាលពីពេលកន្លងមក សមយុទ្ធបាញ់មីស៊ីលរបស់តៃវ៉ាន់ តែងតែធ្វើឡើង ក្រោមការរឹតត្បិត ដើម្បីបញ្ចៀស អំពីផលប៉ះពាល់ដល់អាកាសចរណ៍ស៊ីវិល និង ការរស់នៅរបស់ប្រជាជនតៃវ៉ាន់។ ប៉ុន្ដែសព្វថ្ងៃ លោករដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ រូបនេះ ជឿ ថា តៃវ៉ាន់ត្រូវតែពិចារណាលើការពង្រឹងការបណ្ដុះបណ្ដាល និង បង្កើនការធ្វើតេស្ដមីស៊ីល ស្របទៅតាមច្បាប់។
  ការប្រកាសអំពីការបង្កើនសកម្មភាពសមយុទ្ធយោធារបស់លោករដ្ឋមន្រ្ដីក្រសួងការពារជាតិតៃវ៉ាន់ បានកើតឡើង ចំពេលមានសេចក្ដីរាយការណ៍មកថា ចិន នឹងបង្កើនកញ្ចប់ចំណាយលើវិស័យការពារជាតិ រហូតដល់៧,២ភាគរយ នៅក្នុងឆ្នាំ២០២៤៕