2024-02-01 04:02
109

រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរ ចាប់តាំងពីពួកឧត្ដមសេនីយ៍យោធា បានធ្វើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិល ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្ដែឥឡូវ ក្រុមចលនាតស៊ូប្រឆាំងនឹងរបបសឹក បានអះអាង អំពីការការបោះជំហានឆ្ពោះទៅរកជ័យជម្នះ លើរបបយោធា នៅក្នុងប្រទេសអាស៊ានមួយនេះ។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កងកម្លាំងប្រឆាំងនឹងរដ្ឋប្រហារយោធា នៅក្នុងប្រទេសមី           យ៉ាន់ម៉ា បានអះអាង ថា ពួកគេកំពុងតែខិតឆ្ពោះទៅរកជ័យជម្នះ លើពួកឧត្តមសេនីយ៍ ដែលបានដណ្ដើមអំណាច នៅក្នុងអំពើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ ព្រោះតែទទួលបានកម្លាំងខ្លាំងក្លាប្រកបដោយជោគជ័យ សម្រាប់ការវាយលុកទ្រង់ទ្រាយធំ ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ រហូតមក។

លោក ដូវ៉ា ឡាស៊ី ឡា (Duwa Lashi La) ប្រធានាធិបតីស្ដីទី នៃរដ្ឋាភិបាលរួបរួមជាតិ (NUG) ឬ រដ្ឋាភិបាលស្រមោល បានថ្លែងចេញពីទីតាំងមួយ មិនត្រូវបានបង្ហាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតាមវេទិកាអនឡាញមួយ ថា កងកម្លាំងប្រឆាំងនឹងរដ្ឋប្រហារ បានទទួលជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើល ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ១០២៧ កាលពីចុងឆ្នាំ២០២៣ រហូតមក ដោយសម្ពន្ធមិត្ត នៃក្រុមប្រដាប់អាវុធជនជាតិភាគតិច និង ក្រុមអ្នកប្រយុទ្ធតស៊ូ បានបន្ដវាយលុក ទៅលើកងទ័ពរបស់របប         សឹក។

រដ្ឋាភិបាលរួបរួមជាតិ (NUG) ឬ រដ្ឋាភិបាលស្រមោល បានរាប់បញ្ចូលទាំងអ្នកនយោបាយជាប់ឆ្នោត ដែលត្រូវបានបណ្ដេញចេញពីតំណែង នៅក្នុងអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្កើតអ្វីដែលពួកគេហៅថា កងកម្លាំងការពារប្រជាជន (PDF) មកពីជនស៊ីវិល។ ការបង្កើតកម្លាំងប្រដាប់អាវុធ ចេញមកពីជនស៊ីវិលនេះ បានកើតឡើង ក្រោយពេលពួកយោធា បានប្រើប្រាស់កម្លាំងបង្ក្រាបយ៉ាងឃោរឃៅ ប្រឆាំងនឹងការតវ៉ា ដោយសន្តិវិធី ប្រឆាំងនឹងការដណ្តើមអំណាចរបស់ពួកឧត្ដមសេនីយ៍យោធា។

លោកប្រធានាធិបតីស្ដីទី នៃរដ្ឋាភិបាលរួបរួមជាតិបានបន្ថែមថាកងទ័ពរបស់រដ្ឋាភិបាល យោធា កំពុងតែប្រឈមមុខនឹងការរត់ចោលជួរ កាន់តែកើនឡើងច្រើនៗ។ សកម្មភាពបែបនេះ គឺជាការអាម៉ាស់ដ៏ធ្ងន់ធ្ងរ សម្រាប់របបយោធា នៅមីយ៉ាន់ម៉ា ខណៈកងកម្លាំងប្រឆាំងនឹងអំពើរដ្ឋប្រហារ កំពុងតែរីកចម្រើន នៅក្នុងតំបន់ជាច្រើន ហើយបានវាយលុកចូលកាន់កាប់ទីតាំងយោធា និង ទីប្រជុំជនជាច្រើន។ ដោយឡែក លោកឧត្តមសេនីយ៍ ប្រមុខរដ្ឋាភិបាលយោធា កំពុងតែប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីពួកគេបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ោង សានស៊ូជី ដែលបង្កឲ្យមានចលនាប្រឆាំងដ៏ធំ នៅក្នុងប្រទេសនោះមក។ដោយឡែក កងទ័ពរបស់របបយោធា វិញ បានអះអាង ថា «ក្រុមភេរវករ កំពុងតែបញ្ចេញរបាយការណ៍បំភ័ន្ដ អំពីការបាត់បង់យោធា និង ការរត់ចោលជួររបស់កងទ័ពរដ្ឋាភិបាល។ នេះជាព័ត៌មានក្លែងក្លាយ ដោយសារតែពួកគេ មានចេតនាបង្កើតឡើង ដើម្បីបង្ខូចកិត្តិយសរបស់យោធា»។

អំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្ដាលឲ្យជនស៊ីវិល យ៉ាងហោចណាស់ ចំនួន ៤ ៤៦៨នាក់ បាត់បង់ជីវិត ហើយមនុស្សជិត ២ម៉ឺននាក់ផ្សេងទៀត កំពុងតែជាប់ឃុំឃាំង ក្រោមហេតុផលនយោបាយ។ នេះបើយោងតាមក្រុមឃ្លាំមើល នៅក្នុងតំបន់របស់សមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ (AAPP) បានអះអាង។អង្គការសហប្រជាជាតិ និង ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ទៅលើមេទ័ពកំពូលៗ អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមទាំង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងការបង្ក្រាបរបស់ពួកគេ ទៅលើក្រុមប្រឆាំង នឹងអំពើរដ្ឋប្រហារយោធា។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ូលឃើរ ទួក (Volker Turk) បានបញ្ជាក់ ថា វិបត្តិសិទ្ធិមនុស្សរបស់ប្រទេសអាស៊ានមួយនេះ ឥឡូវ ស្ថិតក្នុងការដួលរលំ ខណៈពួកយោធា មានទម្លាប់ ផ្តោតទៅលើជនស៊ីវិល បរិក្ខារពេទ្យ និង សាលារៀន។ រីឯពិភពលោក នៅតែយកចិត្តទុកដាក់ មិនទាន់បានគ្រប់គ្រាន់ ចំពោះស្ថានភាពបែបនេះនៅឡើយ។

លោកប្រធានាធិបតីស្ដីទី នៃរដ្ឋាភិបាលស្រមោល បានបន្ដ ថា «ក្រោយអំពីរដ្ឋប្រហារ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ បដិវត្ដន៍ផ្ការីក គឺខ្លាំងក្លាជាងពេលណាៗទាំងអស់។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងកំពុងតែឈានទៅរកជ័យជម្នះ។ ពួកឧក្រិដ្ឋយោធា នឹងមិនអាចបំបាក់ឆន្ទៈរបស់ប្រជាជនបាននោះឡើយ»៕v