2024-03-21 11:03
84

រដ្ឋធានីហាណូយ៖ បច្ចុប្បន្ន វៀតណាម កំពុងតែស្វែងរកប្រធានាធិបតីទី៣របស់ខ្លួន នៅត្រឹមរយៈពេលជាង១ឆ្នាំបន្ដិចបន្ដួចប៉ុណ្ណោះ ក្រោយពេលគណបក្សកុម្មុយនិស្ដ ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ បានបង្ខំឲ្យលោកប្រធានាធិបតី វ៉ូ វ៉ាន់ ធួង (Vo Van Thuong) ចុះចេញតំណែង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍។

ជាមួយនឹងការវិនិយោគដោយផ្ទាល់ពីបរទេស កំពុងតែកើនឡើងខ្ពស់ជាងផលិតផលក្នុងស្រុកសរុបរបស់វៀតណាម នោះ ស្ថិរភាពរបស់ប្រទេសអាស៊ានមួយនេះ ពិតជាមានសារៈសំខាន់  ចំពោះពហុជាតិសាសន៍ ដែលមានប្រតិបត្តិការធំ នៅក្នុងមជ្ឈមណ្ឌលផលិតកម្មអាស៊ីអាគ្នេយ៍ រួមទាំង ក្រុមហ៊ុន Samsung Electronics ដែលដឹកជញ្ជូនចេញពីវៀតណាម ដោយមានចំនួនពាក់កណ្តាល នៃទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន និង Apple ដែលមានអ្នកផ្គត់ផ្គង់សំខាន់ៗជាច្រើន នៅក្នុងប្រទេស។

ស្ថិរភាព ត្រូវបានធានាអស់ជាច្រើនទសវត្សរ៍ ដោយរដ្ឋ ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយបក្សកុម្មុយនិស្ត ប៉ុន្ដែឥឡូវនេះគេមើលទៅមិនសូវប្រាកដ បើទោះជាអ្នកវិភាគយល់ស្រប ថា ការផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្ន នឹងមិនប៉ះពាល់ដល់គោលនយោបាយសំខាន់ៗរបស់ប្រទេសវៀតណាម យ៉ាងណាក្ដី រួមទាំងការទូត ព្រោះវៀតណាម មានគោលបំណងចង់រក្សាទំនាក់ទំនងល្អ ទាំងជាមួយសហរដ្ឋអាមេរិក និង ចិន នៅក្នុងពេលតែមួយ។


បើតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ថា លោកប្រធានាធិបតី ធួង វ័យ៥៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់បក្ស។
លោកប្រធានាធិបតី ធួង បានលាលែងពីតំណែង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលប៉ូលិស បានប្រកាស អំពីការចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីអំពើពុករលួយរបស់អតីតចៅហ្វាយខេត្តគួង ង៉ៃ (Quang Ngai) ដែលបានធ្វើការងារ ខណៈលោកប្រធានាធិបតី ធួង នៅជាប្រធានបក្សខេត្ត៕