2024-02-16 03:02
104

រដ្ឋធានីវីលនីស (VILNIUS)៖ រហូតមកដល់ពេលនេះ ថ្វីបើរុស្ស៊ី កំពុងតែផុងខ្លួន នៅក្នុងសង្គ្រាម នៅលើទឹកដីអ៊ុយក្រែន ក៏ពិតមែន ប៉ុន្ដែទីភ្នាក់ងារចារកម្មរបស់អេស្ដូនី ដែលជាប្រទេសធ្លាប់ជ្រកក្រោមដំបូលរបស់សហភាពសូវៀត កាលពីអតីតកាលនោះ ក៏បានបញ្ជាក់ អំពីមហិច្ឆតារបស់ក្រុងមូស្គូ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ធ្វើសង្គ្រាម ជាមួយនឹងលោកខាងលិច។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយថា ទីភ្នាក់ងារចារកម្មបរទេសរបស់អេស្ដូនី បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី១៣ ខែកុម្ភៈ)ថា រុស្ស៊ី កំពុងតែត្រៀមខ្លួន សម្រាប់ការប្រឈមមុខខាងយោធា ជាមួយនឹងលោកខាងលិច នៅក្នុងទស្សវត្សរ៍ក្រោយនេះ ហើយអាចត្រូវបានរារាំង ដល់ការប្រឆាំងនឹងការកសាងកងកម្លាំងប្រដាប់អាវុធ។ បច្ចុប្បន្ន ក្រុមមន្រ្ដីលោកខាងលិច កាន់តែមានចំនួនច្រើនឡើង កំពុងតែចេញនូវការព្រមាន ដោយអំពាវនាវដល់បណ្ដាប្រទេសអឺរ៉ុប ត្រូវតែរៀបចំខ្លួនបំពាក់អាវុធជាថ្មី។

ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានបញ្ជាក់ ថា ការវាយតម្លៃនេះ គឺផ្អែកទៅលើផែនការរបស់រុស្ស៊ី នៅក្នុងការបង្កើនចំនួនកម្លាំងទ្វេដង ដែលឈរជើង នៅតាមបណ្តោយព្រំដែនរបស់រុស្ស៊ី ជាប់ជាមួយនឹងបណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូ រួមមាន ហ្វាំងឡង់ដ៍ (Finland) និង បណ្ដារដ្ឋបាល់ទិក មានដូចជា អេស្តូនី ( Estonia), លីទុយអានី (Lithuania) និង ឡាតវី (Latvia) ខណៈប្រទេសបាល់ទិកទាំង៣នេះ សុទ្ធតែធ្លាប់រស់នៅក្រោមឆត្ររបស់សហភាពសូវៀត ដូចរុស្ស៊ី និង អ៊ុយក្រែន ផងដែរ។

លោក គោប៉ូ រ៉ូស៊ីន (Kaupo Rosin) ប្រធានាចារកម្មបរទេសរបស់អេស្ដូនី បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន តាមរយៈការចេញផ្សាយរបាយការណ៍អំពីគំរាមកំហែងដល់សន្ដិសុខជាតិរបស់អេស្ដូនី ថា«រុស្ស៊ី បានជ្រើសរើសផ្លូវមួយ ដែលជាការប្រឈមមុខគ្នាយូរអង្វែង... ហើយវិមានក្រឹមឡាំង ប្រហែលជារំពឹង ថា នឹងមានជម្លោះ អាចកើតមានជាមួយនឹងអង្គការណាតូ នៅក្នុងទសវត្សរ៍ក្រោយ។ រីឯការវាយប្រហារដោយយោធារបស់រុស្ស៊ី គឺទំនងជានឹងមិនកើតឡើង នៅក្នុងរយៈពេលដ៏ខ្លីនេះទេ ព្រោះតែកងទ័ពមួយផ្នែក ត្រូវតែរក្សា នៅក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែន ហើយនឹងនៅតែមិនទំនង ប្រសិនបើការបង្កើនកម្លាំងរបស់រុស្ស៊ី ត្រូវបានផ្គូផ្គង ទៅនឹងទ្វីបអឺរ៉ុប»។

អេស្តូនី និង បណ្ដារដ្ឋ នៅក្នុងតំបន់សមុទ្របាល់ទិកផ្សេងៗទៀត បានបង្កើននូវការចំណាយទៅលើវិស័យយោធារបស់ខ្លួន កើនដល់ដល់ជាង២ភាគរយ នៃតម្លៃសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ ក្រោយពេលរដ្ឋាភិបាលក្រុងមូស្គូ បានដាក់បញ្ចូលឧបទ្វីគ្រីមៀរបស់អ៊ុយក្រែន ចូលជាទឹកដីរបស់រុស្ស៊ី នៅក្នុងឆ្នាំ២០១៤។ ស្របគ្នានេះ បណ្ដាសម្ពន្ធមិត្តរបស់អង្គការណាតូ ក៏បានបង្កើនវត្តមានរបស់ខ្លួន នៅក្នុងប្រទេសទាំងនោះផងដែរ។
ប្រទេសអាល្លឺម៉ង់ គ្រោងនឹងបង្កើនកងទ័ពប្រយុទ្ធ ចំនួន ៤ ៨០០នាក់ នៅក្នុងតំបន់ នៅឆ្នាំ២០២៧ សម្រាប់ដាក់ពង្រាយនៅបរទេសជាអចិន្ត្រៃយ៍ ជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ខណៈប្រធានចារកម្មអេស្ដូនី រូបនេះ បានអះអាង ថា អង្គការណាតូ និង សម្ពន្ធមិត្ត កំពុងតែធ្វើដំណើរ នៅក្នុងទិសដៅត្រឹមត្រូវ សម្រាប់ទប់ទល់ប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី។

លោកប្រធានចារកម្មអេស្ដូនី រូបនេះ បានបន្ថែមថា សមត្ថភាពរបស់រុស្ស៊ី សម្រាប់ការផ្តល់គ្រាប់រំសេវដល់កងទ័ពរបស់ខ្លួន កំពុងតែបន្តលើសពីអ៊ុយក្រែន ហើយប្រសិនបើការគាំទ្ររបស់លោកខាងលិច ត្រូវបានទ្រទ្រង់ ឬកើនឡើងនោះ អ៊ុយក្រែន ទំនងជាមិនអាចផ្លាស់ប្តូរស្ថានភាព នៅលើសមរភូមិបាននោះឡើយ៕