2024-03-15 09:03
92

រាជធានីតូក្យូ៖ នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីថ្ងៃពុធ ទី១៣ ខែមីនា បានសន្យា ថា រដ្ឋាភិបាលក្រុងតូក្យូ នឹងអនុញ្ញាតឲ្យមានការនាំចេញយន្ដហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួន ទៅកាន់តែប្រទេសអភិវឌ្ឍន៍យន្ដហោះរួមគ្នា ក្រោមលក្ខខណ្ឌដ៏តឹងរឹងមួយ ជាមួយនឹងចក្រភពអង់គ្លេស និង អ៊ីតាលី។ នេះបើតាមសារព័ត៌មានរបស់ជប៉ុន The Mainichi បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍។
   លោកនាយករដ្ឋមន្រ្ដី គីស៊ីដា បានបញ្ជាក់ ថា រដ្ឋាភិបាលជប៉ុន នឹងបន្ធូរបន្ថយនូវការរឹតបន្តឹងដ៏តឹងរ៉ឹង លើការនាំចេញគ្រឿងសព្វាវុធ តាមរយៈការអនុម័តរបស់គណៈរដ្ឋមន្ត្រី។ នៅពេលអនាគត ករណីនាំចេញគ្រឿងចម្បាំងនីមួយៗ នឹងទាមទារនូវការអនុម័តពី                   គណៈរដ្ឋមន្ត្រី។ ប៉ុន្ដែនាយករដ្ឋមន្រ្ដីជប៉ុន បានអះអាង ថា យន្ដហោះចម្បាំងជំនាន់ថ្មីរបស់ជប៉ុន នឹងមិនអនុញ្ញាតឲ្យផ្ទេរទៅកាន់ប្រទេសណាមួយ កំពុងតែមានជម្លោះប្រដាប់អាវុធ បាញ់ប្រហារគ្នានោះឡើយ។
  ការធ្វើអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្ដីជប៉ុន បានកើតឡើង ស្របពេលគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់គាត់ មានគោលបំណងយល់ព្រម ជាមួយដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន គឺគណបក្ស Komeito ជុំវិញគោលនយោបាយសន្តិសុខ និង ការប្រុងប្រយ័ត្ន អំពីការនាំចេញគ្រឿងសព្វាវុធ។គណបក្ស Komeito បានទាមទារឱ្យមានការដាក់កំហិតមួយចំនួន លើការនាំចេញអាវុធ ដើម្បីកុំឱ្យប្រទេសជប៉ុន អាចលក់អាវុធទាំងនោះ ដោយមិនមានការរឹតត្បិត។ គណបក្សកាន់អំណាច ទំនងជានឹងឈានដល់កិច្ចព្រមព្រៀងយ៉ាងទូលំទូលាយមួយ លើបញ្ហានេះ នៅចុងសប្តាហ៍នេះ។

   លោក មីណូរូ គីហារ៉ា (Minoru Kihara) រដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ ថា ការពិភាក្សាជាមួយប្រទេសចំនួន២នៅអឺរ៉ុប លើគម្រោងអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នា នៅឆ្នាំ ២០៣៥ ដែលបានប្រកាស កាលពីចុងឆ្នាំ ២០២២ ហើយត្រូវរំពឹងទុក ថា នឹងចាប់ផ្តើម នៅចុងខែមីនា ឆ្នាំ២០២៤នេះ។
  ក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាមនោះ ប្រទេសជប៉ុន បានរក្សាបទប្បញ្ញត្តិដ៏តឹងរ៉ឹងមួយ លើការនាំចេញគ្រឿងសព្វាវុធ ដែលបានអភិវឌ្ឍរួមគ្នា ជាមួយបរទេស នាំចេញទៅកាន់ប្រទេសទី៣៕