2024-05-15 12:05
202

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា ដើម្បីចាប់បង្ខំឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ហើយសកម្មភាពបែបនេះ បានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ចំពេលប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ នឹងឡើងកាន់តំណែង នៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ។ 

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ថា តៃវ៉ាន់ បានរាយការណ៍ ថា កងទ័ពចិន កំពុងតែអនុវត្តនូវការល្បាតត្រៀមប្រយុទ្ធ នៅជិតដែនកោះរបស់ខ្លួន កាលពីថ្ងៃ អង្គារ ទី១៤ ខែឧសភា ដោយរួមទាំងការបញ្ជូនយន្តហោះយោធា ឆ្លងកាត់ខ្សែបន្ទាត់មធ្យមដ៏រសើបរបស់តៃវ៉ាន់ ខណៈភាពតានតឹងកំពុងតែកើនឡើង នៅក្នុងរយៈពេលមួយសប្តាហ៍ នៅមុនពេលប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ នឹងចូលកាន់តំណែង។

នៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ កងទ័ពចិន បានបង្កើនសកម្មភាពរបស់ខ្លួន ជុំវិញកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ។ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកដែនកោះមួយនេះ ជាទឹកដីរបស់ខ្លួន ប៉ុន្ដែរដ្ឋាភិបាលក្រុងតៃប៉ិ តែងតែបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ចិន។ ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងតៃប៉ិ ក៏តែងតែអះអាង ថា មានតែជនជាតិតៃវ៉ាន់ ប៉ុណ្ណោះ ទើបអាចសម្រេចលើជោគវាសនារបស់ខ្លួនបាន។

លោក ឡៃ ឈីង-តេ (Lai Ching-te) ប្រធានាធិបតីជាប់ឆ្នោតរបស់តៃវ៉ាន់ នឹងត្រូវចូលកាន់តំណែង នៅថ្ងៃចន្ទ (ទី២០ ខែឧសភា) សប្តាហ៍ក្រោយ បន្ទាប់ពីគាត់បានឈ្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ កាលពីខែមករា ឆ្នាំ២០២៤។ ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកលោក ឡៃ ថា ជា«អ្នកបំបែកខ្លួនប្រកបដោយគ្រោះថ្នាក់» ហើយចិន បានបដិសេធនូវការចរចាម្តងហើយម្តងទៀត ជាមួយនឹងមេដឹកនាំថ្មីរបស់តៃវ៉ាន់។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ នៅរាជធានីកូផែនហាជេន (Copenhagen) ប្រទេសដាណាម៉ាក កាលពីថ្ងៃអង្គារ (ទី១៤ ខែឧសភា) លោក ឡៃ បានបញ្ជាក់ ថា «ខ្ញុំនឹងការពារស្ថានភាពបច្ចុប្បន្ន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្ដែខ្ញុំនឹងមិនបដិសេធនូវការសន្ទនា ជាមួយប្រទេសមហាយក្សចិន លើគោលការណ៍ នៃផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និង ការគោរពគ្នាទៅវិញទៅមក ដោយគ្មានលក្ខខណ្ឌជាមុន»។

ស្របគ្នានេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា ចាប់តាំងពីវេលាម៉ោង៥ល្ងាច (វេលាក្នុងតំបន់) ថ្ងៃអង្គារ (ទី១៤ ខែឧសភា) តៃវ៉ាន់ បានឃើញយន្ដហោះយោធារបស់ចិន ចំនួន២៣គ្រឿង ដោយរាប់បញ្ចូលទាំងយន្ដហោះចម្បាំង ប្រភេទ Su-30 ជាច្រើនគ្រឿង បានអនុវត្ដនូវការល្បាតរួមគ្នាត្រៀមប្រយុទ្ធ នៅក្នុងការចួលរួមជាមួយនឹងនាវចម្បាំងជាច្រើនគ្រឿង។ នៅក្នុងចំណោមយន្ដហោះចម្បាំងរបស់ចិន ទាំងនោះ មានយន្ដហោះចំនួន១៥គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ ឬ នៅជិតតំបន់នោះ ហើយបានហោះចូលមកក្នុងដែនអាកាស ភាគខាងជើង ភាគកណ្ដាល និង ភាគនិរតី នៃកោះតៃវ៉ាន់។

ខ្សែបន្ទាត់មធ្យម ពីមុនធ្លាប់ធ្វើជាព្រំដែនមិនផ្លូវការ រវាងប្រទេសចិន និង កោះតែវ៉ាន់ ប៉ុន្តែឥឡូវ យន្តហោះយោធាចិន តែងតែឆ្លងកាត់វាជាប្រចាំ។ ប្រទេសចិន អះអាង ថា ក្រុងប៉េកាំង មិនទទួលស្គាល់អត្ថិភាព នៃខ្សែបន្ទាត់នេះឡើយ។ នេះជាលើកទី៣ហើយ យ៉ាងហោចណាស់ក្នុងរយៈពេលមួយខែ ដែលតៃវ៉ាន់ បានរាយការណ៍ អំពី«ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»របស់កងទ័ពចិន៕