2024-06-26 12:06
134

រដ្ឋធានីមូស្គូ៖ ការវាយប្រហាររបស់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ចូលទៅលើទឹកដីរបស់រុស្ស៊ី ដោយការប្រើប្រាស់មីស៊ីលបាញ់ចម្ងាយឆ្ងាយ ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក កំពុងតែធ្វើឲ្យសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយគំរាមកំហែង វាយប្រហារសងសឹក កម្ទេចអាមេរិក។

សារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ថា លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បច្ចុប្បន្ន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី និង ជាមនុស្សជំនិតបំផុតរបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ចេញសារព្រមានយ៉ាងក្ដៅគគុក តាមអនឡាញ ជាមួយនឹងការខឹងសម្បាយ៉ាងខ្លាំង ក្រោយអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធមីស៊ីលតាក់ទិកទាហាន (Army Tactical Missile System) ហៅកាត់ ATACMS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក វាយប្រហារទៅលើឧបទ្វីបគ្រីមៀ (Crimea) ដែលក្រុងមូស្គូ បានរឹបអូសពីក្រុងកៀវ ពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤ ដោយគ្មានការបង្ហូរឈាម។ ការវាយប្រហារនេះ បានសម្លាប់មនុស្សជាច្រើននាក់ និង ជាង១០០នាក់ផ្សេងទៀតរងរបួស។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ ថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់អ៊ុយក្រែន មកលើឧបទ្វីបគ្រីមៀ ដែលបានសម្លាប់មនុស្ស ចំនួន៤នាក់ និង ចំនួន១៥១នាក់ផ្សេងទៀតរងរបួស ព្រោះករណីនេះ ពិតជាពាក់ព័ន្ធនឹងគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក។ អ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ATACMS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ចំនួន៤គ្រាប់ បំពាក់ជាមួយគ្រាប់បែកចង្កោម  វាយប្រហារមកលើឧបទ្វីបគ្រីមៀ ខណៈគ្រាប់ទី៥ ត្រូវបានរុស្ស៊ី បាញ់ទម្លាក់ចោល។

ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែម ថា ការទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយមីស៊ីល មកលើជនស៊ីវិល នៅទីក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) នៃឧបទ្វីបគ្រីមៀ គឺជាចេតនារបស់ក្រុងវ៉ាស៊ីនតោន ទើបផ្គត់ផ្គង់មីស៊ីលទាំងនេះ ទៅដល់ប្រទេសអ៊ុយក្រែន ហើយរបបក្រុងកៀវ ជាអ្នកអនុវត្ដនូវការវាយប្រហារ មកលើទឹកដីគ្រប់គ្រងដោយរុស្ស៊ី។

ស្របគ្នានេះដែរ ក្រុមអ្នកនយោបាយលេចធ្លោជាច្រើនរូបរបស់រុស្ស៊ី បានប្រតិកម្ម ចំពោះឧបទ្ទហេតុនេះ។ រីឯទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ក៏បានរាយការណ៍ ថា លោក ឌីមីទ្រី មេដវេដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខ បានបញ្ចេញសំឡេងយ៉ាងខ្លាំង ប្រឆាំងនឹងលោកខាងលិច ចំពោះសកម្មភាពវាយប្រហារ មកលើប្រទេសរុស្ស៊ី ហើយគាត់បានចាត់ទុកស្ថានភាពនេះ ថា ជាទង្វើដ៏អាក្រក់ និង គួរឱ្យស្អប់ខ្ពើម ប្រឆាំងមកលើប្រជាជនរបស់រុស្ស៊ី។
     
ក្រសួងការពារជាតិរុស្ស៊ី បានប្ដេជ្ញា ថា ក្រុងមូស្គូ នឹងសងសឹក ចំពោះការវាយប្រហារ កាលពីថ្ងៃទី២៣ ខែមិថុនា មកលើឧបទ្វីបគ្រីមៀ។ ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានរាយការណ៍ ថា សហរដ្ឋអាមេរិក បានចាប់ផ្ដើមផ្គត់ផ្គង់មីស៊ីលបាញ់ចម្ងាយឆ្ងាយ ប្រភេទ ATACM ដល់ប្រទេសអ៊ុយក្រែន ដែលអាចវាយប្រហារ នៅក្នុងរង្វង់៣០០គីឡូម៉ែត្រ ចាប់តាំងពីដើមឆ្នាំ២០២៤មក៕