2024-03-22 11:03
67

ទីក្រុងឡេដែន (Leiden)៖ ក្រុមហ៊ុនផលិតយន្ដហោះ Airbus ដែលជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍របស់អឺរ៉ុប មានមូលដ្ឋាន នៅទីក្រុងឡេដែន ប្រទេសហូល្លង់ដ៍ បានយកឈ្នះលើគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុនផលិតយន្ដហោះរបស់សហរដ្ឋអាមេរិក Boeing តាមរយៈការបញ្ជាទិញយន្ដហោះរាប់សិបគ្រឿង មកពីអតិថិជនចំនួន២ប្រទេស នៅអាស៊ី ហើយកិច្ចព្រមព្រៀងនេះ មានទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមហ៊ុន Airbus កាលពីថ្ងៃព្រហស្បតិ៍ បានទទួលការបញ្ជាទិញយន្តហោះថ្មី ចំនួន៦៥គ្រឿង ពីអតិថិជនរបស់ក្រុមហ៊ុន Boeing ចំនួនពីរ នៅអាស៊ី ខណៈក្រុមហ៊ុនជាគូប្រជែងរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងតែមានបញ្ហាផ្នែកគុណភាព បន្ទាប់ពីការផ្ទុះបន្ទះយន្តហោះនៅពាក់កណ្តាលជើងហោះហើរ នៅលើយន្តហោះ Boeing 737 MAX 9។

ការបញ្ជាទិញយន្ដហោះ Airbus ជាច្រើនគ្រឿង មកពីប្រទេសជប៉ុន និង កូរ៉េខាងត្បូង គឺជាការវាយលុកយ៉ាងខ្លាំងទៅលើដល់ក្រុមហ៊ុនផលិតយន្ដហោះរបស់សហរដ្ឋអាមេរិក Boeing ខណៈកំពុងតែតស៊ូជាមួយនឹងវិបត្តិផលិតកម្មដ៏ធំបំផុត ទើបបណ្តាលឱ្យក្រុមហ៊ុនមួយនេះ កំណត់នូវការផលិតយន្តហោះមានតួរាងតូច។ បញ្ហានេះធ្វើឱ្យក្រុមហ៊ុនពិបាក នៅក្នុងការតាមទាន់គូប្រជែងរបស់ខ្លូន នៅតំបន់អឺរ៉ុប។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានបញ្ជាក់ ថា ក្រុមហ៊ុនរបស់ខ្លួន នឹងទិញយន្តហោះ Airbus A350-900 ចំនួន២១គ្រឿង និង យន្ដហោះ Airbus A321neo ដែលជាយន្តហោះមានតួរាងតូច ចំនួន១១គ្រឿង ពីក្រុមហ៊ុន Airbus ។

ការបញ្ជាទិញ ពីក្រុមហ៊ុនអាកាសចរណ៍ធំបំផុតលំដាប់ទី២របស់ប្រទេសជប៉ុន នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Airbus បង្កើនការឈរជើង ជាមួយនឹងគូប្រជែងរបស់ខ្លួន កាន់តែរឹងមាំ។ បើទោះជាយ់ាងណា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមួយនេះ ក៏នឹងបញ្ជាទិញយន្ដហោះ Boeing 787 Dreamliner ចំនួន១០គ្រឿង ផងដែរ។

ស្របគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ក៏បានបញ្ជាក់ ថា ក្រុមហ៊ុន Korean Air នឹងបញ្ជាទិញយន្ដហោះ A350 ចំនួន៣៣គ្រឿង ពីក្រុមហ៊ុនផលិតយន្ដហោះ Airbus នៅក្នុងកិច្ចព្រមព្រៀងមួយ មានទំហំទឹកប្រាក់ ១៣,៧ពាន់លានដុល្លារផងដែរ។ នេះជាការទិញលើកដំបូង សម្រាប់គ្រួសារយន្ដហោះប្រភេទនេះ ព្រោះក្រុមហ៊ុន កំពុងតែរៀបចំរួមបញ្ចូលគ្នា ជាមួយនឹងក្រុមហ៊ុន Asiana Airlines និង ក្រុមហ៊ុនកូរ៉េខាងត្បូងផ្សេងៗទៀត៕