2024-05-01 11:05
29

(បាងកក)៖ ព្រឹត្តប័ត្រព្រះរាជវាំងថៃ ដែលចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា មន្រ្តីការទូតចូលនិវត្តន៍លោក Maris Sangiampongsa ត្រូវបានអនុម័តយល់ព្រម ឱ្យកាន់               តួនាទីជារដ្ឋមន្រ្តីការបរទេសថ្មី ដោយព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។

លោក Maris អាយុ៦៥ឆ្នាំ គឺជាអតីតឯកអគ្គរាជទូតថៃប្រចាំប្រទេសអូស្រ្តាលី និង                     កាណាដា ហើយជាទីប្រឹក្សារបស់ប្រមុខការទូតចាស់ លោក Parnpree Bahiddha-Nukara ដែលបានលាលែងពីតំណែង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីរូបលោកបានបាត់បង់ ឋានៈជាឧបនាយករដ្ឋមន្រ្តី ក្នុងការរុះរើគណៈរដ្ឋមន្រ្តី។

ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសនេះកើតមានឡើង ចំពេលវេលាសំខាន់មួយ គឺខណៈដែលប្រទេសថៃ បាននិងកំពុងបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីព្យាយាមជួយដោះស្រាយ វិបត្តិនៅប្រទេសជិតខាងខ្លួន គឺមីយ៉ាន់ម៉ា ជាទីដែលសង្រ្គាមស៉ីវិលកំពុងកើនឡើងកម្តៅខ្លាំង រវាងរបបសឹក និងសម្ព័ន្ធភាពនៃក្រុមចលនាតស៊ូប្រឆាំងរដ្ឋាភិបាល       យោធា។

គួរបញ្ជាក់ថា កាលពីខែមីនា ថៃបានចាប់ផ្តើមបញ្ជូនជំនួយទៅកាន់មីយ៉ាន់ម៉ា ក្រោមក្របខណ្ឌនៃកិច្ចផ្តួចផ្តើមមនុស្សធម៌មួយ ដែលមានគោលដៅត្រួសត្រាយផ្លូវ ដើម្បីអាចឱ្យមាន ការបើកកិច្ចចរចារវាងភាគីជម្លោះ។ ទីក្រុងបាងកក ក៏បានព្យាយាមជំរុញឱ្យអាស៊ានដើរតួនាទីសកម្មជាងមុនផងដែរ ក្នុងការជួយស្វែងរកដំណោះស្រាយ បន្ទាប់ពីផែនការសន្តិភាពរបស់ខ្លួន នៅតែមិនមានភាពរីកចម្រើន អស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ចាប់តាំងតែពីត្រូវបានប្រកាសឡើងដំបូង៕